មេដឹកនាំកោះហុងកុងលោកស្រី Carrie Lam បានបង្ហាញពីការនឿយហត់ យ៉ាងខ្លាំងក្រោយពេលក្រុមបាតុករធ្វើបាតុកម្មប្រឆាំងជាបន្តបន្ទាប់ អូសបន្លាយរយៈពេលយូ ។ លោកស្រីក៏បានស្នើ លាលែងពីតំណែង ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបពីរដ្ឋាភិបាលទីក្រុងប៉េកាំងនៅឡើយ។
សារព័ត៌មាន Financial Times បានដកស្រង់ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖ លោកស្រី Carrie Lam បានស្នើលាលែងពីតំណែងជាច្រើនលើកមកហើយ ប៉ុន្តែមិនទទួលបានការឆ្លើយតបពីរដ្ឋាភិបាលទីក្រុងប៉េកាំង។
កាលពីចុងសប្តាហ៍កន្លងមក បានតុកម្មនៅតែបន្តកើនឡើង ដោយមានក្រុមអ្នកកាសែតជាង ១៥០០នាក់ចូលរួមផងដែរ ។ សមាគមសារព័ត៌មាននៅហុងកុងចំនួន៧បានរួមគ្នាធ្វើបាតុកម្មនៅកណ្តាលទីក្រុងហុងកុង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ប្រឆាំងប៉ូលិស ដែលរងចោទថា បានបង្កអំពើហិង្សាមកលើអ្នកសារព័ត៌មាន ។
ក្រុមបាតុកររាប់រយនាក់បានធ្វើបាតុកម្ម ពីសួនឧទ្យានមួយ នៅ Admiralty នៅជិតការិយាល័យរដ្ឋាភិបាលមជ្ឈិម ទៅកាន់ស្នាក់ការកណ្តាលរបស់ប៉ូលិស នៅទីក្រុងហុងកុង ជាទីដែលពួកបាតុករបាននាំគ្នាស្រែកជាសញ្ញាថា «បញ្ឈប់ប៉ូលិសហិង្សា, ការពារសេរីភាពសារព័ត៌មាន» និង «ការពារអចលនទ្រព្យទី៤របស់យើង»នោះ ។
ក្រុមបាតុករបានអះអាងថា អំឡុងពេលចុះរាយការណ៍ព័ត៌មានរបស់ពួកគេ អំឡុងពេលថ្មីៗទាក់ទងការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅហុងកុង, ពួកគេត្រូវបានរុញច្រានឲ្យចេញពីព្រឹត្តិការណ៍នោះដោយកងកម្លាំងប៉ូលិស ។ ប៉ូលិសបណ្តេញពួកគេចេញ ដោយគ្មានហេតុផលច្បាស់លាស់, ការពោលពាក្យអសុរោះមកលើពួកគេ ហើយពេលខ្លួន ពួកគេរងនូវការវាយដំដោយដំបងរបស់ប៉ូលិសថែមទៀតផង ។
អ្នកចូលរួមបាតុកម្មម្នាក់បាននិយាយថា ការធ្វើបាតុកម្មនេះ ដោយសារតែអ្នកសារព័ត៌មាន ដែលបំពេញការងារដោយឯករាជ្យ រាយការណ៍ និងធ្វើបទសម្ភាសន៍អំឡុងព្រឹត្តិការណ៍ថ្មីនេះ ត្រូវកងកម្លាំងប៉ូលិសប្រើប្រាស់នូវអាកប្បកិរិយាមិនសមរម្យ និងប្រើប្រាស់អាវុធមកដោះស្រាយជាមួយអ្នកសារព័ត៌មានទៅវិញ ។ ហេតុដូច្នេះហើយ បានជាយើងនាំគ្នាមកប្រឆាំងតវ៉ាតាមបែបវិធីនេះ ។
អ្នករៀបចំបាតុកម្មអះអាងថា បើសិនសុវត្ថិភាពរបស់អ្នកកាសែត ត្រូវបានគំរាមកំហែងនោះ វាអាចនឹងប៉ះពាល់ផងដែរ ដល់លទ្ធភាពរបស់ពួកគេក្នុងការត្រួតពិនិត្យអំពីការអនុវត្តច្បាប់សាធារណៈរបស់ប៉ូលិស ។
សូមបញ្ជាក់ថា ទីក្រុងហុងកុងត្រូវបានញាំញីដោយសារតែបាតុកម្មទ្រង់ទ្រាយធំ អំឡុងសប្តាហ៍ថ្មីៗចុងក្រោយនេះ ប្រឆាំងច្បាប់តប្យាប័ន ដែលគេមើលឃើញថា អាចបញ្ជូនជនល្មើសណាម្នាក់ទៅកាន់តុលាការចិនដីគោក នោះ។
ពេលខ្លះអំពើហិង្សាកើតឡើងដោយសារតែបាតុកម្មនោះ ។ បាតុកម្មប្រឆាំងច្បាប់បត្យាប័ននោះ អូសទាញ់មនុស្សរាប់លាននាក់ចូលរួមផងដែរ, បាតុកររាប់រយនាក់ បានចូលឡោមព័ទ្ធអគាររដ្ឋសភា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីសម្តែងការប្រឆាំង ហើយដល់ពេលនេះ គម្រោងច្បាប់ស្តីអំពីបត្យាប័ន ត្រូវបានរដ្ឋាភិបាលប្រកាសលុបចោលហើយនោះ ៕
ដោយ៖ មែវ សាធី