សកម្មភាពបង្កសង្គ្រាមពាណិជ្ជកម្ម និងគោលនយោបាយ គាំពារនិយាម ដាក់ទណ្ឌកម្ម ឯកតោភាគីរបស់ប្រធានាធិបតីដូណាលត្រាំ កំពុងតែធ្វើឲ្យប្រទេសមហាអំណាចផ្សេងទៀតរួមកម្លាំងគ្នាប្រឆាំងអាមេរិក។
ប្រធានាធិបតីចិន លោកស៊ី ជីងពីង បានអំពាវនាវដល់ ប្រធានាធិបតីរុស្ស៊ីលោកពូទីននិងនាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉ានត្រា ម៉ូឌី រួមគ្នាទទួលខុសត្រូវ ក្នុងការការពារផលប្រយោជន៍រួម របស់ប្រទេសទាំងបី។ សំណើខាងលើ ធ្វើឡើងនៅក្នុងជំនួបត្រីភាគីរវាង មេដឹកនាំប្រទេសទាំង៣បន្ទាប់ពីកិច្ចប្រជុំ G-20 នៅទីក្រុង អូសាកា ប្រទេសជប៉ុន កាលពីថ្ងៃទី២៨ខែមិថុនាកន្លងមក។
ប្រធានាធិបតីចិន ស៊ី ជីនពីង បានលើកឡើងថា « គោលនយោបាយគាំពារនិយម និង ឯកតោភាគីបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើស្ថិរភាពសកលលោក លើការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាសណ្តាប់ធ្នាប់ពិភពលោកទាំមូល»។
ប្រធានាធិបតីចិនបានបញ្ជាក់ទៀតថា ទីក្រុងប៉េកាំង មូស្កូ និងញូវដេលី ចាំបាច់ត្រូវតែ ធានា ការពារផលប្រយោជន៍ជាមូលដ្ឋាន នៅលើពិភពលោក ក៏ដូចជាផលប្រយោជន៍ប្រទេសទាំង៣ ។ លោកស៊ី ជីនពីង បានបន្តទៀតថា «យើងត្រូវលើកកម្ពស់ និងភាវូបនីយកម្ម ធ្វើប្រជាធិបតេយ្យ លើទំនាក់ទំនងអន្តរជាតិ»។ ចិនបានប្រឆាំងយ៉ាងដាច់ខាតដល់ការដាក់ទណ្ឌកម្មជាឯកតោភាគីផ្ទុយនិងច្បាប់ អន្តរជាតិ របស់អាមេរិក ។
រយៈពេលកន្លងមក រដ្ឋាភិបាលទីក្រុងប៉េកាំង បានជំរុញ បង្កើនទំនាក់ទំនងត្រីភាគី ជាមួយឥណ្ឌានិងរុស្ស៊ី ដើម្បីទប់ទល់ជាមួយសម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោន ។ ប្រទេសទាំង៣គឺកំពុងតែមានវិវាទជាមួយអាមេរិក ជុំវិញ វិស័យពាណិជ្ជកម្ម និងទណ្ឌកម្មពីអាមេរិក។
ឥណ្ឌាជាប្រទេសថ្មីមួយទៀតនៅក្នុងការវាយប្រហារ របស់រដ្ឋាភិបាលដូណាលត្រាំ លើវិស័យពាណិជ្ជកម្ម ដោយអាមេរិក ក៏បានដំឡើងពន្ធលើទំនិញនាំចូលពីឥណ្ឌាផងដែរ ។ ជាមួយគ្នានោះឥណ្ឌាក៏បានសម្រេច ដំឡើងពន្ធលើទំនិញ២៥មុខនាំចូលពីអាមេរិក។
ប្រទេសជាច្រើននៅជុំវិញពិភពលោក ទាំងសម្ព័ន្ធមិត្តរបស់អាមេរិក មិនពេញចិត្តទៅនឹងសកម្មភាពដឹកនាំរបស់លោកត្រាំដែលគិតតែពីផលប្រយោជន៍ខ្លួនឯង ។ ប៉ុន្តែប្រទេសទាំងនោះមិនហ៊ានប្រឆាំងជាមួយអាមេរិក នោះឡើយពិសេសគឺប្រទេសតំបន់អឺរ៉ុប។
ប៉ុន្តែសម្រាប់ប្រទេសមហាអំណាចអាស៊ី និងជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទីពីរនៅលើពិភពលោក មិនបន្ធូបន្ថយចំពោះការដាក់គំនាបនោះឡើយ ។ នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំង មិនមានគម្រោងរៀបចំជំនួបជាមួយប្រធានាធិបតីដូណាលត្រាំ ទៀតឡើយ បើលោកមិនផ្លាស់ប្តូគោលនយោបាយ អាត្មានិយមទេនោះ។
កត្តាដែលចិន បានខ្វល់ពីការដាក់ទណ្ឌកម្ម របស់អាមេរិក ក៏ដូចជាសង្គ្រាមពាណិជ្ជកម្ម ដោយចិនបានខិតខំបង្កើនទំនាក់ទំនងជាមួយប្រទេសជិតខាងក្នុងនោះមានរុស្ស៊ី ឥណ្ឌា ជាដើម ។ការចាប់ដៃជាមួយឥណ្ឌា គឺអាចទប់ទល់ជាមួយអាមេរិក នៅក្នុងសង្គ្រាមពាណិជ្ជកម្ម។ នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងតែស្វែងរកសម្ពន្ធមិត្ត ពាណិជ្ជកម្មថ្មី ដើម្បីទប់ទល់ជាមួយ អាមេរិក ក្នុងសង្គ្រាមពាណិជ្ជកម្ម។
ឥណ្ឌាជាប្រទេសដែលមានពលរដ្ឋច្រើនលំដាប់ទីពីរនៅលើពិភពលោក តម្រូវការប្រើប្រាស់នៅក្នុងស្រុក ក៏ច្រើនផងដែរ ។ទាំងនោះគឺជាឱកាសដើម្បីចិននិងឥណ្ឌាសហប្រតិបត្តិការសេដ្ឋកិច្ច នឹងធ្វើឲ្យអាមេរិក ត្រូវប្រឈមនឹងបញ្ហាវិញជាមិនខានឡើយ។
អាមេរិកក៏បានដំឡើងពន្ធ២៥ភាគរយ ដល់ដែកថែបនិង ១០ភាគរយដល់ អាលុយមីញ៉ូមនាំចូលពីឥណ្ឌា។ កាលពីដើមខែកន្លងមក អាមេរិកបានបញ្ចប់ ការផ្តល់អាទិភាពក្នុងវិស័យពាណិជ្ជកម្មដល់ឥណ្ឌា ។ កន្លងមក អាមេរិកបានលើកលែង ពន្ធនាំចូលទំនិញពីឥណ្ឌាមានតម្លៃ៥ពាន់លានដុល្លារ ។ សកម្មភាពខាងលើធ្វើឲ្យអាមេរិកនិងឥណ្ឌាប្រឈម មុខតានតឹងដាក់គ្នាជានិច្ច។
នៅពេលនេះដែរឥណ្ឌាបានប្តេជ្ញា ទិញមីស៊ីលការពារ S-400 ពីរុស្ស៊ី ដើម្បីពង្រឹងសមត្ថភាពការពារ ទោះបីអាមេរិកព្រមានដាក់ទណ្ឌកម្មក្តី។
រដ្ឋលេខាធិការក្រសួងការបរទេសចិនលោក Zhang Hanhui បានបញ្ជាក់ថា វិវាទពាណិជ្ជកម្ម រវាង ចិននិងអាមេរិក បានគ្រប់ដណ្តបដល់ប្រទេសជិតខាង ។ នៅពេលនេះឥណ្ឌាក៏កំពុងប្រឈមបញ្ហាពាណិជ្ជកម្មជាមួយអាមេរិកផងដែរ។ ចំណុចទាំងនោះហើយគឺជាឱកាសដល់ សម្រាប់ឥណ្ឌានិងចិនកាន់តែជិតស្និទ្ធ រួមកម្លាំងគ្នាប្រឆាំង អាមេរិក។
លោក Zhang Hanhui បានបន្តទៀតថា ចិននិងឥណ្ឌា ចាំបាច់ត្រូវតែរក្សាគោលជំហរ និងប្រឆាំងគោលនយោបាយគាំពាពាណិជ្ជកម្ម របស់លោកត្រាំ ។ នៅពេលនេះឥណ្ឌានិងចិន ចាំបាច់ត្រូវតែ រក្សាទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធនិងគ្នា ។
តាមគម្រោង ប្រធានាធិបតីចិន ស៊ីជីងពីងនិងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី និងជួបពិភាក្សាគ្នា នៅក្នុងសប្តាហ៍បន្ទាប់ពីកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការណ៍ទីក្រុងសៀងហៃ SCO ធ្វើឡើងនៅទីក្រុង Bishkek ប្រទេស Kyrgyzstan ។
ចំណែកទំនាក់ទំនងរវាងរុស្ស៊ី-ចិន វិញល្អប្រសើរនិងគ្នាតាំងពីដើមមក ដោយប្រទេសទាំងពីរ តែងតែប្រឆាំង គោលនយោបាយឈ្លានពានរបស់អាមេរិក ។ នៅពេលនេះទំនាក់ទំនង រុស្ស៊ី-អាមេរិក កាន់តែអាក្រក់ខ្លាំងឡើងៗ។
លោក ពូទីន បានថ្លែងក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ Mir TV ផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ថា «ទំនាក់ទំនងរបស់យើងកំពុងតែដាំក្បាលចុះ ទំនាក់ទំនងដែលកំពុងតែអាក្រក់ និងកាន់តែអាក្រក់ខ្លាំងឡើយ ។ រដ្ឋបាលបច្ចុប្បន្ននេះ បានយល់ព្រម និងសម្រេចយល់ព្រម រាប់សិបលើក ក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី អំឡុងឆ្នាំចុងក្រោយថ្មីៗនេះ» ។
សូមបញ្ជាក់ថា ការថ្លែងរបស់មេដឹកនាំរុស្ស៊ីពេលនេះកើតឡើង មុនពេលដែលជំនួប G20 ត្រូវបានធ្វើឡើងនៅប្រទេសជប៉ុន ចុងខែមិថុនា ឆ្នាំ២០១៩នេះ ។ នៅទីនោះ លោកពូទីន អាចនឹងជួបជាមួយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផង ។
គួរបញ្ជាក់ថា អាមេរិក និងរុស្ស៊ី មានការប្រឈមមុខតានតឹងដាក់គ្នា ចាប់តាំងអំពីបញ្ហានៅស៊ីរី រហូតដល់អ៊ុយក្រែន និងការចោទប្រកាន់រុស្ស៊ីជ្រៀតជ្រែកកិច្ចការនយោបាយនៅអាមេរិកជាដើម ដែលជាការចោទប្រកាន់មួយ ត្រូវទីក្រុងមូស្គូច្រានចោលនោះ ៕
ដោយ៖ មែវ សាធី