សមត្ថកិច្ចឃាត់មនុស្ស៣នាក់ ដោះស្លាកគណបក្សប្រជាជន ដាក់ស្លាកក្រុមហ៊ុន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្ស៣នាក់ដែលមានទី១ ឈ្មោះ ព្រំ វៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជាមេ​ជាង។ ២ ឈ្មោះ តី ចំរើន ភេទប្រុស អាយុ៣៦ឆ្នាំ កម្មករ ។ ៣ ឈ្មោះ យ៉ឹង ណុប ភេទប្រុស អាយុ៤៦ឆ្នាំ អ្នកទាំង៣នាក់ មានទីលំនៅឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន យកទៅ​សាកសួរ នៅព្រឹកថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៩ ក្រោយធ្វើសកម្ម​ភាពដោះដូរស្លាកគណ​បក្សប្រជាជន ដាក់ស្លាក​ក្រុមហ៊ុន កាលពីរសៀលថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៩។
សមត្ថកិច្ច បានឲ្យដឹងថា ស្លាកដែលមនុស្ស៣នាក់ផ្លាស់ប្តូរមានចំនួន៧នៅត្រង់ ចំណុច​ទ្រូង​ផ្លូវជាតិលេខ៥ ចាប់ពីមុខវត្តបាលិលេយ្យ ជិតដល់មុខស្ថានីយរថភ្លើង ក្នុងសង្កាត់ប៉ោយប៉ែត។ ស្លាកថ្មីទាំងនេះ សរសេរថា “ផាមខុនដូមីនៀម” ដែលគេដឹងថា ជារបស់ក្រុមហ៊ុន ខុនដូមី​នៀម មានទីតាំងនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែតខាងជើងកាស៊ីណូមួយ។
កម្មករទាំង២នាក់ បាន​និយាយថា ពួកគាត់ទើបមកក្រុងប៉ោយប៉ែត ជាមួយមេជាង បាន២យប់​ហើយការផ្លាស់ប្តូរស្លាក គឺ​ធ្វើតាមបញ្ជាមេជាងតែប៉ុណ្ណោះ។
ចំណែក​ឈ្មោះ ព្រំ វៃ (មេជាង) បាន​និយាយថា ខ្លួនធ្វើតាមបញ្ជាគេដែរ គឺក្រុមហ៊ុនធ្វើស្លាក​យីហោឈ្មោះ វី សិន អៅឌ័រ មានទីតាំងនៅភ្នំពេញ។ មិនតែប៉ុណ្ណោះមេជាងរូបនេះ បើកទូរ​ស័ព្ទ​បង្ហាញពីរូបភាព ដែលគេបញ្ជូនឲ្យនៅទីតាំង ដែលត្រូវដោះដូរ គឺមានទាំងរូបស្លាក​គណ​បក្សប្រជាជនតាមទ្រូងផ្លូវតែម្តង។
បច្ចុប្បន្ន​ជនសង្ស័តទាំង៣នាក់ កំពុងត្រូវបានសាកសួរនៅអធិការដ្ឋាននគរ​បាលក្រុង​ប៉ោយ​ប៉ែត។
ជុំវិញករណីខាងលើនេះ ស្ត្រីតំណាងក្រុមហ៊ុនខុនដូមីនៀម ប្រាប់តាមទូរស័ព្ទថា កាដោះដូរ​ស្លាកគណបក្ស ដាក់វិញនូវស្លាក​ក្រុមហ៊ុន គាត់មិនបានដឹងទេ ប៉ុន្តែទទួលស្គាល់ថា បានទំនាក់​ទំនងជាមួយក្រុមហ៊ុនធ្វើស្លាកយីហោខាងលើមែន។ តំណាងក្រុមហ៊ុនរូបនេះបន្ត​ថាប្រាប់​ឲ្យដាក់ស្លាក​ក្រុមហ៊ុនខ្លួនតាមបង្គោលភ្លើង ហើយបើកន្លែងណាពាក់ព័ន្ធ ឬគេមិនអនុញ្ញាត ក៏មិនឲ្យដាក់ដែរ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា ករណីដោះដូរស្លាក​គណបក្សប្រជាជម ដាក់ស្លាក​ក្រុមហ៊ុននេះ គ្មានច្បាប់អនុញ្ញាតនោះទេ ។
លោកបញ្ជាក់ថា រូបសម្តេចតេជោ និងគណបក្សប្រជាជនសំខាន់ណាស់មិនអាចកាត់​ថ្លៃបាន​ឡើយ។ លោកបន្តថា ក្រោយទទួលបានព័ត៌មាន លោក​ ក៏បាន​ដឹកនាំកម្លាំងចុះឃាត់​កម្មករ​ទាំងអស់ ឲ្យសមត្ថកិច្ចយកទៅសាកសួរ។
លោកបញ្ជាក់ថា ខាងក្រុមហ៊ុនពាក់ព័ន្ធត្រូវតែដំឡើងស្លាកគណបក្សវិញទាំងអស់។ ករណីនេះសមត្ថកិច្ច គួរតែបើកការស៊ើបអង្គេត និងស្រាវជ្រាវឲ្យស៊ីជម្រៅ ដើម្បីចង់ដឹងថា តើមានអ្នកនៅពីក្រោយខ្នង ឬមានចេតនាយ៉ាងណាចំពោះទង្វើបែបនេះ ? ៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print