មេគយកែវផុស ហេង សំហៃ តម្រូវអោយឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញបង់លុយជាក្បាលឡាន ពុករលួយដ៏ចំហរបំផុត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយសារឥទ្ធិពលចំហាយអំណាច លោក បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជា អគ្គនាយក អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា ត្រូវបានលោក ហេង សំហៃ ប្រធានការិយាល័យគយ និងរដ្ឋាករ កែវផុស ហ៊ានចេញមុខប្រព្រឹត្តអំពើពុករលួយ ផ្ទុយពីការងារ តួនាទី ភារកិច្ច ឆក់យកប្រយោជន៍តាមរយៈកៀបសង្កត់ឈ្មួញអោយបង់លុយក្បាលឡាន ឃុបឃិតជាមួយឈ្មួញដឹកទំនិញបង់ពន្ធមិនគ្រប់ ឈ្មួញរត់ការប៉ាវដឹកទំនិញជាដើម បានចំណូលលក្ខណះបុគ្គលនិងបក្ខពួក ក្នុង១ខែរាប់សិបមុឺនដុល្លារ។
គ្រប់កាលៈទេសៈ លោក ហេង សំហៃ តែងយកឈ្មោះលោក បណ្ឌិត គុណ ញឹម ធ្វើជាចំហាយអំណាច បន្លាច បន្លំ ឈ្មួញ មួយម៉ាត់ណាក៏ជាបញ្ជា(ឯកឧត្តមប្រតិភូ-ឯកឧត្តមអគ្គ)។ នេះបើតាមឈ្មួញបានលើកឡើងថា លោក ហេង សំហៃ បង្ខំអោយឈ្មួញបង់លុយនោះ គឺធ្វើតាមបញ្ជារបស់មេ។
យ៉ាងតិចមានក្រុមហ៊ុនដឹកជញ្ជូនទំនិញចំនួន៥-៦ បានរកសុីដឹកទំនិញចេញពីច្រកកែវផុស។ បើទោះជាមានឯកសារបំពេញបែបបទគយ(Custom Clearance) ក៏ដោយក៏មានអំពើឃុបឃិតគ្នារវាងមេគយ លោក ហេង សំហៃ និងក្រុមហ៊ុនដឹកជញ្ជូន បង់ពន្ធមិនគ្រប់ ក្នុងចេតនាទុច្ចរិតបំបាត់ចំណូលពន្ធរបស់រដ្ឋ តាមរយៈបង់នាំចូលម៉ាសុីនត្រជាក់​ កង់ឡាន គ្រឿងអេឡិចត្រូនិច ប៉ុន្តែប្រកាសនៅក្នុងឯកសារគយ​ ជាទំនិញចម្រុះ ឬទឹកដោះគោជាដេីម។ មន្ត្រីបានលួចបង្ហើបថា៖ ក្រុមហ៊ុនដែលមានឱកាសបំពេញបែបបទគយ(Custom Clearance) បង់ពន្ធមិនគ្រប់ និងបង់ពន្ធក្លែងភេទទំនិញ គឺមាន ក្រុមហ៊ុនគា ធី ,ក្រុមហ៊ុនលោក ហុង ឡេងហួ ហៅ ទីខ្មូត, ចែវីន,ចែហួង,ហ៊ាកូ,យាយសុី។ល។ ជាទម្លាប់ គេនាំចូល ជាសំបកកង់ឡាន ប្រេងម៉ាសុីន ស្រាបៀរ ទឹកក្រូច ឬមានទូរស័ព្ទផងនោះ ប៉ុន្តែប្រកាសនៅក្នុងឯកសារគយ​ ជាទំនិញចម្រុះ ឬទឹកដោះគោ។ ទោះបង់ពន្ធគ្រប់ ឬមិនគ្រប់ តែការបង់ពន្ធក្លែងភេទទំនិញបែបនេះ គឺរដ្ឋបាត់បង់ចំណូលពន្ធធ្ងន់ធ្ងរបំផុត។ និយាយរួម លោក ហេង សំហៃ ប្រធានការិយាល័យគយ និងរដ្ឋាករ កែវផុស មានផែនការធ្វើយ៉ាងណារកចំណូលពន្ធអោយស្របតាមទិសដៅរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជាកំណត់ ឬអោយបានលើសផែនការ។ ក្រៅពីនោះគាត់ប្រឹងប្រមូលដាក់ហោប៉ៅបុគ្គល បក្ខពួកគាត់ ពិសេសក៏ត្រូវផ្តល់ជាកញ្ចប់តាមតម្រូវការថ្នាក់លើផងដែរ ប្រយោជន៍ការពារតំណែង។
វប្បធម៍អំពើពុករលួយរបស់ លោក ហេង សំហៃ ប្រធានការិយាល័យគយ និងរដ្ឋាករ កែវផុស មួយចំនួនបានមកពីក្រុមហ៊ុនបង់លុយជាប្រចាំខែ ខ្លះទៀតបានមកពីការយោគយល់លើឯកសារបំពេញបែបបទគយ(Custom Clearance) មួយភាគទៀតបានមកពីចំណូលរឿងរាប់ក្បាលដឹកទំនិញចេញយកលុយ យ៉ាងតិចក្នុងសេវា៣០០ដុល្លារសម្រាប់រថយន្តយីឌុប១គ្រឿង។ ដោយឡែកឡានកង់១០ មានករណីបញ្ចុះតំលៃក្រោម៣០០ដុល្លារ ពិនិត្យនិងធ្វើតាមជាក់ស្តែងរវាងឈ្មួញស្និទ ឈ្មួញមានខ្សែ ឈ្មួញរកសុីដឹកជាអចិន្ត្រៃយ៍ ដោយការយកលុយនេះ លោក ហេង សំហៃ គាត់ទាញប្រភពសេដ្ឋកិច្ចបានគ្រប់ស្នៀត(របៀប) បានន័យថា៖ ពីក្រុមហ៊ុនក៏បាន ពីម្ចាស់ឡានសុីឈ្នួលដឹកទំនិញក៏បាន រកចំណូលពុករលួយកម្រិតខ្ពស់ គិតជាមធ្យមក្នុង១ថ្ងៃមានរថយន្តដឹកទំនិញពី៤០ទៅ៥០គ្រឿងរបស់ ក្រុមហ៊ុនគា ធី ,ក្រុមហ៊ុនលោក ហុង ឡេងហួ ហៅ ទីខ្មូត, ចែវីន,ចែហួង,ហ៊ាកូ,យាយសុី ។ ដូច្នេះ លោក ហេង សំហៃ អាចប្រមូលលុយនេះយកមកធ្វើមានបានសម្រាប់មុខមាត់ក្នុងសង្គមជាតិស្អាតស្អំនេះ និងសុខទៀតផង។
ពាក់ព័ន្ធជុំវិញការរិៈគន់ ការដឹកនាំរបៀបពុករលួយ របស់លោក ហេង សំហៃ ប្រធានការិយាល័យគយ និងរដ្ឋាករ កែវផុស អង្គភាព«នគរវត្ត»មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
សូមបញ្ជាក់ថា៖ លោក ហេង សំហៃ ឡើងកាន់តំណែងជា ប្រធានការិយាល័យគយ និងរដ្ឋាករ កែវផុស កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ជំនួសលោក នុត លីឆួយ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print