បច្ចុប្បន្ន អាមេរិក និងរុស្ស៊ី ជាប្រទេសមហាអំណាចសព្វាវុធនៅលើពិភពលោក តែងតែបង្អួត នូវអាវុធទំនើបៗរបស់ខ្លួន ហើយអះអាងថា មានតែអាវុធរបស់ខ្លួនប៉ុណ្ណោះ ទើបមានសមត្ថភាពខ្ពស់ជាង ។ សកម្មភាពខាងលើគឺជាការប្រកួតប្រជែងអាវុធ ទំនើប ៗ របស់មហាអំណាយោធាទាំងពីរ ។
នៅពេលនេះដែរ អាមេរិកបានសាកល្បងមីស៊ីល ដែលមានល្បឿនលឿនជាង សំឡេងដល់ទៅ២០ដង ដែលអាមេរិកចាត់ទុកថា ជាមីស៊ីលលឿនជាងគេបំផុតនៅលើពិភពលោក។ ការបង្ហាញខាងលើរបស់អាមេរិកកើតឡើង ក្រោយរុស្ស៊ី បញ្ជាក់ថា មីស៊ីលS-500 អាចកម្ទេចគោលដៅហោះហើរនៅគ្រប់ទិសទី ទាំងនៅលំហរអាកាស ផងដែរ។
ពេលថ្មីៗនេះ ទីតាំងទ័ពអាកាសអាមេរិក Edwards បានបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 Stratofortress បំពាក់មីស៊ីលល្បឿនលឿនប្រភេទ AGM-183Aដែលគេឲ្យឈ្មោះថាមីស៊ីលប្រតិកម្មរហ័ស បាញ់ចេញពីយន្តហោះទម្លាក់គ្រាប់ ។
សារព័ត៌មាន Sputnik បានផ្សាយថា យន្តហោះ B-52 Stratofortress បានហោះហើរសាកល្បងមីស៊ីលខាងលើ កាលពីដើមសប្តាហ៍ ដោយមីស៊ីល បំពាក់នៅខាងក្រៅយន្តហោះទម្លាក់គ្រាប់ ប៉ុន្តែមីស៊ីលនោះ មិនបានបំពាក់ ក្បាលគ្រាប់នោះឡើយ ។
ប្រភពព័ត៌មានពីកម្លាំងទាហានអាកាសអាមេរិកបង្ហាញឲ្យឃើញថា ការសាកល្បងខាងលើ គឺដើម្បីត្រួតពិនិត្យ សមត្ថភាព បញ្ជាមីស៊ីល ពីយន្តហោះ B-52 Stratofortress ក្នុងពេលមានសង្គ្រាម និងប្រតិកម្មរហ័ស ទៅលើទីតាំង។ មីស៊ីល AGM-183A របស់អាមេរិក គឺមានសមត្ថភាពខ្លាំងជាងមីស៊ីល Kh-47M2 Kinzhal របស់រុស្ស៊ី ទាំងល្បឿន និងកម្រិតចំគោលដៅ ។ មីស៊ីលនេះ មានល្បឿន លឿនជាង សំឡេងដល់ទៅ២០ដង(Mach-20) ដោយអាចវាយប្រហារទៅលើគោលដៅ នៅចម្ងាយ ចាប់ពី២០០០-៥០០០គីឡូម៉ែត្រ។
សកម្មភាពខាងលើរបស់អាមេរិក កើតឡើង ក្រោយពេលដែលរុស្ស៊ី បង្ហាញមីស៊ីលដ៏ទំនើបបំផុតនៅលើពិភពលោក របស់រុស្ស៊ី S-500 មានសមត្ថភាពខ្ពស់ ក្នុងការវាយប្រហារកម្ទេចគោលដៅ ហោះហើរទាំងនៅក្នុងបរិយាកាសផែនដី ព្រមទាំង លំហរអាកាសផងដែរ ។មីស៊ីលខាងលើ អាចកម្ទេចមីស៊ីលឆ្លងទ្វីបរបស់អាមេរិក ដូចជា Minuteman III ។
សារព័ត៌មាន RIA Novosti បានដកស្រង់សម្តី អគ្គនាយក ទទួលបន្ទុក អភិវឌ្ឍន៍បច្ចេកវិទ្យា វិទ្យាសាស្ត្រ របស់ក្រុមហ៊ុន Almaz Antey បានបញ្ជាក់ថា មីស៊ីល S-500 អាចធ្វើសកម្មភាពវាយប្រហារនៅលំហរអាកាស ផុតពីទំនាញផែនដី ។
មីស៊ីល S-500 អាចកម្ទេចគោលដៅ នៅក្នុងកម្ពស់ចាប់ពី១៨០-២០០ គីឡូម៉ែត្រ ។មីស៊ីលនេះអាចវាយប្រហារទៅលើគោលដៅចំនួន១០កន្លែងផ្សេងគ្នា ក្នុងពេលតែមួយ ក្នុងល្បឿនដល់ទៅ៧គីឡូម៉ែត្រ ក្នុង១វិនាទី ស្មើនឹង២៥.០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។
មីស៊ីល S-500 ជាមីស៊ីលទំនើបបំផុតនៅលើពិភពលោក មានសមត្ថភាពជាងមីស៊ីលអាមេរិកទៅទៀត ។ ចំណុចទាំងនោះហើយធ្វើឲ្យអាមេរិក បារម្ភកាន់តែខ្លាំង ហើយក៏បានជំរុញការខិតខំផលិតអាវុធ ដែលមានសមត្ថភាពខ្លាំង ជាង មីស៊ីលខាងលើរបស់រុស្ស៊ី ។
នៅពេលនេះដែរ ប្រទេសជាច្រើន នៅលើពិភពលោក គ្មានកម្លាំងយោធា និងសព្វាវុធការពារ នោះឡើយ។ ក្នុងពេល បណ្តាប្រទេសនៅជុំវិញពិភពលោកបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍ កម្លាំងយោធា និងចំណាយប្រាក់ជាច្រើន ដើម្បីផលិតសព្វាវុធទំនើប ៗ ។ សកម្មភាពទាំងនោះ បានធ្វើឲ្យពិភពលោកធ្លាក់នៅក្នុងដំណាក់កាលនៃការប្រកួតប្រជែងសព្វាវុធ ។ ប៉ុន្តែក៏មានប្រទេសជាច្រើន បានសម្រេចរំសាយយោធា សព្វាវុធ បង្កើតទៅជាប្រទេស គ្មានយោធា ។
ក្នុងចំណោមប្រទេស ដែលមិនមានទាហាន ក្នុងនោះមានប្រទេសដូចជា៖
ប្រទេស Andorra៖ ជាប្រទេសស្ថិតនៅក្នុងតំបន់អឺរ៉ុប ដោយមានកិច្ចព្រមព្រៀង ការពារ ជាមួយប្រទេសជិតខាង គឺបារាំង និងអេស្បាញ ។ ប្រទេសនេះមានផ្ទៃដី៤៧០គីឡូម៉ែត្រក្រឡា មានពលរដ្ឋជាង៧៧ពាន់នាក់ រស់នៅ ។
ប្រទេស Dominica៖ស្ថិតនៅតំបន់ឈូងសមុទ្រ Caribbean បានរំសាយយោធានៅឆ្នាំ១៩៨១ ហើយបច្ចុប្បន្ន សកម្មភាពការពារ គឺពឹងផ្អែកទៅលើកម្លាំងប៉ូលិស ការពារទាំងដីគោក និងដែនសមុទ្រ ។ ប្រទេសនេះមានពលរដ្ឋជិត៧៥ពាន់នាក់ មានផ្ទៃដី ៧៥០ គីឡូម៉ែត្រក្រឡា ។
ប្រទេស Iceland៖ ស្ថិតនៅក្នុងតំបន់អឺរ៉ុប ប្រទេសនេះបានរំសាយយោធានៅឆ្នាំ១៨៦៩ ។ Iceland ជាប្រទេសតែមួយគត់នៅក្នុងសមាជិក ណាតូដែលគ្មានទាហាន ប៉ុន្តែមានកិច្ចព្រមព្រៀងការពារជាតិ ពីបណ្តាប្រទេសណាតូ ។ ប្រទេសនេះមានកម្លាំង រក្សាសន្តិភាព និងកម្លាំងប៉ូលិស ការពារបានយ៉ាងល្អបំផុត ។ ប្រទេសនេះមានពលរដ្ឋ ជាង៣៤០ពាន់នាក់ មានផ្ទៃដីជាង១០០ពាន់គីឡូម៉ែត្រក្រឡា ។
ក្រៅពីនេះនៅមានប្រទេសជាច្រើនទៀតដែលគ្មានយោធា ដូចជា ប្រទេស Grenada, Liechtenstein, Solomon, Nauru, Tuvalu, Samoa, Palau, Marshall ជាដើម ។ ភាគច្រើនប្រទេសទាំងនោះមានពលរដ្ឋតិច ផ្ទៃដីតូច ទើបមិនបង្កើតកម្លាំងទាហាន ៕
ដោយ៖ មែវ សាធី