វិភាគព័ត៍មានអន្តរជាតិ៖ សង្គ្រាមឥណ្ឌានិងប៉ាគីស្ថាន នឹងត្រូវផ្ទុះឡើងនៅពាក់កណ្តាលខែមេសារនេះ?

ចែករំលែក៖

ប្រទេសឥណ្ឌា៖ តើឥណ្ឌានិងប៉ាគីស្ថានចាំបាច់ត្រូវតែផ្ទុះសង្គ្រាមនិងគ្នា ដើម្បីដោះស្រាយបញ្ហា ឬ ? នៅពេលនេះរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានប្រកាសថា៖ តាមប្រភពព័ត៌មានចារកិច្ចដែលគួរឲ្យទុកចិត្តបំផុតរបស់រដ្ឋាភិបាលទីក្រុងអ៊ីស្លាមម៉ាបាត​ បានបញ្ជាក់ថា កម្លាំងទាហាន​ឥណ្ឌា បានត្រៀមលក្ខណៈវាយប្រហារប៉ាគីស្ថាន ក្នុងរយៈពេល​២សប្តាហ៍ខាងមុខ​។
តាមប្រភពចារកម្មបានឲ្យដឹងថា​​៖ ឥណ្ឌាអាចនឹងវាយប្រហារទៅលើប្រទេសប៉ាគីស្ថាន ក្នុងអំឡុង ពីថ្ងៃទី​១៦-២០ខែមេសា​ខាងមុខ​។ មន្ត្រីប៉ាគីស្ថាន បានផ្តល់ព័ត៌មាន ខាងលើ ជាមួយសមាជិកអាចិន្ត្រៃ អង្គការសហប្រជាជាតិ​ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត​​ស្តីពីគម្រោង វាយប្រហារ ទៅលើប៉ាគីស្ថានពីសំណាក់កម្លាំងទាហានឥណ្ឌា ។
នៅពេលនេះដែរប៉ាគីស្ថាន​ បានកោះហៅមន្ត្រីស្ថានទូត​ ឥណ្ឌា​ដើម្បីប្រឆាំងពី​គម្រោងវាយប្រហារខាងលើ​។ រាល់ការសម្រេច​វាយប្រហារណាមួយនឹងធ្វើឲ្យ ប្រទេសទាំងពីរធ្លាក់ក្នុងដំណាក់កាលតានតឹងបំផុត។
នៅពេលនេះដែររដ្ឋាភីបាលទីក្រុងញ៉ូវដេលី មិនទាន់មានប្រតិកម្មអ្វីជុំវិញ​ ព័ត៌មានខាងលើនៅឡើយទេ ។ ភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថាន ចាប់ផ្តើមឡើងនៅថ្ងៃទី​១៤ខែកុម្ភៈ នៅពេលនោះ​ក្រុមឧទ្ធាម​ Jaish e Mohammad ​ ដែលលាក់ខ្លួននៅក្នុងប្រទេស​ប៉ាគីស្ថាន បានបំផ្ទុះគ្រាប់បែក អត្តឃាត់សមា្លប់ទាហាន​ ៤០នាក់ ។
នៅពេលនេះប្រទេសទាំងពីរ បានបង្កើនកម្លាំងទាហាននិងសព្វាវុធ​ជាច្រើននៅព្រំដែន ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា៖ បច្ចុប្បន្នប៉ាគីស្ថាន បញ្ជូនយន្តហោះចម្បាំង​២៥គ្រឿងទៅគៀកព្រំដែន​។ ចំណែកឥណ្ឌាវិញ​ក៏បានបង្កើនកម្លាំងទាហាន​ សព្វាវុធ ជាច្រើន ទាំងកម្លាំងទាហានជើងទឹកជើងគោក និងជើងអាកាស់នៅព្រំដែនកាស្មៀរជាប់ប៉ាគីស្ថាន។
បច្ចុប្បន្ន ឥណ្ឌានិង ប៉ាគីស្ថាន ប្រឈមមុខដាក់គ្នា​ដោយយោធា នៅតាមបណ្តោយព្រំដែនកាស្មៀស ដោយភាគីទាំងពីរបានបាញ់ទម្លាក់យន្តហោះគ្នាទៅវិញទៅមកដោយប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះឥណ្ឌា ពីរគ្រឿង ហើយឥណ្ឌាវិញក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថានមួយគ្រឿង និងបំផ្លាញទីតាំងក្រុមឧទ្ទាម​។ សកម្មភាពវាយប្រហារនោះ បណ្តាលឲ្យមានទាហាន និងពលរដ្ឋស្លាប់ជាច្រើននាក់ ផងដែរ។

ការប៉ះទង្គិចដោយយោធាខាងលើ គឺជាទ្រង់ទ្រាយធំបំផុត​រវាងឥណ្ឌានិងប៉ាគីស្ថានមិនធ្លាប់មានពីមុនមក ។ សហគមន៍ងន្តរជាតិ ​ដែលមានអង្គការសហប្រជាជាតិ អាមេរិក អឺរ៉ុប បានអំពាវនាវដល់ប្រទេសទាំងពីររក្សាការអត់ធ្មត់បញ្ចៀសសង្គ្រាមជាទ្រង់ទ្រាយធំកើតឡើង ។ ប្រទេសនៅក្នុងតំបន់ អាស៊ី បង្ហាញក្តីបារម្ភយ៉ាងខ្លាំង​ ប្រសិនបើប្រទេសទាំងពីរផ្ទុះសង្គ្រាមនឹងគ្នានោះ អាច ធ្វើឲ្យតំបន់ទាំងមូលធ្លាក់ក្នុងភាពចាលចល វបត្តិ ជាទ្រងទ្រាយធំនឹងកើតឡើងនៅក្នុងតំបន់អាស៊ី ។

តើប្រទេសណាមួយជាអ្នកឈ្នះបើសង្គ្រាមកើតឡើងនោះ ? អាចនិយាយបានថា ឥណ្ឌាជាអ្នកឈ្នះ​បើប្រៀបធៀបទៅនឹងកម្លាំងយោធា ប៉ុន្តែប្រទេសទាំងពីរ គឺមានបរមាណូដូចគ្នា ហើយបើប្រើប្រាស់បរមាណូនោះ មិនអាចប្រាកដបានអ្នកឈ្នះនោះឡើយ គឺបរាជ័យទាំងពីរ ។

សារព័ត៌មាន​ Times of India ​បាន ស្រាវជ្រាវនិងប្រៀបធៀបពីកម្លាំងទាហានឥណ្ឌា និងប៉ាគីស្ថាន ក្នុងពេលដែលប្រទេសទាំងពីរកំពុងប្រឈមុខតានតឹងដាក់គ្នា ដោយយោធា។ ឥណ្ឌាជាប្រទេសដែលមានប្រាក់ចំណាយទៅលើយោធាច្រើនជាងប៉ាគីស្ថាន ​ដោយនៅក្នុងឆ្នាំ​២០១៨​ឥណ្ឌាបានចំណាយដល់ទៅ​៥៨ពាន់លានដុល្លារ គឺច្រើនជាង​ប៉ាគីស្ថានដល់ទៅ​៥ដង ដោយប៉ាគីស្ថានមានតែ​១១ពាន់លានដុល្លារតែប៉ុណ្ណោះ​។

ក្នុងពេលដែលប្រទេសទាំងពីរប្រឈមមុខដាក់គ្នា សារព័ត៌មានឥណ្ឌា Times of India ​កាលពីថ្ងៃទី​២៧ខែកុម្ភៈ​បានធ្វើការប្រៀបធៀប កម្លាំងទាហានប្រទេសទាំងពីរ ។ តាមរបាយការណ៍បង្ហាញឲ្យឃើញថា​កម្លាំងទាហានឥណ្ឌា​មានប្រៀបទៅលើប៉ាគីស្ថាន លើគ្រប់វិស័យ ទាំងប្រាក់ចំណាយ សម្រាប់ការពារជាតិ ចំនួនទាហាននិងសព្វាវុធ​។

មូលនិធិការពារជាតិឥណ្ឌាមាន​៥៨ពាន់លានដុល្លារ ​ចំណែកប៉ាគីស្ថានមានតែ ១១ពាន់លានដុល្លារតែប៉ុណ្ណោះ​។

កម្លាំងទាហានជើងគោកឥណ្ឌាមាន ដល់ទៅ​១លាន២សែននាក់ ​ចំណែកប៉ាគីស្ថានវិញមានតែ​៥៦០ពាន់នាក់ប៉ុណ្ណោះ។

អំពីអាវុធ ឥណ្ឌាមានមីស៊ីល បាញ់ឆ្ងាយបំផុត គឺ Agni-5 ដែលអាចបាញ់បានចម្ងាយដល់ទៅ ៥០០០គីឡូម៉ែត្រ ។ ចំណែកប៉ាគីស្ថានមានមីស៊ីល​Shaheen​បាញ់បានចម្ងាយ​២ពាន់គីឡូម៉ែត្រប៉ុណ្ណោះ ។ ចំណែកក្បាលគ្រប់បរមាណូ ឥណ្ឌាមាន​ រហូតដល់ ១៥០គ្រាប់ ​ចំណែកប៉ាគីស្ថានមាន ១៤០គ្រាប់។

ចំនួនរថពាស់ដែក​ដឹកទាហានរបស់ឥណ្ឌា មាន​៣៣៦គ្រឿង រថក្រោះ៣.៥៦៥គ្រឿង និងកាំភ្លើងធំ​៩.៧១៤ដើម។ចំណែកប៉ាគីស្ថានវិញ មានរថពាសដែក ១.៦០៥គ្រឿង រថក្រោះ​.៤៩៦គ្រឿង និងកាំភ្លើងធំ ៤.៤៧២ដើម ។

អំពីយន្តហោះចម្បាំង ឥណ្ឌាមាន៨១៤គ្រឿង ប៉ាគីស្ថានមាន​៤២៥គ្រឿង ។ជាមួយគ្នានេះឥណ្ឌាបានខិតខំអភិវឌ្ឍន៍ធ្វើឲ្យទំនើបកម្មនៅ ក្រុមយន្តហោះចម្បាំងចាស់ៗ។ ចំណែកប៉ាគីស្ថានក៏ដូចគ្នានោះដែរ​។

អំពីកម្លាំងទាហានជើងទឹក៖ ឥណ្ឌា មានកម្លាំងទាហានជើងទឹកជាច្រើន​ ដោយឥណ្ឌា មាន ព្រំដែនសមុទ្រ​វេង ធំ ។ចំណែកប៉ាគីស្ថានវិញ មានដែនសមុទ្រតិច ដែលជាហេតុធ្វើឲ្យប្រទេសនេះមិនផ្តោតសំខាន់ទៅលើ​ទាហានជើងទឹកឡើយ ។

ការប្រៀបធៀបខាងលើបង្ហាញឲ្យឃើញថា ប្រសិនបើសង្គ្រាមជាទ្រងទ្រាយធំកើតឡើងរវាង ឥណ្ឌានិងប៉ាគីស្ថាន ឥណ្ឌានឹងមានសង្ឃឹមយកឈ្នះ ទំាងស្រុងទៅលើប៉ាគីស្ថាន ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print