វិភាគ៖ ការរួមគ្នារវាង ប្រទេសមហាអំណាចប​រមាណូ ចិន​ -រុស្ស៊ី -ឥណ្ឌា បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់អាមេរិក

ចែករំលែក៖

សកម្មភាពបង្កសង្គ្រាមពាណិជ្ជកម្ម និងគោលនយោបាយ គាំពារនិយាម ដាក់ទណ្ឌកម្ម ឯកតោភាគីរបស់ប្រធានាធិបតីដូណាលត្រាំ កំពុងតែធ្វើឲ្យប្រទេសមហាអំណាចផ្សេងទៀតរួមកម្លាំងគ្នាប្រឆាំងអាមេរិក។

ប្រធានាធិបតីចិន​ លោកស៊ី ជីងពីង បានអំពាវនាវដល់ ប្រធានាធិបតីរុស្ស៊ីលោកពូទីននិងនាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉ានត្រា ម៉ូឌី រួមគ្នាទទួលខុសត្រូវ ក្នុងការការពារផលប្រយោជន៍រួម​ របស់ប្រទេសទាំងបី។​ សំណើខាងលើ ធ្វើឡើងនៅក្នុងជំនួបត្រីភាគី​រវាង មេដឹកនាំប្រទេសទាំង​៣បន្ទាប់ពីកិច្ចប្រជុំ​ G-20 នៅទីក្រុង អូសាកា ប្រទេសជប៉ុន​ កាលពីថ្ងៃទី​២៨ខែមិថុនាកន្លងមក​។

ប្រធានាធិបតីចិន ស៊ី ជីនពីង បានលើកឡើងថា « គោលនយោបាយគាំពារនិយម និង ឯកតោភាគីបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើស្ថិរភាពសកលលោក លើការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាសណ្តាប់ធ្នាប់ពិភពលោក​ទាំមូល​»។

ប្រធានាធិបតីចិន​បានបញ្ជាក់ទៀតថា ទីក្រុងប៉េកាំង មូស្កូ និងញូវដេលី​ ចាំបាច់ត្រូវតែ ធានា ការពារផលប្រយោជន៍ជាមូលដ្ឋាន នៅលើពិភពលោក ក៏ដូចជាផលប្រយោជន៍ប្រទេសទាំង​៣ ។​ លោក​ស៊ី ជីនពីង បានបន្តទៀតថា «យើងត្រូវលើកកម្ពស់ និងភាវូបនីយកម្ម ធ្វើប្រជាធិបតេយ្យ លើទំនាក់ទំនងអន្តរជាតិ​»។ ចិនបានប្រឆាំងយ៉ាងដាច់ខាតដល់ការដាក់ទណ្ឌកម្មជាឯកតោភាគីផ្ទុយនិងច្បាប់ អន្តរជាតិ របស់អាមេរិក ។

រយៈពេលកន្លងមក រដ្ឋាភិបាលទីក្រុងប៉េកាំង បានជំរុញ បង្កើនទំនាក់ទំនងត្រីភាគី ជាមួយឥណ្ឌានិងរុស្ស៊ី​ ដើម្បីទប់ទល់ជាមួយសម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោន ។ ប្រទេសទាំង​៣គឺកំពុងតែមានវិវាទជាមួយអាមេរិក ជុំវិញ វិស័យពាណិជ្ជកម្ម និងទណ្ឌកម្ម​ពីអាមេរិក​។

ឥណ្ឌាជាប្រទេសថ្មីមួយទៀតនៅក្នុងការវាយប្រហារ របស់រដ្ឋាភិបាលដូណាលត្រាំ​ លើវិស័យពាណិជ្ជកម្ម ដោយអាមេរិក ក៏បានដំឡើងពន្ធលើទំនិញនាំចូលពីឥណ្ឌាផងដែរ ។​ ជាមួយគ្នានោះឥណ្ឌាក៏បាន​សម្រេច ដំឡើងពន្ធលើទំនិញ២៥មុខនាំចូលពីអាមេរិក​។

ប្រទេសជាច្រើននៅជុំវិញពិភពលោក ទាំងសម្ព័ន្ធមិត្តរបស់អាមេរិក មិនពេញចិត្តទៅនឹងសកម្មភាពដឹកនាំរបស់លោកត្រាំដែលគិតតែពីផលប្រយោជន៍ខ្លួនឯង​ ។​ ប៉ុន្តែប្រទេសទាំងនោះមិនហ៊ានប្រឆាំងជាមួយអាមេរិក​ នោះឡើយ​ពិសេសគឺប្រទេសតំបន់អឺរ៉ុប។

ប៉ុន្តែសម្រាប់ប្រទេសមហាអំណាចអាស៊ី និងជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទីពីរនៅលើពិភពលោក មិនបន្ធូបន្ថយចំពោះការដាក់គំនាបនោះឡើយ ។ នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំង មិនមានគម្រោងរៀបចំជំនួបជាមួយប្រធានាធិបតីដូណាលត្រាំ ទៀតឡើយ បើលោកមិនផ្លាស់ប្តូគោលនយោបាយ អាត្មានិយមទេនោះ។

កត្តាដែលចិន បានខ្វល់ពីការដាក់ទណ្ឌកម្ម របស់អាមេរិក ក៏ដូចជាសង្គ្រាមពាណិជ្ជកម្ម ដោយចិនបានខិតខំបង្កើនទំនាក់ទំនងជាមួយប្រទេសជិតខាង​ក្នុង​នោះមានរុស្ស៊ី ឥណ្ឌា ជាដើម ។ការចាប់ដៃជាមួយឥណ្ឌា គឺអាចទប់ទល់ជាមួយអាមេរិក នៅក្នុងសង្គ្រាមពាណិជ្ជកម្ម។ នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងតែស្វែងរកសម្ពន្ធមិត្ត ពាណិជ្ជកម្មថ្មី​ ដើម្បីទប់ទល់ជាមួយ អាមេរិក ក្នុងសង្គ្រាមពាណិជ្ជកម្ម។

ឥណ្ឌាជាប្រទេសដែលមានពលរដ្ឋច្រើនលំដាប់ទីពីរនៅលើពិភពលោក តម្រូវការប្រើប្រាស់នៅក្នុងស្រុក ក៏ច្រើនផងដែរ ។​ទាំងនោះគឺជាឱកាសដើម្បីចិននិងឥណ្ឌាសហប្រតិបត្តិការសេដ្ឋកិច្ច នឹងធ្វើឲ្យអាមេរិក ត្រូវប្រឈមនឹងបញ្ហាវិញជាមិនខានឡើយ​។

អាមេរិក​ក៏បានដំឡើងពន្ធ​២៥ភាគរយ ដល់ដែកថែបនិង ១០ភាគរយ​ដល់ អាលុយមីញ៉ូមនាំចូលពីឥណ្ឌា។ កាលពីដើមខែកន្លងមក អាមេរិកបានបញ្ចប់ ការផ្តល់អាទិភាព​ក្នុងវិស័យពាណិជ្ជកម្ម​ដល់ឥណ្ឌា ។ កន្លងមក អាមេរិកបានលើកលែង ពន្ធនាំចូលទំនិញពីឥណ្ឌាមានតម្លៃ​៥ពាន់លានដុល្លារ ។ សកម្មភាពខាងលើ​ធ្វើឲ្យ​អាមេរិកនិងឥណ្ឌាប្រឈម​ មុខតានតឹងដាក់គ្នាជានិច្ច។

នៅពេលនេះដែរឥណ្ឌាបានប្តេជ្ញា ទិញមីស៊ីលការពារ S-400 ពីរុស្ស៊ី ដើម្បីពង្រឹងសមត្ថភាពការពារ ទោះបីអាមេរិកព្រមានដាក់ទណ្ឌកម្ម​ក្តី។

រដ្ឋលេខាធិការក្រសួងការបរទេសចិន​លោក​ Zhang Hanhui ​បានបញ្ជាក់ថា វិវាទពាណិជ្ជកម្ម រវាង ចិននិងអាមេរិក​​ បានគ្រប់ដណ្តបដល់ប្រទេសជិតខាង ។ នៅពេលនេះឥណ្ឌាក៏កំពុងប្រឈមបញ្ហាពាណិជ្ជកម្មជាមួយអាមេរិកផងដែរ​។​ ចំណុចទាំងនោះហើយគឺជាឱកាសដល់ សម្រាប់ឥណ្ឌានិងចិន​កាន់តែជិតស្និទ្ធ​ រួមកម្លាំងគ្នាប្រឆាំង អាមេរិក​។

លោក​ Zhang Hanhui បានបន្តទៀតថា​ ចិននិងឥណ្ឌា ចាំបាច់ត្រូវតែរក្សាគោលជំហរ និងប្រឆាំង​គោលនយោបាយគាំពាពាណិជ្ជកម្ម របស់លោកត្រាំ ។ នៅពេលនេះឥណ្ឌានិងចិន ចាំបាច់ត្រូវតែ រក្សាទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធនិងគ្នា ។

តាមគម្រោង ប្រធានាធិបតីចិន ស៊ីជីងពីងនិងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី និងជួបពិភាក្សាគ្នា នៅក្នុងសប្តាហ៍​​បន្ទាប់ពីកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការណ៍​​ទីក្រុងសៀងហៃ​ SCO ​ធ្វើឡើងនៅទីក្រុង​ Bishkek ​ប្រទេស​ Kyrgyzstan ។

ចំណែកទំនាក់ទំនងរវាងរុស្ស៊ី-ចិន វិញល្អប្រសើរនិងគ្នាតាំងពីដើមមក ដោយប្រទេសទាំងពីរ តែងតែប្រឆាំង គោលនយោបាយឈ្លានពានរបស់អាមេរិក ។ នៅពេលនេះទំនាក់ទំនង រុស្ស៊ី-អាមេរិក កាន់តែអាក្រក់ខ្លាំងឡើងៗ។

លោក ពូទីន បានថ្លែងក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ Mir TV ផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ថា «ទំនាក់ទំនងរបស់យើងកំពុងតែដាំក្បាលចុះ ទំនាក់ទំនងដែលកំពុងតែអាក្រក់ និងកាន់តែអាក្រក់ខ្លាំងឡើយ ។ រដ្ឋបាលបច្ចុប្បន្ននេះ បានយល់ព្រម និងសម្រេចយល់ព្រម រាប់សិបលើក ក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី អំឡុងឆ្នាំចុងក្រោយថ្មីៗនេះ» ។

សូមបញ្ជាក់ថា ការថ្លែងរបស់មេដឹកនាំរុស្ស៊ីពេលនេះកើតឡើង មុនពេលដែលជំនួប G20 ត្រូវបានធ្វើឡើងនៅប្រទេសជប៉ុន ចុងខែមិថុនា ឆ្នាំ២០១៩នេះ ។ នៅទីនោះ លោកពូទីន អាចនឹងជួបជាមួយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផង ។

គួរបញ្ជាក់ថា អាមេរិក និងរុស្ស៊ី មានការប្រឈមមុខតានតឹងដាក់គ្នា ចាប់តាំងអំពីបញ្ហានៅស៊ីរី រហូតដល់អ៊ុយក្រែន និងការចោទប្រកាន់រុស្ស៊ីជ្រៀតជ្រែកកិច្ចការនយោបាយនៅអាមេរិកជាដើម ដែលជាការចោទប្រកាន់មួយ ត្រូវទីក្រុងមូស្គូច្រានចោលនោះ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print