ប្រទេសស្រីលង្កា៖ ការវាយប្រហារ នៅក្នុងប្រទេសស្រីលង្កាកាលពីថ្ងៃទី២១ខែមេសា នឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះធ្លាក់នៅក្នុងស្ថានភាព វិបត្តិកាន់តែខ្លាំង ខណៈប្រទេសនេះកំពុងខិតខំសងបំណុលបរទេស ដល់ទៅ៥១ពាន់លានដុល្លារ អាមេរិក ។
វិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍនសេដ្ឋកិច្ច ។ប្រាក់ចំណូលរបស់ជាតិដល់ទៅ២៧ភាគរយបានមកពីវិស័យទេសចរណ៍ ។ ក្នុងមួយឆ្នាំៗ ទេសចរណ៍បរទេសបានចំណាយប្រាក់ដល់ទៅជាង ៥ពាន់លានដុល្លារនៅក្នុងទឹកដីស្រីលង្កា។
នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe បានប្រកាសថា ៖ «លោកប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពវាយប្រហារសម្លាប់ ពលរដ្ឋរបស់លោក នៅថ្ងៃទី២១ខែមេសាឆ្នាំ២០១៩។
មូលហេតុនៃការ វាយប្រហារសម្លាប់មនុស្សជាង២២០និងរបួសជាង៤០០នាក់ ដោយសាតែវិវាទសាសនា។ ការវាយប្រហារគ្រាប់បែកជាបន្តបន្ទាប់ទៅលើព្រះវិហារ៣កន្លែង សណ្ឋាគា៤កន្លែងនៅស្រីលង្កាកាលពីថ្ងៃទី២១ខែមេសា បានសម្លាប់មនុស្ស ដល់ទៅ២២៨នាក់ និងរបួសជាង ៤០០នាក់ បានក្លាយទៅជាការវាយប្រហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះ។ ការវាយប្រហារខាងលើមិនទាន់មានក្រុមណាមួយចេញមុខមកទទួលខុសត្រូវនៅឡើយទេ។
កត្តាជាតិសាសន៍ និងសាសនា ជាមូលហេតុ បណ្តាលឲ្យ មានការវាយប្រហារបង្ហូឈាមខាងលើ ។ កន្លងមកវិវាទសាសនា បានធ្វើឲ្យស្រីលង្កាធ្លាក់ក្នុងសង្គ្រាមស៊ីវិល អស់រាប់សិបឆ្នាំជាមួយក្រុមឧទ្ទាមទាមទារបំបែករដ្ឋ Tamil រហូតដល់ឆ្នាំ២០០៩ទើបបញ្ចប់។
ស្រីលង្កាជាប្រទេសមាន ពលរដ្ឋ២២លាននាក់ ក្នុងនោះ៧០ភាគរយកាន់ព្រះពុទ្ធសាសនា ១២ភាគរយ កាន់សាសនាឥណ្ឌា ៩,៧ភាគរយ កាន់សាសនាអ៊ិស្លាមនិង ៧,៦ភាគរយ កាន់សាសនា គីតូ។
ពាក់ព័ន្ធនិងការវាយប្រហារខាងលើ កម្លាំងប៉ូលិស ស្រីលង្កាចាប់ខ្លួនមនុស្ស១៣នាក់ សង្ស័យពាក់ព័ន្ធវាយប្រហារគ្រាប់បែក ស្លាប់មនុស្ស២២៨នាក់ ធ្វើឲ្យរំជើបរំជួលពិភពលោក និងជាសោកនាដកម្ម។
នាយករដ្ឋមន្ត្រី Ranil Wickremesinghe ថ្លែងថា៖ អ្នកចាប់ខ្លួនទាំងនោះ ជាពលរដ្ឋស្រីលង្កា ហើយការប្រតិបត្តិការស៊ើបអង្កេត កំពុងបន្តធ្វើឡើង ស្វែងរកជនសង្ស័យបន្ថែមទៀត ។ លោកបញ្ជាក់ថា មនុស្ស២២៨នាក់បានស្លាប់ និង៤៥០នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក៨លើកដំណាលគ្នា នៅតាមសណ្ឋាគារ និងព្រះវិហារសាសនាគ្រឹស្ទ កាលពីថ្ងៃទី២១ ខែមេសា ។
មេដឹកនាំបណ្តាប្រទេសជុំវិញពិភពលោក បានថ្កោលទោសការវាយប្រហារនៅស្រីលង្កានេះហើយបានសម្តែងការសោកសង្រេង និងរំលែកទុក្ខចំពោះរដ្ឋាភិបាលស្រីលង្កាផងដែរ ។ មិនមែនតែប្រជាជនស្រីលង្កាប៉ុណ្ណោះទេ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍នេះ ជនបរទេស ក៏មានផងដែរ ដូចជាឥណ្ឌា និងចិនជាដើម ៕
ដោយ៖ មែវ សាធី