ខេត្តបន្ទាយមានជ័យ៖ មនុស្ស៣នាក់ដែលមានទី១ ឈ្មោះ ព្រំ វៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជាមេជាង។ ២ ឈ្មោះ តី ចំរើន ភេទប្រុស អាយុ៣៦ឆ្នាំ កម្មករ ។ ៣ ឈ្មោះ យ៉ឹង ណុប ភេទប្រុស អាយុ៤៦ឆ្នាំ អ្នកទាំង៣នាក់ មានទីលំនៅឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរ នៅព្រឹកថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៩ ក្រោយធ្វើសកម្មភាពដោះដូរស្លាកគណបក្សប្រជាជន ដាក់ស្លាកក្រុមហ៊ុន កាលពីរសៀលថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៩។
សមត្ថកិច្ច បានឲ្យដឹងថា ស្លាកដែលមនុស្ស៣នាក់ផ្លាស់ប្តូរមានចំនួន៧នៅត្រង់ ចំណុចទ្រូងផ្លូវជាតិលេខ៥ ចាប់ពីមុខវត្តបាលិលេយ្យ ជិតដល់មុខស្ថានីយរថភ្លើង ក្នុងសង្កាត់ប៉ោយប៉ែត។ ស្លាកថ្មីទាំងនេះ សរសេរថា “ផាមខុនដូមីនៀម” ដែលគេដឹងថា ជារបស់ក្រុមហ៊ុន ខុនដូមីនៀម មានទីតាំងនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែតខាងជើងកាស៊ីណូមួយ។
កម្មករទាំង២នាក់ បាននិយាយថា ពួកគាត់ទើបមកក្រុងប៉ោយប៉ែត ជាមួយមេជាង បាន២យប់ហើយការផ្លាស់ប្តូរស្លាក គឺធ្វើតាមបញ្ជាមេជាងតែប៉ុណ្ណោះ។
ចំណែកឈ្មោះ ព្រំ វៃ (មេជាង) បាននិយាយថា ខ្លួនធ្វើតាមបញ្ជាគេដែរ គឺក្រុមហ៊ុនធ្វើស្លាកយីហោឈ្មោះ វី សិន អៅឌ័រ មានទីតាំងនៅភ្នំពេញ។ មិនតែប៉ុណ្ណោះមេជាងរូបនេះ បើកទូរស័ព្ទបង្ហាញពីរូបភាព ដែលគេបញ្ជូនឲ្យនៅទីតាំង ដែលត្រូវដោះដូរ គឺមានទាំងរូបស្លាកគណបក្សប្រជាជនតាមទ្រូងផ្លូវតែម្តង។
បច្ចុប្បន្នជនសង្ស័តទាំង៣នាក់ កំពុងត្រូវបានសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
ជុំវិញករណីខាងលើនេះ ស្ត្រីតំណាងក្រុមហ៊ុនខុនដូមីនៀម ប្រាប់តាមទូរស័ព្ទថា កាដោះដូរស្លាកគណបក្ស ដាក់វិញនូវស្លាកក្រុមហ៊ុន គាត់មិនបានដឹងទេ ប៉ុន្តែទទួលស្គាល់ថា បានទំនាក់ទំនងជាមួយក្រុមហ៊ុនធ្វើស្លាកយីហោខាងលើមែន។ តំណាងក្រុមហ៊ុនរូបនេះបន្តថាប្រាប់ឲ្យដាក់ស្លាកក្រុមហ៊ុនខ្លួនតាមបង្គោលភ្លើង ហើយបើកន្លែងណាពាក់ព័ន្ធ ឬគេមិនអនុញ្ញាត ក៏មិនឲ្យដាក់ដែរ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា ករណីដោះដូរស្លាកគណបក្សប្រជាជម ដាក់ស្លាកក្រុមហ៊ុននេះ គ្មានច្បាប់អនុញ្ញាតនោះទេ ។
លោកបញ្ជាក់ថា រូបសម្តេចតេជោ និងគណបក្សប្រជាជនសំខាន់ណាស់មិនអាចកាត់ថ្លៃបានឡើយ។ លោកបន្តថា ក្រោយទទួលបានព័ត៌មាន លោក ក៏បានដឹកនាំកម្លាំងចុះឃាត់កម្មករទាំងអស់ ឲ្យសមត្ថកិច្ចយកទៅសាកសួរ។
លោកបញ្ជាក់ថា ខាងក្រុមហ៊ុនពាក់ព័ន្ធត្រូវតែដំឡើងស្លាកគណបក្សវិញទាំងអស់។ ករណីនេះសមត្ថកិច្ច គួរតែបើកការស៊ើបអង្គេត និងស្រាវជ្រាវឲ្យស៊ីជម្រៅ ដើម្បីចង់ដឹងថា តើមានអ្នកនៅពីក្រោយខ្នង ឬមានចេតនាយ៉ាងណាចំពោះទង្វើបែបនេះ ? ៕
សហការី