ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែអ្នកចម្រៀងខ្លួនក្មេងសំឡេងចាស់ កុមារី អ៊ុក សុវណ្ណារី បានបញ្ចប់ការចចាជាមួយផលិតកម្មថោនដើម្បីចុះកិច្ចសន្យាច្រៀងឲ្យផលិតកម្មមួយនេះ។ ប្រភពថាមិនយូទេនាងនឹងបញ្ចេញបទចម្រៀងថ្មីលើកដំបូងក្រោយពីផុតកិច្ចសន្យាជាមួយទូរទស្សន៍ហង្ស ប៉ុន្មានខែខាងមុខ។
ក្មេងស្រីតូចមានសំឡេងពីរោះនិយមច្រៀងបទចម្រៀងរបស់អ្នកស្រីរស់ សេរីសុទ្ធា គឺកុមារីអ៊ុក សុវណ្ណារី ទទួលបានឡាញ់ពេញចិត្តខ្លាំងណាស់ចំពោះទឹកដមសំឡេងរបស់នាង ថា មានទឹកដមសំឡេងពីរោះពីធម្មជាតិកម្ររកបាន ។ នាងកាន់តែមានឈ្មោះល្បីក្រោយពីបានចូលប្រឡងក្នុងកម្មវិធីThe Voice Kid Cambodia រដូវកាលទី១កាលពីពេលកន្លងទៅ។ មុនពេលឡើងច្រៀងក្នុងកម្មវិធីនេះនាងក៏ធ្លាប់បានចូលច្រៀងនៅតាមកម្មវីធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកជាច្រើន ហើយនាងក៏ជាម្ចាស់ជ័យលាភីលេខ១នៃកម្មវិធីប្រឡងចម្រៀងកុមារ «ទេពកោសល្យកុមារ» របស់ទូរទស្សន៍អ៊ីធីវីកាលពីនាងមានអាយុ១០ឆ្នាំ។ នាងកាន់តែទទួលបានការចាប់អារម្មណ៍ក្រោយពេលលេចប្រតិកម្មពីអ្នកគាំទ្រមួយចំនួនជុំវិញគ្រូបង្វឹកសុគន្ធ នីសាមិនជ្រើសរើសនាងឲ្យចូលទៅដល់វគ្គផ្តាច់ព្រ័ត្រនោះ។ ថ្មីៗនេះនាងត្រូវបានគេទម្លាយថាបានចចាដោយស្ងាត់ៗជាមួយផលិតកម្មថោន ហើយពេលនេះនាងសម្រេចចិត្តជ្រើសរើសយកទ្រនំថោនរួចហើយដែរ។ ប្រភពបន្តថា នាងបានជ្រើសរសើចូលច្រៀងឲ្យផលិតកម្មថោនក្រោយពីផលិតកម្មនេះបានបើកផ្លូវ និងផ្តល់ឱកាសឲ្យនាងជាច្រើន ហើយនាងនឹងចូលច្រៀងជាផ្លូវការក្នុងរយៈពេលដ៏ខ្លីខាងមុខ។ មានការលើកឡើងថា នាងនឹងក្លាយជាគ្រាប់ពេជ្រសម្រាប់ផលិតកម្មនេះនៅថ្ងៃខាងមុខព្រោះតែសមត្ថភាពទេពកោសល្យពីកំណើតរបស់ក្មេងស្រីរូបនេះមានរួចជាស្រេចដែលត្រូវការការហ្វឹកហាត់ខ្លះៗបន្ថែមប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា អ៊ុក សុវណ្ណារី ចេះច្រៀងតាំងពីអាយុ៥ឆ្នាំមកម្ល៉េះ។ នាងមានឪពុកជាមន្ត្រីនគរបាល និងម្តាយជាស្ត្រីមេផ្ទះ ។ សព្វថ្ងៃនាងរៀនថ្នាក់ទី៧ ប៉ុន្តែនាងបានផ្អាករៀនអង់គ្លេសមួយរយៈដោយសារតែខ្វះប្រាក់បង់សាលាឯកជន ៕
ដោយ វឌ្ឍនា