ព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងនៅលើពិភពលោក ក្នុងសប្តាហ៍នេះ

ចែករំលែក៖

នៅក្នុងសប្តាហ៍នេះមានព្រឹត្តិការណ៍ នយោបាយ សន្តិសុខ…សំខាន់ៗជាច្រើនដែលបានកើតឡើងនៅជុំវិញពិភពលោក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយនានា ទូទាំងពិភពលោក ។   

      ក្នុងចំណោមព្រឹត្តិការណ៍ធំៗ ដូចជា​ ដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងទទួលបានជោគជ័យ របស់ប្រធានាធិបតិកូរ៉េខាងត្បូង ។ 

     ស៊ីរីបាញ់ច្រឡំយន្តហោះរុស្ស៊ី , លោកពូទីនមិនលើកទូរស័ព្ទ ប្រធានាធិបតីស៊ីរី និងការទទួលមរណៈភាពរបស់ប្រធានាធិបតីវៀតណាម …ជាដើម ។

ខាងក្រោមនេះជាព្រឹត្តិការធំៗលើពិភពលោក​៖

ប្រធានាធិបតីពូទីន ខឹងសម្បា មិននិយាយទូរស័ព្ទជាមួយប្រធានាធិបតីស៊ីរីអាលអាសាដ

ក្រោយការបាញ់ទម្លាក់យន្តហោះរុស្ស៊ី​​ Ilyushin-20 បានធ្វើឲ្យទំនាក់ទំនងរវាងរុស្ស៊ី និងស៊ីរី ប្រឈមនិងការបែកបាក់ឬ?​ ក្រោយពេលមានព័ត៌មាន ប្រធានាធិបតីពូទីន មិនឆ្លើយតបទូរស័ព្ទ របស់ប្រធានាធិបតី អាល អាសាដ ក្នុងការបកស្រាយពី សកម្មភាពយន្តហោះរុស្ស៊ីជួបគ្រោះថ្នាក់ជាមនុស្ស ១៤នាក់នៅលើយន្តហោះ។

កន្លងមកលោកពូទីន បានលើកឡើងថា «មិនចាំបាច់មានការបកស្រាយណាមួយបន្ថែមទៀតឡើយជុំវិញករណីគ្រោះថ្នាក់យន្តហោះខាងលើ នោះឡើយ ដោយលោកពូទីនបញ្ជាក់ថា​ជាលទ្ធផលនៃរឿងអាក្រក់ដែលបានកើតឡើងដោយចៃដន្យតែប៉ុណ្ណោះ។

ក្នុងពេលជាមួយគ្នានោះអីស្រាអែល បានចោទប្រកាន់ស៊ីរី អីរ៉ង់ និងក្រុម ហេប៊ូឡាស់ ជាអ្នកបង្ករឲ្យមានហេតុការណ៍អាក្រក់ខាងលើ​។​ ប្រធានាធិបតីពូទីន​ក៏បានជួបពិភាក្សា តាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអីស្រាអែល លោកណេតានយ៉ាហូ ផងដែរ។

កន្លងសារព័ត៌មានអីស្រាអែល បានផ្សាយថា ប្រធានាធិបតីពូទីន បដិសេធនិយាយជាមួយ​លោកអាលអាសាដ ដោយសារតែលោកពូទីនមិនពេញចិត្តនិងការអនុញ្ញាឲ្យ អីរ៉ង់នៅក្នុងប្រទេសស៊ីរី ។

កូរ៉េទាំងពីរ កំពុងឆ្ពោះទៅរកការផ្សះផ្សាជាតិសាសន៍

នៅក្នុងដំណើរទស្សនកិច្ច ប្រកបដោយជោគជ័យ រយៈពេល​៣ថ្ងៃនៅកូរ៉េខាងជើង ចាប់ពីថ្ងៃទី​១៨ខែកញ្ញាដល់ថ្ងៃទី​២០ខែកញ្ញា របស់ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេអីន គឺជាការបើកទំព័រថ្មីនៅក្នុងទំនាក់ទំនង កូរ៉េបងប្អូន ដែលមានអក្សសាស្ត្រ ភាសាសាស្ត្រ ទំនៀមទម្លាប់ វិប្បធម៌ ប្រពៃណីដូចគ្នា ។

នៅក្នុងដំណើរទស្សនកិច្ច កន្លងមក មេដឹកនាំទាំងពីរបានព្រមព្រៀង បង្កើនទំនាក់ទំនង និងរំសាយអាវុធប្រមាណូ  ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ។

ជាមួយនិងភាពជោគជ័យនោះ មេដឹកនាំកូរ៉េខាងជើង ក៏ចង់បន្ត​ពន្លឿន ការរំសាយអាវុធបរមាណូ ដើម្បីផ្តោតទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចវិញ ។

 ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចង់ឲ្យមានការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងឲ្យបានឆាប់រហ័ស ហើយនិងចង់ឲ្យមានជំនួបលើកទី២ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោកបាននិយាយថា គោលដៅសំខាន់ គឺត្រូវតែរំសាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសកូរ៉េខាងជើងនៅឆ្នាំ២០២១ខាងមុខ។ លោក មូន បាននិយាយថា លោក គីម ជុងអ៊ុន បានបង្ហាញពីគោលបំណងរបស់លោកថា លោកចង់បញ្ចប់ការរំសាយអាវុធនុយក្លេអ៊ែរ ឲ្យបានឆាប់រហ័ស និងងាកមកផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនវិញ៕

ប្រទេស​ចិន និងរុស្ស៊ី​មានឥទ្ធិពល​គ្រប់គ្រាន់ ដើម្បីទប់ទល់​នឹងចង្កូមរបស់​អាមេរិក!

សហរដ្ឋអាមេរិក​កំពុងតែបញ្ចេញ​ចង្កូមរបស់ខ្លួនកាន់តែខ្លាំង តាមរយៈការ​ដាក់ទណ្ឌកម្ម​គ្រប់យ៉ាង ជាពិសេសគឺទណ្ឌកម្មសេដ្ឋកិច្ច​ដ៏ពេញនិយម ទៅលើប្រទេស​មិនរើសមុខនោះឡើយ​ឲ្យតែខ្លួនគិតថា ប្រទេសទាំងនោះ​បាននិងកំពុងបំផ្លាញ​ផល​ប្រយោជន៍របស់ខ្លួន តួយ៉ាងដូចជាអ្វីដែលបាន​កើតមានលើរុស្ស៊ី និងចិន​​នេះឯង។

កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ រដ្ឋបាលប្រធានាធិបតី​​អាមេរិក ដូណាល់ ត្រាំ បានសម្រេចចិត្ត​​ដាក់ទណ្ឌកម្មលើ​​យោធាចិន ជុំវិញការទិញ​យន្ដហោះ​ចម្បាំង Su-35 និងប្រព័ន្ធមីស៊ីល​​ការពារដែន​អាកាស S-400 ពីរុស្ស៊ី​ដោយលើក​​ហេតុផលថា ទង្វើនេះ​រំលោភ​បំពាន​​​លើ​ច្បាប់​ដាក់​ទណ្ឌ​កម្ម ប្រឆាំងនឹង​ទីក្រុងម៉ូស្គូ​​សម្រាប់ការ​លូកដៃចូលក្នុង​កិច្ចការបោះឆ្នោត​​អាមេរិក​ កាលពី​ឆ្នាំ២០១៦។

ជុំវិញបញ្ហាខាងលើនេះ អ្នកជំនាញជាន់ខ្ពស់​មួយរូបនៃវិទ្យាស្ថាន Chongyang របស់សាកល​​វិទ្យាល័យ Renmin របស់ប្រទេស​ចិនឈ្មោះ John Ross បានបញ្ជាក់​ប្រាប់វិទ្យុមួយរបស់​រុស្ស៊ីថា ប្រទេសចិន និងរុស្ស៊ីគ្មាន​ថ្ងៃទទួល​យកនូវការ​ដាក់​ទណ្ឌកម្ម ពីសហរដ្ឋអាមេរិក​​​​បែប​នោះឡើយ។ អ្នកជំនាញ​ខាងលើ​បានសង្កត់ធ្ងន់​យ៉ាងដូច្នេះថា «ការដាក់ទណ្ឌកម្ម​ដោយឥតប្រយ័ត្ន​ប្រយែង​របស់​សហរដ្ឋអាមេរិក មិនអាចយក​ឈ្នះនរណា​បានឡើយ ទោះជារយៈពេល​យូរយ៉ាងណាក៏ដោយ»។

អាមេរិក កំពុងតែបង្ក​បញ្ហាយ៉ាងខ្លាំង​​នៅសមុទ្រ​ចិនខាងត្បូង

ឯកអគ្គរដ្ឋទូតចិន​ប្រចាំចក្រភព​អង់គ្លេស លោក លីវ ហ្សាវមីង (Liu Xiaoming) បានលើកឡើងថា ប្រទេសធំៗមួយចំនួន​នៅក្រៅតំបន់​កំពុងតែ​បង្ករឿង​តែខ្លាំងតាម​រយៈការបញ្ជូននាវា និងយន្តហោះចម្បាំង​ទៅកាន់សមុទ្រចិន​ខាងត្បូង ដោយ​ប្រទេសធំ​មានអំណាចនោះ គឺ​គ្មាន​នរណា​​ក្រៅ​​​តែ​ពី​សហរដ្ឋ​អាមេរិក​​ឡើយ។

ថ្លែងក្នុង​វេទិកា ស្តាប់មតិយោបល់​នៃអគ្គរដ្ឋទូតនានានៅអង់គ្លេស (Commonwealth Diplomats Induction Program) លោក Liu បានគូសបញ្ជាក់ថា ប្រទេសពាក់ព័ន្ធ​ក្នុងតំបន់​បាន​ខិតខំ​ប្រឹង​ប្រែង​ជាខ្លាំង ដើម្បីរិះរកដំណោះ​ស្រាយ​ចំពោះ​ភាពតានតឹង នៅតំបន់សមុទ្រចិន​ខាងត្បូងដោយ​ខ្លួនឯង ប៉ុន្តែទន្ទឹមនឹង​នេះ​ប្រទេសធំៗ​មួយចំនួន ដែលនៅក្រៅតំបន់​ឯណោះសោះ ហាក់ដូចជា​មិនពេញចិត្តចំពោះ​សុខសន្តិភាព​ នៅសមុទ្រចិន​ខាងត្បូងឡើយ ដោយ​ពួកគេ​បាន​បញ្ជូននាវាក៏ដូចជានាវា​ចម្បាំង​ពីចម្ងាយ មកកាន់​តំបន់នេះ​ដើម្បីបង្កបញ្ហា។

ក្នុងឱកាសនៃ​កម្មវិធីខាងលើ លោកឯកអគ្គរដ្ឋទូតចិន​បានរំលេចឡើង​នូវកិច្ច​ខិតខំប្រឹងប្រែង​​​រវាងចិន និងប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដើម្បី​ដោះស្រាយបញ្ហា​វិវាទក្នុង​តំបន់។ ប្រទេសទាំង​អស់ចំនួន ០៦ ​ក្នុងនោះមាន​សមាជិកអាស៊ាន​ចំនួន ០៣ រួមមាន​ចិន តៃវ៉ាន់ វៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី បានប្រកាស​ទាមទារចំណែក​រៀងៗខ្លួន​ នៅតំបន់សមុទ្រចិនខាងត្បូង ដោយចិនមាន​ការទាមទារធំ​ជាងគេ​។

ស្លាប់ដោយលិចសាឡាងកើនឡើងដល់ ១៣៦នាក់​នៅ​Tanzaia

ចំនួនអ្នកស្លាប់ដោយលិចសាឡាង​នៅប្រទេស​ Tanzania កើនឡើងដល់ទៅ​១៣៦នាក់ហើយ នឹងនៅមានអ្នកបាត់ខ្លួនជាច្រើនទៀត ។

កម្លំាងជួយសង្គ្រោះ​​​Tanzania ​បានប្រកាសឲ្យដឹងថា កម្លាំងជួយសង្គ្រោះ​ស្រងបានសាកសព អ្នកដំណើរ ១៣៦នាក់ នៅក្នុងហេតុការលិចសាឡាង នៅទន្លេរ Victoria ប៉ុន្តែនៅមានមនុស្សជាច្រើនទៀត បាត់ខ្លួននៅឡើយ។ តួលេខពិតប្រាកដនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយក្រុមអ្នកជួយសង្គញរោះកំពុងតែបន្តខិតខំយ៉ាងសកម្ម បំផុត ។ សាឡាងដឹកអ្នកដំណើរខាងលើ មានអ្នកដមណើរប្រមាណ​៣០០នាក់​ពេលជួបគ្រោះថ្នាក់។

ប្រធានាធិបតី Tanzania លោក​John Magufuli ​បានប្រកាសកាន់ទុក ទូទាំងប្រទេសរយៈពេល​៤ថ្ងៃ  ហើយសន្យាថានឹងបើកការស្រាវជ្រាវឲ្យបានច្បាស់ពីករណីគ្រោះថ្នាក់នេះ។ តាមការស្រាវជ្រវជាបឋម សាឡាដឹកអ្នកដំណើរនិងទំនិញលើសកំណត់​។ ក្រុមជួយសង្គ្រោះបានបញ្ជូនក្រុមជំនាញមុជទឹកបន្ថែមទៀត ទៅជួយស្វែងរកអ្នកដែលបាត់ខ្លួន។

 គ្រោះធម្មជាតិបាក់ដី​នៅភាគកណ្តាល​ហ្វីលីពីន «ផ្តាច់ជីវិត​មនុស្សកើន​ដល់២២នាក់»

ចំនួនមនុស្សស្លាប់ដោយបំណាក់ដី​ នៅទីក្រុង ណាហ្គា (Naga) ភាគកណ្តាលប្រទេស​ហ្វីលីពីន​បានកើនដល់ ២២នាក់។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។

គិតត្រឹមពាក់​កណ្តាលយប់មិញនេះ សាកសព​មនុស្ស ២២នាក់ ត្រូវក្រុមសង្រ្គោះ​ទាញយកបានពីក្រោម​​គំនរដី ខណៈមនុស្ស ០៩នាក់​ ដែលនៅរស់រាន​មានជីវិត ក៏ត្រូវបានជួយ​សង្រ្គោះផងដែរ បន្ទាប់ពីគ្រោះរអិល​បាក់ដីដ៏អាក្រក់នេះ បានកើតមានឡើង​កាលពី​ព្រឹកថ្ងៃ​​ព្រហស្បតិ៍​សប្តាហ៍នេះ​ ដែលបានសង្កត់​ទៅលើផ្ទះសម្បែង​​ជាង ៥០ខ្នង។

គួរជម្រាបថា បើតាមអាជ្ញាធរ​ហ្វីលីពីន គ្រោះរអិល​បាក់ដីនេះ​បានបង្កឡើង​ដោយសារតែការធ្លាក់​ភ្លៀងខ្លាំងឥត​ឈប់ឈរ។ ទន្ទឹម​នឹង​នេះ នៅភាគខាងជើង​ហ្វីលីពីន ក្រុមសង្រ្គោះ​ក៏កំពុងតែបន្តរុករក​សាកសពមនុស្ស ដែលកប់នៅ​ក្រោម​បំណាក់ដី ដែលបង្កឡើង​​ដោយ​​ព្យុះទីហ្វុង Mangkhut កាលពីចុង​សប្តាហ៍មុន ដែលបានផ្តាច់​យកជីវិតមនុស្ស ​៨៨នាក់ និងបាត់ខ្លួន​រាប់សិប​នាក់ផងដែរ៕

ប្រធានាធិបតីវៀតណាម Tran Dai Quang ទទួលមរណភាព

ប្រធានាធិបតីវៀតណាម លោក Tran Dai Quang កើតនៅឆ្នាំ១៩៥៦ បានស្លាប់ នៅវេលាម៉ោង១០និង ៥នាទី ព្រឹកថ្ងៃទី២១ ខែកញ្ញា នៅក្នុងមន្ទីរពេទ្យយោធា១០៨ ក្នុងរដ្ឋធានីហាណូយ។

ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា ប្រធានាធិបតី មានជំងឺ​ពិបាកព្យាបាល បើទោះបីក្រុមវេជ្ជបណ្ឌិត  ទាំងក្នុង និងក្រៅប្រទេស បានខិតខំ ក៏មិនអាចជួយសង្គ្រោះលោកបានឡើយ។ ប្រធានាធិបតីTran Dai Quang កើតនៅឆ្នាំ១៩៥៦ នៅឃុំ  Quang Thien ស្រុក Kim Son ខេត្ត Ninh Binh ។ លោក​ជាសមាជិកគណអចិន្ត្រៃមជ្ឈឹមបក្ស អាណត្តិ X,XI,XII និងជាសមាជិកក្រសួងនយោបាយមជ្ឈឹម អាណត្តិទីXI និងXII ។

លោក Tran Dai Quang បានបញ្ជាប់ការសិក្សានៅក្នុងសាលាប៉ូលិសប្រជាជនមជ្ឈឹម និង សាលា​ឧត្តមសិស្សា ភាសាបរទេស នៃ(ក្រសួង ប៉ូលិស) ដោយមានបំពេញការងាជាច្រើនឆ្នាំនៅក្នុងវិស័យប៉ូលិស។

នៅឆ្នាំ ២០០៦ដល់ឆ្នាំ២០១១ លោកជារដ្ឋលេខាធិការក្រសួងប៉ូលិស។ ចាប់តាំងពីខែសីហា ឆ្នាំ២០១១ ដល់ខែមីនា ឆ្នាំ២០១៦ លោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងប៉ូលិស និងជាសមាជិកសភា អាណត្តិទី១៣ ។ លោកជាប្រធានគណកម្មធិការជាតិមជ្ឈឹម ស្តីពីការប្រឆាំងអំពើ​ពុករលួយ។

ចាប់តាំងពី​ខែមេសា ឆ្នាំ២០១៦ មកទល់ពេលនេះ លោកកាន់តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print