ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតសាន់ដេ លោក អ៊ីណូ បានប្រកាសចេញមុខកាន់តែខ្លាំងលើមុខជំនួញដីធ្លីដែលកំពុងតែមានការពុះកញ្ជ្រោល។ ការប្រកាសចេញមុខនេះធ្វើឡើងក្រោយពីសិល្បករ ពិសេសតារាចម្រៀងលោក ខេមរៈ សិរីមន្ត និងលោកព្រាប សុវត្ថិ បញ្ចេញគម្រោងថ្លៃរាប់លានដុល្លារអាមេរិកនោះ។
ការប្រកាសនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ខែកញ្ញា នេះក្រោមការចូលរួមពីសំណាក់សិល្បករ និងដៃគូមុខជំនួញជាច្រើនរូប។ លោក អ៊ីណូ បញ្ជាក់ថា មូលហេតុដែលលោកសម្រេចចិត្តចូលប្រឡូកក្នុងជំនួញដីធ្លីនេះព្រោះតែវាគឺជាមុខជំនួញដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈដែលតម្រូវការខ្ពស់ ប្រជាពលរដ្ឋកាន់តែច្រើន ផ្សំនឹងឱកាសផង ផ្សំនឹងមានជំនឿចិត្តនឹងម្ចាស់គម្រោងផង ទើបលោកសម្រេចថាចេញរកស៊ីផ្នែកនេះជាលើកដំបូង។ ជាមួយគ្នានេះលោកក៏ចេញមុខបកស្រាយដែរថាជំនួញដីធ្លីនេះគឺលោកជាម្ចាស់ភាគហ៊ុនផ្ទាល់មិនមែនគ្រាន់តែជាការឈរឈ្មោះឲ្យគេដូការលើកឡើងកន្លងមកនោះទេ។ តារារូបនេះបញ្ជាក់ថា គម្រោងដីឡូតិ៍របស់លោកមានឈ្មោះថាគម្រោងដីឡូតិ៍ “អ៊ីណូ-សីហា” ដែលស្ថិតនៅតំបន់ភ្នំបាសិតដែល ជិតផ្លូវ៥១ ជិតគ្នានឹងគម្រោងដីឡូតិ៍លោក ព្រាប សុវត្ថិ ជាប្រភេទដីល្អ ខ្ពស់មិនលិចទឹក ត្រូវបានបើកដំណើរលក់ចាប់ពីថ្ងៃនេះតទៅហើយ។លោកថាដីឡូតិ៍នេះស្ថិតក្នុងទំហំវិនិយោគរាប់សិបម៉ឺនដុល្លារអាមេរិក ដែលនឹងផ្ដល់ឲ្យបងប្អូនប្រជាពលរដ្ឋនូវការវិនិយោគប្រកបដោយទំនុកចិត្តបំផុត។នេះមិនមែនជាលើកទី១ ដែលលោកបានហក់ចូលមកក្នុងទីផ្សារអចលនទ្រព្យ ពោលគឺកាលពីប៉ុន្មានឆ្នាំមុនលោកក៏ធ្លាប់សហការលក់ផ្ទះល្វែងជាមួយសាច់ញាតិម្នាក់ដែរ។ យ៉ាងណានេះជាការវិនិយោគពុះដីឡូតិ៍លក់លើកដំបូងរបស់លោក ក្រោយពីមើលឃើញថា ទីផ្សារផ្នែកនេះកំពុងមានតម្រូវការ និងកំពុងដំណើរការល្អ។
លោក សីហា ដែលជាដៃគូគម្រោងវិនិយោគថ្មីនេះបានមានប្រសាសន៍ថា លោកពិតជាមានសេចក្ដីសោមនស្សរីករាយ ចំពោះសមិទ្ធផលនៅថ្ងៃនេះ ក្រោមការចូលរួមរបស់ម្ចាស់ភាគហ៊ុនទាំងអស់។ លោក ថ្លែងថា លោកចង់អរគុណដល់ម្ចាស់ភាគហ៊ុនទាំងអស់ មានលោក អ៊ីណូ និងម្ចាស់ភាគហ៊ុនផ្សេងទៀត ដែលបានមកចូលរួមជាមួយគ្នាធ្វើកិច្ចការនេះ ដែលធ្វើឲ្យទុនវិនិយោគរបស់យើងកាន់តែមានទំហំធំ។ លទ្ធភាពនេះ ពិតណាស់យើងមានគម្រោងធំៗបន្ទាប់ពីនេះច្រើនទៀត។ លោកបញ្ជក់ថាកន្លងមកបានលក់បញ្ចប់គម្រោងចំនួន៨រួចមកហើយ មុនបន្តចាប់ដៃជាមួយតារាចម្រៀង អ៊ីណូ និងម្ចាស់ភាគហ៊ុនសំខាន់ៗ វិនិយោគគម្រោងទី៩នៅថ្ងៃនេះ។ លោកថា ចំពោះកិច្ចការជាមួយតារាចម្រៀងសាន់ដេ ម្ចាស់គម្រោងដដែល បញ្ជាក់ថា នេះជាផែនការពង្រីកទីផ្សារ៕
ដោយ វឌ្ឍនា