កូរ៉េខាងជើង៖ តាំងពីដើមមកអាមេរិកបានដាក់លក្ខ័ណ្ឌជាច្រើនទៅលើកូរ៉េខាងជើង ដើម្បីពិភាក្សា រំសាយអាវុធបរមាណូ ក៏ដូចជាដោះដូរនិង ការលើកលែងទណ្ឌកម្ម ។ ប៉ុន្តេដោយសារតែអាមេរិក មិនបានផ្តល់ទំនុកចិត្តដល់ប្រទេស កូរ៉េខាងជើង ពេលនេះកូរ៉េខាងជើង បានដាក់លក្ខ័ណ្ឌឲ្យអាមេរិក ត្រូវតែផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនមកលើកូរ៉េខាងជើង ទើបមានកិច្ចពិភាក្សាជាបន្តទៀត។
ក្រុមអ្នកឯកទេស បានលើកឡើងថា ៖ នៅពេលនេះកូរ៉េខាងជើងមានទំនាក់ ទំនងល្អ ជាមួយបណ្តាប្រទេសនៅលើពិភពលោក ពិសេសគឺ រុស្ស៊ី ចិន និងកូរ៉េខាងត្បូង ។ ចំណែកអាមេរិកវិញ កំពុងតែបង្កបញ្ហាកាន់តែខ្លាំងធ្វើឲ្យពិភពលោកធ្លាក់ក្នុងស្ថានភាពវឹកវរដោយសារតែសង្គ្រាមពាណិជ្ជកម្ម និងដាក់គំនាបទៅលើប្រទេសជាសម្ព័ន្ធមិត្ត។
ពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានប្រកាសថា ៖ មូលហេតុនៃជំនួបពិភាក្សាលើកទីពីរ ជាមួយអាមេរិក មិនទទួលបានជោគជ័យនោះ គឺដោយសារតែអាមេរិក។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយកាលពីថ្ងៃទី២៤ខែឧសភាថា ៖ កូរ៉េខាងជើងបានប្រកាសថា កិច្ចពិភាក្សាជាមួយអាមេរិក និងមិនបន្តទៀតឡើយ លើកលែងតែទីក្រុងវ៉ាស៊ីនតោន ផ្លាស់ប្តូរឥរិយាបទ ។ នៅក្នុងជំនួបលើកទីពីរមិនទទួលបានជោគជ័យនោះ ដោយសារតែទីក្រុងវ៉ាស៊ីនតោន ប្រកាន់គោលជំហរមិនផ្លាស់ប្តូរ ខណៈកូរ៉េខាងជើង បានផ្លាស់ប្តូរ រួចហើយ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ថា «លើកលែងតែអាមេរិកផ្លាស់ប្តូរពីទស្សនរបស់ខ្លួន ទើបកិច្ចពិភាក្សា ស្តីពីកម្មវិធីបរមាណូ ទទួលបានជោគជ័យ។ នៅពេលនេះអាមេរិក មិនជឿជាក់មកលើយើងខ្ញុំ ហើយនៅតែបន្តគោលនយោបាយចងគុំនំដដែល។
កាលពីសប្តាហ៍កន្លងមក កូរ៉េខាងជើង ក៏បានចោទប្រកាន់អាមេរិក ថាបានចាប់នាវាដឹកទំនិញរបស់កូរ៉េខាងជើង ដោយខុសច្បាប់។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ងក៏បានអំពាវនាវដល់អាមេរិកដោះលែងនាវាកូរ៉េខាងជើង ដោយគ្មានលក្ខ័ណ្ឌ ៕
ដោយ៖ មែវ សាធី