ភ្នំពេញ៖ មជ្ឈដ្ឋានជាច្រើន ដឹងយ៉ាងច្បាស់ថា ជីវភាពប៉ូលិសចរាចរណ៍ទូទាំងប្រទេស ពិសេសប៉ូលិសតូចតាចដែលឈរសម្រួលចរាចរណ៍តាមដងផ្លូវសាធារណៈ ពុំសូវមានជីវភាពធូរធារទេ ។
មួយវិញទៀត ប៉ូលិសចរាចរណ៍ទាំងនេះ តែងតែប្រឈមហានិភ័យខ្ពស់ជាងគេផងដែរ ពិសេសបញ្ហាសុខភាព និង ការស្តីបន្ទោស ការជេរប្រមាថ ពីប្រជាពលរដ្ឋពេលអនុវត្តច្បាប់ចរាចរណ៍ ។
ថ្មីៗនេះ ប៉ូលិសចរាចរណ៍មួយរូប ដែលគេដឹងថា ឈរជេីងប្រចាំការនៅគល់ស្ពានច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ បានសរសេរសារដ៏រំជួលចិត្តមួយ ធ្វើឱ្យមហាជនពេញចិត្តនិងយល់កាន់តែច្បាស់ពីការលះបង់របស់ប៉ូលិសចរាចរណ៍ ។
ប៉ូលិសចរាចរណ៍ដែលមានគណនីហ្វេសប៊ុកឈ្មោះ “ Mak Phalline” ដែលមានឈ្មោះពេញ គឺ លោក ម៉ក់ ផល្លីន សរសេរថា “ប៉ូលិសដូចពួកយើងខ្ញុំនេះមានតែយកកំដៅធ្វើជាជម្រក យកធូលីធ្វើជាអាហារយកផ្សែងធ្វើជាខ្យល់”។
សារមួយនេះ ធ្វើឱ្យអ្នកលេងហ្វេសប៊ុកកោតសរសើរនិងចែករំលែកបន្តគ្នារាប់ពាន់គណនីហ្វេសប៊ុក ដេីម្បីជាការលេីកទឹកចិត្តដល់គាត់ ក៏ដូចជាប៉ូលិសចរាចរណ៍ទូទាំងប្រទេសផងដែរ ។
កន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះប៉ូលិសចរាចរណ៍ ដែលលះបង់ច្រើន ទោះបីស្ថិតក្នុងស្ថានភាព ក្តៅ ភ្លៀង រងា យ៉ាងណាក៏ដោយ ។
យេីងទាំងអស់គ្នា គប្បីផ្តល់តម្លៃនិងលេីកទឹកចិត្តដល់ប៉ូលិសចរាចរណ៍ទាំងអស់នេះ ៕
ដោយ៖ សុខ ខេមរា