ប្រទេសឥណ្ឌា៖ តើឥណ្ឌានិងប៉ាគីស្ថានចាំបាច់ត្រូវតែផ្ទុះសង្គ្រាមនិងគ្នា ដើម្បីដោះស្រាយបញ្ហា ឬ ? នៅពេលនេះរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានប្រកាសថា៖ តាមប្រភពព័ត៌មានចារកិច្ចដែលគួរឲ្យទុកចិត្តបំផុតរបស់រដ្ឋាភិបាលទីក្រុងអ៊ីស្លាមម៉ាបាត បានបញ្ជាក់ថា កម្លាំងទាហានឥណ្ឌា បានត្រៀមលក្ខណៈវាយប្រហារប៉ាគីស្ថាន ក្នុងរយៈពេល២សប្តាហ៍ខាងមុខ។
តាមប្រភពចារកម្មបានឲ្យដឹងថា៖ ឥណ្ឌាអាចនឹងវាយប្រហារទៅលើប្រទេសប៉ាគីស្ថាន ក្នុងអំឡុង ពីថ្ងៃទី១៦-២០ខែមេសាខាងមុខ។ មន្ត្រីប៉ាគីស្ថាន បានផ្តល់ព័ត៌មាន ខាងលើ ជាមួយសមាជិកអាចិន្ត្រៃ អង្គការសហប្រជាជាតិ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតស្តីពីគម្រោង វាយប្រហារ ទៅលើប៉ាគីស្ថានពីសំណាក់កម្លាំងទាហានឥណ្ឌា ។
នៅពេលនេះដែរប៉ាគីស្ថាន បានកោះហៅមន្ត្រីស្ថានទូត ឥណ្ឌាដើម្បីប្រឆាំងពីគម្រោងវាយប្រហារខាងលើ។ រាល់ការសម្រេចវាយប្រហារណាមួយនឹងធ្វើឲ្យ ប្រទេសទាំងពីរធ្លាក់ក្នុងដំណាក់កាលតានតឹងបំផុត។
នៅពេលនេះដែររដ្ឋាភីបាលទីក្រុងញ៉ូវដេលី មិនទាន់មានប្រតិកម្មអ្វីជុំវិញ ព័ត៌មានខាងលើនៅឡើយទេ ។ ភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថាន ចាប់ផ្តើមឡើងនៅថ្ងៃទី១៤ខែកុម្ភៈ នៅពេលនោះក្រុមឧទ្ធាម Jaish e Mohammad ដែលលាក់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន បានបំផ្ទុះគ្រាប់បែក អត្តឃាត់សមា្លប់ទាហាន ៤០នាក់ ។
នៅពេលនេះប្រទេសទាំងពីរ បានបង្កើនកម្លាំងទាហាននិងសព្វាវុធជាច្រើននៅព្រំដែន ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា៖ បច្ចុប្បន្នប៉ាគីស្ថាន បញ្ជូនយន្តហោះចម្បាំង២៥គ្រឿងទៅគៀកព្រំដែន។ ចំណែកឥណ្ឌាវិញក៏បានបង្កើនកម្លាំងទាហាន សព្វាវុធ ជាច្រើន ទាំងកម្លាំងទាហានជើងទឹកជើងគោក និងជើងអាកាស់នៅព្រំដែនកាស្មៀរជាប់ប៉ាគីស្ថាន។
បច្ចុប្បន្ន ឥណ្ឌានិង ប៉ាគីស្ថាន ប្រឈមមុខដាក់គ្នាដោយយោធា នៅតាមបណ្តោយព្រំដែនកាស្មៀស ដោយភាគីទាំងពីរបានបាញ់ទម្លាក់យន្តហោះគ្នាទៅវិញទៅមកដោយប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះឥណ្ឌា ពីរគ្រឿង ហើយឥណ្ឌាវិញក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថានមួយគ្រឿង និងបំផ្លាញទីតាំងក្រុមឧទ្ទាម។ សកម្មភាពវាយប្រហារនោះ បណ្តាលឲ្យមានទាហាន និងពលរដ្ឋស្លាប់ជាច្រើននាក់ ផងដែរ។
ការប៉ះទង្គិចដោយយោធាខាងលើ គឺជាទ្រង់ទ្រាយធំបំផុតរវាងឥណ្ឌានិងប៉ាគីស្ថានមិនធ្លាប់មានពីមុនមក ។ សហគមន៍ងន្តរជាតិ ដែលមានអង្គការសហប្រជាជាតិ អាមេរិក អឺរ៉ុប បានអំពាវនាវដល់ប្រទេសទាំងពីររក្សាការអត់ធ្មត់បញ្ចៀសសង្គ្រាមជាទ្រង់ទ្រាយធំកើតឡើង ។ ប្រទេសនៅក្នុងតំបន់ អាស៊ី បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ប្រសិនបើប្រទេសទាំងពីរផ្ទុះសង្គ្រាមនឹងគ្នានោះ អាច ធ្វើឲ្យតំបន់ទាំងមូលធ្លាក់ក្នុងភាពចាលចល វបត្តិ ជាទ្រងទ្រាយធំនឹងកើតឡើងនៅក្នុងតំបន់អាស៊ី ។
តើប្រទេសណាមួយជាអ្នកឈ្នះបើសង្គ្រាមកើតឡើងនោះ ? អាចនិយាយបានថា ឥណ្ឌាជាអ្នកឈ្នះបើប្រៀបធៀបទៅនឹងកម្លាំងយោធា ប៉ុន្តែប្រទេសទាំងពីរ គឺមានបរមាណូដូចគ្នា ហើយបើប្រើប្រាស់បរមាណូនោះ មិនអាចប្រាកដបានអ្នកឈ្នះនោះឡើយ គឺបរាជ័យទាំងពីរ ។
សារព័ត៌មាន Times of India បាន ស្រាវជ្រាវនិងប្រៀបធៀបពីកម្លាំងទាហានឥណ្ឌា និងប៉ាគីស្ថាន ក្នុងពេលដែលប្រទេសទាំងពីរកំពុងប្រឈមុខតានតឹងដាក់គ្នា ដោយយោធា។ ឥណ្ឌាជាប្រទេសដែលមានប្រាក់ចំណាយទៅលើយោធាច្រើនជាងប៉ាគីស្ថាន ដោយនៅក្នុងឆ្នាំ២០១៨ឥណ្ឌាបានចំណាយដល់ទៅ៥៨ពាន់លានដុល្លារ គឺច្រើនជាងប៉ាគីស្ថានដល់ទៅ៥ដង ដោយប៉ាគីស្ថានមានតែ១១ពាន់លានដុល្លារតែប៉ុណ្ណោះ។
ក្នុងពេលដែលប្រទេសទាំងពីរប្រឈមមុខដាក់គ្នា សារព័ត៌មានឥណ្ឌា Times of India កាលពីថ្ងៃទី២៧ខែកុម្ភៈបានធ្វើការប្រៀបធៀប កម្លាំងទាហានប្រទេសទាំងពីរ ។ តាមរបាយការណ៍បង្ហាញឲ្យឃើញថាកម្លាំងទាហានឥណ្ឌាមានប្រៀបទៅលើប៉ាគីស្ថាន លើគ្រប់វិស័យ ទាំងប្រាក់ចំណាយ សម្រាប់ការពារជាតិ ចំនួនទាហាននិងសព្វាវុធ។
មូលនិធិការពារជាតិឥណ្ឌាមាន៥៨ពាន់លានដុល្លារ ចំណែកប៉ាគីស្ថានមានតែ ១១ពាន់លានដុល្លារតែប៉ុណ្ណោះ។
កម្លាំងទាហានជើងគោកឥណ្ឌាមាន ដល់ទៅ១លាន២សែននាក់ ចំណែកប៉ាគីស្ថានវិញមានតែ៥៦០ពាន់នាក់ប៉ុណ្ណោះ។
អំពីអាវុធ ឥណ្ឌាមានមីស៊ីល បាញ់ឆ្ងាយបំផុត គឺ Agni-5 ដែលអាចបាញ់បានចម្ងាយដល់ទៅ ៥០០០គីឡូម៉ែត្រ ។ ចំណែកប៉ាគីស្ថានមានមីស៊ីលShaheenបាញ់បានចម្ងាយ២ពាន់គីឡូម៉ែត្រប៉ុណ្ណោះ ។ ចំណែកក្បាលគ្រប់បរមាណូ ឥណ្ឌាមាន រហូតដល់ ១៥០គ្រាប់ ចំណែកប៉ាគីស្ថានមាន ១៤០គ្រាប់។
ចំនួនរថពាស់ដែកដឹកទាហានរបស់ឥណ្ឌា មាន៣៣៦គ្រឿង រថក្រោះ៣.៥៦៥គ្រឿង និងកាំភ្លើងធំ៩.៧១៤ដើម។ចំណែកប៉ាគីស្ថានវិញ មានរថពាសដែក ១.៦០៥គ្រឿង រថក្រោះ.៤៩៦គ្រឿង និងកាំភ្លើងធំ ៤.៤៧២ដើម ។
អំពីយន្តហោះចម្បាំង ឥណ្ឌាមាន៨១៤គ្រឿង ប៉ាគីស្ថានមាន៤២៥គ្រឿង ។ជាមួយគ្នានេះឥណ្ឌាបានខិតខំអភិវឌ្ឍន៍ធ្វើឲ្យទំនើបកម្មនៅ ក្រុមយន្តហោះចម្បាំងចាស់ៗ។ ចំណែកប៉ាគីស្ថានក៏ដូចគ្នានោះដែរ។
អំពីកម្លាំងទាហានជើងទឹក៖ ឥណ្ឌា មានកម្លាំងទាហានជើងទឹកជាច្រើន ដោយឥណ្ឌា មាន ព្រំដែនសមុទ្រវេង ធំ ។ចំណែកប៉ាគីស្ថានវិញ មានដែនសមុទ្រតិច ដែលជាហេតុធ្វើឲ្យប្រទេសនេះមិនផ្តោតសំខាន់ទៅលើទាហានជើងទឹកឡើយ ។
ការប្រៀបធៀបខាងលើបង្ហាញឲ្យឃើញថា ប្រសិនបើសង្គ្រាមជាទ្រងទ្រាយធំកើតឡើងរវាង ឥណ្ឌានិងប៉ាគីស្ថាន ឥណ្ឌានឹងមានសង្ឃឹមយកឈ្នះ ទំាងស្រុងទៅលើប៉ាគីស្ថាន ៕
ដោយ៖ សុខ ខេមរា