នៅក្នុងសប្តាហ៍នេះមានព្រឹត្តិការណ៍ នយោបាយ សន្តិសុខ…សំខាន់ៗជាច្រើនដែលបានកើតឡើងនៅជុំវិញពិភពលោក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយនានា ទូទាំងពិភពលោក ។
ក្នុងចំណោមព្រឹត្តិការណ៍ធំៗ ដូចជា ដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងទទួលបានជោគជ័យ របស់ប្រធានាធិបតិកូរ៉េខាងត្បូង ។
ស៊ីរីបាញ់ច្រឡំយន្តហោះរុស្ស៊ី , លោកពូទីនមិនលើកទូរស័ព្ទ ប្រធានាធិបតីស៊ីរី និងការទទួលមរណៈភាពរបស់ប្រធានាធិបតីវៀតណាម …ជាដើម ។
ខាងក្រោមនេះជាព្រឹត្តិការធំៗលើពិភពលោក៖
ប្រធានាធិបតីពូទីន ខឹងសម្បា មិននិយាយទូរស័ព្ទជាមួយប្រធានាធិបតីស៊ីរីអាលអាសាដ
ក្រោយការបាញ់ទម្លាក់យន្តហោះរុស្ស៊ី Ilyushin-20 បានធ្វើឲ្យទំនាក់ទំនងរវាងរុស្ស៊ី និងស៊ីរី ប្រឈមនិងការបែកបាក់ឬ? ក្រោយពេលមានព័ត៌មាន ប្រធានាធិបតីពូទីន មិនឆ្លើយតបទូរស័ព្ទ របស់ប្រធានាធិបតី អាល អាសាដ ក្នុងការបកស្រាយពី សកម្មភាពយន្តហោះរុស្ស៊ីជួបគ្រោះថ្នាក់ជាមនុស្ស ១៤នាក់នៅលើយន្តហោះ។
កន្លងមកលោកពូទីន បានលើកឡើងថា «មិនចាំបាច់មានការបកស្រាយណាមួយបន្ថែមទៀតឡើយជុំវិញករណីគ្រោះថ្នាក់យន្តហោះខាងលើ នោះឡើយ ដោយលោកពូទីនបញ្ជាក់ថាជាលទ្ធផលនៃរឿងអាក្រក់ដែលបានកើតឡើងដោយចៃដន្យតែប៉ុណ្ណោះ។
ក្នុងពេលជាមួយគ្នានោះអីស្រាអែល បានចោទប្រកាន់ស៊ីរី អីរ៉ង់ និងក្រុម ហេប៊ូឡាស់ ជាអ្នកបង្ករឲ្យមានហេតុការណ៍អាក្រក់ខាងលើ។ ប្រធានាធិបតីពូទីនក៏បានជួបពិភាក្សា តាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអីស្រាអែល លោកណេតានយ៉ាហូ ផងដែរ។
កន្លងសារព័ត៌មានអីស្រាអែល បានផ្សាយថា ប្រធានាធិបតីពូទីន បដិសេធនិយាយជាមួយលោកអាលអាសាដ ដោយសារតែលោកពូទីនមិនពេញចិត្តនិងការអនុញ្ញាឲ្យ អីរ៉ង់នៅក្នុងប្រទេសស៊ីរី ។
កូរ៉េទាំងពីរ កំពុងឆ្ពោះទៅរកការផ្សះផ្សាជាតិសាសន៍
នៅក្នុងដំណើរទស្សនកិច្ច ប្រកបដោយជោគជ័យ រយៈពេល៣ថ្ងៃនៅកូរ៉េខាងជើង ចាប់ពីថ្ងៃទី១៨ខែកញ្ញាដល់ថ្ងៃទី២០ខែកញ្ញា របស់ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេអីន គឺជាការបើកទំព័រថ្មីនៅក្នុងទំនាក់ទំនង កូរ៉េបងប្អូន ដែលមានអក្សសាស្ត្រ ភាសាសាស្ត្រ ទំនៀមទម្លាប់ វិប្បធម៌ ប្រពៃណីដូចគ្នា ។
នៅក្នុងដំណើរទស្សនកិច្ច កន្លងមក មេដឹកនាំទាំងពីរបានព្រមព្រៀង បង្កើនទំនាក់ទំនង និងរំសាយអាវុធប្រមាណូ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ។
ជាមួយនិងភាពជោគជ័យនោះ មេដឹកនាំកូរ៉េខាងជើង ក៏ចង់បន្តពន្លឿន ការរំសាយអាវុធបរមាណូ ដើម្បីផ្តោតទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចវិញ ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចង់ឲ្យមានការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងឲ្យបានឆាប់រហ័ស ហើយនិងចង់ឲ្យមានជំនួបលើកទី២ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោកបាននិយាយថា គោលដៅសំខាន់ គឺត្រូវតែរំសាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសកូរ៉េខាងជើងនៅឆ្នាំ២០២១ខាងមុខ។ លោក មូន បាននិយាយថា លោក គីម ជុងអ៊ុន បានបង្ហាញពីគោលបំណងរបស់លោកថា លោកចង់បញ្ចប់ការរំសាយអាវុធនុយក្លេអ៊ែរ ឲ្យបានឆាប់រហ័ស និងងាកមកផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនវិញ៕
ប្រទេសចិន និងរុស្ស៊ីមានឥទ្ធិពលគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងចង្កូមរបស់អាមេរិក!
សហរដ្ឋអាមេរិកកំពុងតែបញ្ចេញចង្កូមរបស់ខ្លួនកាន់តែខ្លាំង តាមរយៈការដាក់ទណ្ឌកម្មគ្រប់យ៉ាង ជាពិសេសគឺទណ្ឌកម្មសេដ្ឋកិច្ចដ៏ពេញនិយម ទៅលើប្រទេសមិនរើសមុខនោះឡើយឲ្យតែខ្លួនគិតថា ប្រទេសទាំងនោះបាននិងកំពុងបំផ្លាញផលប្រយោជន៍របស់ខ្លួន តួយ៉ាងដូចជាអ្វីដែលបានកើតមានលើរុស្ស៊ី និងចិននេះឯង។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចចិត្តដាក់ទណ្ឌកម្មលើយោធាចិន ជុំវិញការទិញយន្ដហោះចម្បាំង Su-35 និងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីដោយលើកហេតុផលថា ទង្វើនេះរំលោភបំពានលើច្បាប់ដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងម៉ូស្គូសម្រាប់ការលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦។
ជុំវិញបញ្ហាខាងលើនេះ អ្នកជំនាញជាន់ខ្ពស់មួយរូបនៃវិទ្យាស្ថាន Chongyang របស់សាកលវិទ្យាល័យ Renmin របស់ប្រទេសចិនឈ្មោះ John Ross បានបញ្ជាក់ប្រាប់វិទ្យុមួយរបស់រុស្ស៊ីថា ប្រទេសចិន និងរុស្ស៊ីគ្មានថ្ងៃទទួលយកនូវការដាក់ទណ្ឌកម្ម ពីសហរដ្ឋអាមេរិកបែបនោះឡើយ។ អ្នកជំនាញខាងលើបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការដាក់ទណ្ឌកម្មដោយឥតប្រយ័ត្នប្រយែងរបស់សហរដ្ឋអាមេរិក មិនអាចយកឈ្នះនរណាបានឡើយ ទោះជារយៈពេលយូរយ៉ាងណាក៏ដោយ»។
អាមេរិក កំពុងតែបង្កបញ្ហាយ៉ាងខ្លាំងនៅសមុទ្រចិនខាងត្បូង
ឯកអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេស លោក លីវ ហ្សាវមីង (Liu Xiaoming) បានលើកឡើងថា ប្រទេសធំៗមួយចំនួននៅក្រៅតំបន់កំពុងតែបង្ករឿងតែខ្លាំងតាមរយៈការបញ្ជូននាវា និងយន្តហោះចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង ដោយប្រទេសធំមានអំណាចនោះ គឺគ្មាននរណាក្រៅតែពីសហរដ្ឋអាមេរិកឡើយ។
ថ្លែងក្នុងវេទិកា ស្តាប់មតិយោបល់នៃអគ្គរដ្ឋទូតនានានៅអង់គ្លេស (Commonwealth Diplomats Induction Program) លោក Liu បានគូសបញ្ជាក់ថា ប្រទេសពាក់ព័ន្ធក្នុងតំបន់បានខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីរិះរកដំណោះស្រាយចំពោះភាពតានតឹង នៅតំបន់សមុទ្រចិនខាងត្បូងដោយខ្លួនឯង ប៉ុន្តែទន្ទឹមនឹងនេះប្រទេសធំៗមួយចំនួន ដែលនៅក្រៅតំបន់ឯណោះសោះ ហាក់ដូចជាមិនពេញចិត្តចំពោះសុខសន្តិភាព នៅសមុទ្រចិនខាងត្បូងឡើយ ដោយពួកគេបានបញ្ជូននាវាក៏ដូចជានាវាចម្បាំងពីចម្ងាយ មកកាន់តំបន់នេះដើម្បីបង្កបញ្ហា។
ក្នុងឱកាសនៃកម្មវិធីខាងលើ លោកឯកអគ្គរដ្ឋទូតចិនបានរំលេចឡើងនូវកិច្ចខិតខំប្រឹងប្រែងរវាងចិន និងប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីដោះស្រាយបញ្ហាវិវាទក្នុងតំបន់។ ប្រទេសទាំងអស់ចំនួន ០៦ ក្នុងនោះមានសមាជិកអាស៊ានចំនួន ០៣ រួមមានចិន តៃវ៉ាន់ វៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី បានប្រកាសទាមទារចំណែករៀងៗខ្លួន នៅតំបន់សមុទ្រចិនខាងត្បូង ដោយចិនមានការទាមទារធំជាងគេ។
ស្លាប់ដោយលិចសាឡាងកើនឡើងដល់ ១៣៦នាក់នៅTanzaia
ចំនួនអ្នកស្លាប់ដោយលិចសាឡាងនៅប្រទេស Tanzania កើនឡើងដល់ទៅ១៣៦នាក់ហើយ នឹងនៅមានអ្នកបាត់ខ្លួនជាច្រើនទៀត ។
កម្លំាងជួយសង្គ្រោះTanzania បានប្រកាសឲ្យដឹងថា កម្លាំងជួយសង្គ្រោះស្រងបានសាកសព អ្នកដំណើរ ១៣៦នាក់ នៅក្នុងហេតុការលិចសាឡាង នៅទន្លេរ Victoria ប៉ុន្តែនៅមានមនុស្សជាច្រើនទៀត បាត់ខ្លួននៅឡើយ។ តួលេខពិតប្រាកដនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយក្រុមអ្នកជួយសង្គញរោះកំពុងតែបន្តខិតខំយ៉ាងសកម្ម បំផុត ។ សាឡាងដឹកអ្នកដំណើរខាងលើ មានអ្នកដមណើរប្រមាណ៣០០នាក់ពេលជួបគ្រោះថ្នាក់។
ប្រធានាធិបតី Tanzania លោកJohn Magufuli បានប្រកាសកាន់ទុក ទូទាំងប្រទេសរយៈពេល៤ថ្ងៃ ហើយសន្យាថានឹងបើកការស្រាវជ្រាវឲ្យបានច្បាស់ពីករណីគ្រោះថ្នាក់នេះ។ តាមការស្រាវជ្រវជាបឋម សាឡាដឹកអ្នកដំណើរនិងទំនិញលើសកំណត់។ ក្រុមជួយសង្គ្រោះបានបញ្ជូនក្រុមជំនាញមុជទឹកបន្ថែមទៀត ទៅជួយស្វែងរកអ្នកដែលបាត់ខ្លួន។
គ្រោះធម្មជាតិបាក់ដីនៅភាគកណ្តាលហ្វីលីពីន «ផ្តាច់ជីវិតមនុស្សកើនដល់២២នាក់»
ចំនួនមនុស្សស្លាប់ដោយបំណាក់ដី នៅទីក្រុង ណាហ្គា (Naga) ភាគកណ្តាលប្រទេសហ្វីលីពីនបានកើនដល់ ២២នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។
គិតត្រឹមពាក់កណ្តាលយប់មិញនេះ សាកសពមនុស្ស ២២នាក់ ត្រូវក្រុមសង្រ្គោះទាញយកបានពីក្រោមគំនរដី ខណៈមនុស្ស ០៩នាក់ ដែលនៅរស់រានមានជីវិត ក៏ត្រូវបានជួយសង្រ្គោះផងដែរ បន្ទាប់ពីគ្រោះរអិលបាក់ដីដ៏អាក្រក់នេះ បានកើតមានឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលបានសង្កត់ទៅលើផ្ទះសម្បែងជាង ៥០ខ្នង។
គួរជម្រាបថា បើតាមអាជ្ញាធរហ្វីលីពីន គ្រោះរអិលបាក់ដីនេះបានបង្កឡើងដោយសារតែការធ្លាក់ភ្លៀងខ្លាំងឥតឈប់ឈរ។ ទន្ទឹមនឹងនេះ នៅភាគខាងជើងហ្វីលីពីន ក្រុមសង្រ្គោះក៏កំពុងតែបន្តរុករកសាកសពមនុស្ស ដែលកប់នៅក្រោមបំណាក់ដី ដែលបង្កឡើងដោយព្យុះទីហ្វុង Mangkhut កាលពីចុងសប្តាហ៍មុន ដែលបានផ្តាច់យកជីវិតមនុស្ស ៨៨នាក់ និងបាត់ខ្លួនរាប់សិបនាក់ផងដែរ៕
ប្រធានាធិបតីវៀតណាម Tran Dai Quang ទទួលមរណភាព
ប្រធានាធិបតីវៀតណាម លោក Tran Dai Quang កើតនៅឆ្នាំ១៩៥៦ បានស្លាប់ នៅវេលាម៉ោង១០និង ៥នាទី ព្រឹកថ្ងៃទី២១ ខែកញ្ញា នៅក្នុងមន្ទីរពេទ្យយោធា១០៨ ក្នុងរដ្ឋធានីហាណូយ។
ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា ប្រធានាធិបតី មានជំងឺពិបាកព្យាបាល បើទោះបីក្រុមវេជ្ជបណ្ឌិត ទាំងក្នុង និងក្រៅប្រទេស បានខិតខំ ក៏មិនអាចជួយសង្គ្រោះលោកបានឡើយ។ ប្រធានាធិបតីTran Dai Quang កើតនៅឆ្នាំ១៩៥៦ នៅឃុំ Quang Thien ស្រុក Kim Son ខេត្ត Ninh Binh ។ លោកជាសមាជិកគណអចិន្ត្រៃមជ្ឈឹមបក្ស អាណត្តិ X,XI,XII និងជាសមាជិកក្រសួងនយោបាយមជ្ឈឹម អាណត្តិទីXI និងXII ។
លោក Tran Dai Quang បានបញ្ជាប់ការសិក្សានៅក្នុងសាលាប៉ូលិសប្រជាជនមជ្ឈឹម និង សាលាឧត្តមសិស្សា ភាសាបរទេស នៃ(ក្រសួង ប៉ូលិស) ដោយមានបំពេញការងាជាច្រើនឆ្នាំនៅក្នុងវិស័យប៉ូលិស។
នៅឆ្នាំ ២០០៦ដល់ឆ្នាំ២០១១ លោកជារដ្ឋលេខាធិការក្រសួងប៉ូលិស។ ចាប់តាំងពីខែសីហា ឆ្នាំ២០១១ ដល់ខែមីនា ឆ្នាំ២០១៦ លោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងប៉ូលិស និងជាសមាជិកសភា អាណត្តិទី១៣ ។ លោកជាប្រធានគណកម្មធិការជាតិមជ្ឈឹម ស្តីពីការប្រឆាំងអំពើពុករលួយ។
ចាប់តាំងពីខែមេសា ឆ្នាំ២០១៦ មកទល់ពេលនេះ លោកកាន់តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕
ដោយ៖ មែវ សាធី