(វិភាគព័ត៍មានអន្តរជាតិ) មហាអំណាចយោធាប្រជែងផលិតអាវុធទំនើបៗ តែនៅមានប្រទេសជាច្រើន មិនត្រូវការអាវុធនិងយោធាឡើយ

ចែករំលែក៖

បច្ចុប្បន្ន អាមេរិក និងរុស្ស៊ី​ ជាប្រទេសមហាអំណាចសព្វាវុធនៅលើពិភពលោក ​តែងតែបង្អួត នូវអាវុធទំនើបៗរបស់ខ្លួន ហើយអះអាងថា មានតែអាវុធរបស់ខ្លួនប៉ុណ្ណោះ ទើបមានសមត្ថភាពខ្ពស់ជាង ។ សកម្មភាពខាងលើ​គឺជាការប្រកួតប្រជែងអាវុធ ទំនើប ៗ របស់មហាអំណា​យោធាទាំងពីរ ។​

នៅពេលនេះដែរ អាមេរិកបានសាកល្បងមីស៊ីល ដែលមានល្បឿនលឿនជាង សំឡេងដល់ទៅ​២០​ដង ដែលអាមេរិកចាត់ទុកថា ជាមីស៊ីលលឿនជាងគេបំផុតនៅលើពិភពលោក​។ ការបង្ហាញខាងលើរបស់អាមេរិកកើតឡើង ក្រោយរុស្ស៊ី បញ្ជាក់ថា មីស៊ីល​S-500 ​អាចកម្ទេចគោលដៅ​ហោះហើរនៅគ្រប់ទិសទី ទាំងនៅលំហរអាកាស ផងដែរ​។

ពេលថ្មីៗនេះ ទីតាំងទ័ពអាកាសអាមេរិក​ Edwards បានបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ​ B-52 Stratofortress បំពាក់មីស៊ីល​ល្បឿនលឿន​ប្រភេទ​ AGM-183Aដែលគេឲ្យឈ្មោះថាមីស៊ីលប្រតិកម្មរហ័ស​ បាញ់ចេញពីយន្តហោះទម្លាក់គ្រាប់ ។

សារព័ត៌មាន​ Sputnik ​បានផ្សាយថា យន្តហោះ B-52 Stratofortress បានហោះហើរសាកល្បងមីស៊ីលខាងលើ កាលពីដើមសប្តាហ៍​​ ដោយមីស៊ីល បំពាក់នៅខាងក្រៅយន្តហោះទម្លាក់គ្រាប់ ប៉ុន្តែមីស៊ីលនោះ មិនបានបំពាក់ ក្បាលគ្រាប់នោះឡើយ ។

ប្រភពព័ត៌មានពីកម្លាំងទាហានអាកាសអាមេរិកបង្ហាញឲ្យឃើញថា ការសាកល្បងខាងលើ គឺដើម្បីត្រួតពិនិត្យ សមត្ថភាព បញ្ជាមីស៊ីល ពីយន្តហោះ​ B-52 Stratofortress ក្នុងពេលមានសង្គ្រាម និង​ប្រតិកម្មរហ័ស ទៅលើទីតាំង​។ មីស៊ីល​ AGM-183A ​របស់អាមេរិក គឺមានសមត្ថភាព​ខ្លាំងជាង​មីស៊ីល Kh-47M2 Kinzhal ​របស់រុស្ស៊ី ទាំងល្បឿន និងកម្រិតចំគោលដៅ ។ មីស៊ីលនេះ មានល្បឿន លឿនជាង សំឡេងដល់ទៅ​២០ដង​(Mach-20) ដោយអាចវាយប្រហារទៅលើគោលដៅ នៅចម្ងាយ ចាប់ពី​២០០០-៥០០០គីឡូម៉ែត្រ​។

សកម្មភាពខាងលើរបស់អាមេរិក កើតឡើង ក្រោយពេលដែលរុស្ស៊ី បង្ហាញមីស៊ីលដ៏ទំនើបបំផុតនៅលើពិភពលោក ​របស់រុស្ស៊ី​ S-500 ​​មានសមត្ថភាពខ្ពស់ ក្នុងការវាយប្រហារកម្ទេចគោលដៅ ​ ហោះហើរទាំងនៅក្នុងបរិយាកាសផែនដី ព្រមទាំង លំហរអាកាសផងដែរ ។​មីស៊ីលខាងលើ អាចកម្ទេចមីស៊ីលឆ្លងទ្វីបរបស់អាមេរិក ដូចជា​ Minuteman III ។

សារព័ត៌មាន​ RIA Novosti ​បានដកស្រង់សម្តី អគ្គនាយក ទទួលបន្ទុក អភិវឌ្ឍន៍បច្ចេកវិទ្យា វិទ្យាសាស្ត្រ ​របស់ក្រុមហ៊ុន​ Almaz Antey ​ បានបញ្ជាក់ថា មីស៊ីល S-500 អាចធ្វើសកម្មភាពវាយប្រហារនៅលំហរអាកាស ផុតពីទំនាញផែនដី​ ។

មីស៊ីល S-500 ​អាចកម្ទេច​គោលដៅ នៅក្នុងកម្ពស់ចាប់ពី​១៨០-២០០ គីឡូម៉ែត្រ ។មីស៊ីលនេះអាចវាយប្រហារទៅលើ​គោលដៅចំនួន​១០កន្លែងផ្សេងគ្នា ក្នុងពេលតែមួយ​ ក្នុងល្បឿនដល់ទៅ​៧គីឡូម៉ែត្រ ក្នុង​១វិនាទី ស្មើនឹង​២៥.០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។

មីស៊ីល S-500 ជាមីស៊ីលទំនើបបំផុតនៅលើពិភពលោក មានសមត្ថភាពជាងមីស៊ីលអាមេរិក​ទៅទៀត ។ ចំណុចទាំងនោះហើយធ្វើឲ្យអាមេរិក បារម្ភកាន់តែខ្លាំង ហើយក៏បាន​ជំរុញការខិតខំផលិតអាវុធ ដែលមានសមត្ថភាពខ្លាំង ជាង មីស៊ីលខាងលើរបស់រុស្ស៊ី​ ។

នៅពេលនេះដែរ ប្រទេសជាច្រើន នៅលើពិភពលោក គ្មានកម្លាំងយោធា និងសព្វាវុធការពារ នោះឡើយ។ ក្នុងពេល បណ្តាប្រទេសនៅជុំវិញពិភពលោកបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍ កម្លាំងយោធា និងចំណាយប្រាក់ជាច្រើន ដើម្បីផលិតសព្វាវុធទំនើប ៗ ។ សកម្មភាពទាំងនោះ បានធ្វើឲ្យពិភពលោកធ្លាក់នៅក្នុងដំណាក់កាល​នៃការប្រកួតប្រជែងសព្វាវុធ ។ ប៉ុន្តែក៏មានប្រទេសជាច្រើន បានសម្រេចរំសាយយោធា​ សព្វាវុធ បង្កើតទៅជាប្រទេស គ្មានយោធា ។

ក្នុងចំណោមប្រទេស ដែលមិនមានទាហាន ក្នុងនោះមានប្រទេសដូចជា​៖

ប្រទេស Andorra៖ ជាប្រទេសស្ថិតនៅក្នុងតំបន់អឺរ៉ុប ដោយមានកិច្ចព្រមព្រៀង ការពារ ជាមួយប្រទេសជិតខាង គឺបារាំង និងអេស្បាញ​ ។ ប្រទេសនេះមានផ្ទៃដី៤៧០គីឡូម៉ែត្រក្រឡា មានពលរដ្ឋជាង៧៧ពាន់នាក់ រស់នៅ​ ។

ប្រទេស Dominica៖​ស្ថិតនៅតំបន់ឈូងសមុទ្រ Caribbean បានរំសាយយោធានៅឆ្នាំ​១៩៨១​ ហើយបច្ចុប្បន្ន សកម្មភាពការពារ គឺពឹងផ្អែកទៅលើកម្លាំងប៉ូលិស ការពារទាំងដីគោក និងដែនសមុទ្រ​ ។ ប្រទេសនេះមានពលរដ្ឋជិត​៧៥ពាន់នាក់ មានផ្ទៃដី ៧៥០ គីឡូម៉ែត្រក្រឡា ។

ប្រទេស Iceland៖ ស្ថិតនៅក្នុងតំបន់អឺរ៉ុប​ ប្រទេសនេះបានរំសាយយោធា​នៅឆ្នាំ​១៨៦៩ ។ Iceland ​ជាប្រទេសតែមួយគត់នៅក្នុងសមាជិក ណាតូ​ដែលគ្មានទាហាន​ ប៉ុន្តែមានកិច្ចព្រមព្រៀងការពារជាតិ ពីបណ្តាប្រទេសណាតូ​ ។ ប្រទេសនេះមានកម្លាំង រក្សាសន្តិភាព និងកម្លាំងប៉ូលិស ការពារបានយ៉ាងល្អបំផុត​ ។ ប្រទេសនេះមានពលរដ្ឋ ជាង​៣៤០ពាន់នាក់ មានផ្ទៃដីជាង​១០០ពាន់គីឡូម៉ែត្រក្រឡា ។

ក្រៅពីនេះនៅមានប្រទេសជាច្រើនទៀតដែលគ្មានយោធា ដូចជា ប្រទេស Grenada, Liechtenstein, Solomon, Nauru, Tuvalu, Samoa, Palau, Marshall ជាដើម ។ ភាគច្រើនប្រទេសទាំងនោះមានពលរដ្ឋតិច ផ្ទៃដីតូច ទើបមិនបង្កើតកម្លាំងទាហាន ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print