ប៉ូលិសអាមេរិក​៦នាក់រងរបួសនៅក្នុងការបាញ់ប្រហារនៅទីក្រុង​ Philadelphia

ចែករំលែក៖

ទីក្រុង​ Philadelphia ៖ ការបាញ់ប្រហារគឺជាក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋអាមេរិក ដោយបន្តកើត​ឡើងជាញឺកញាប់ ។ នៅពេលនេះការបាញ់ប្រហារមិនសំដៅទៅលើពលរដ្ឋនោះឡើយ គឺទៅលើកម្លាំងសន្តិសុខតែម្តង បណ្តាលឲ្យប៉ូលិស ៦នាក់រងរបួស​។

កងកម្លាំងប៉ូលិស​ក្នុងទីក្រុង Philadelphia សហរដ្ឋអាមេរិក​ចុះអនុវត្តសាលដីកា​តុលាការ ស្រាប់តែផ្ទុះអាវុធ​កើតឡើង បណ្តាលឲ្យប៉ូលិស​រងរបួស​​យ៉ាងតិច​៦នាក់នៅថ្ងៃទី១៥​ ខែសីហា ឆ្នាំ២០១៩ (ពេលវេលានៅកម្ពុជា) ។ នេះជាការបាញ់ប្រហារថ្មីចុងក្រោយ​បំផុត​នៅក្នុងទឹកដីអាមេរិក ដែលកំពុង​មានចម្រូងចម្រាស់​ក្នុងបញ្ហាច្បាប់គ្រប់គ្រងអាវុធ ។

សារព័ត៌មាន sputniknews បានផ្សាយថា ៖ ការបាញ់ប្រហារ​បានកើតឡើង​ទៀត​ហើយ​នៅក្នុងទឹកដីអាមេរិក ដែលមួយដងនេះ គឺបាញ់ប្រហារទៅលើ​កងកម្លាំងប៉ូលិសរបួស​យ៉ាងតិច​៦នាក់ ស្ថិតនៅទីក្រុង Philadelphia កាលពីរសៀលថ្ងៃពុធ ។ ប៉ូលិស​ទ្រង់ទ្រាយធំ​បានចេញប្រតិបត្តិការឆ្លើយតបចំពោះ​ការបាញ់ប្រហារលើកនេះ ។

អ្នកនាំពាក្យប៉ូលិស​មួយរូប​បានថ្លែងថា៖ បន្ទាប់ពីបាញ់ប្រហារ​បណ្តាលឲ្យប៉ូលិស​៦នាក់រងរបួស​នៅកន្លែងកើតហេតុ, ប៉ូលិស​បានព្យាយាម​បញ្ចុះបញ្ចូល​ជនបាញ់ប្រហារ​ ឲ្យចុះចាញ់ និងសារភាព ដើម្បីគេចវេសពីការរងរបួស​មនុស្សកាន់តែច្រើនឡើងបន្ថែមទៀត ។

សារព័ត៌មាន Fox 29 ដកស្រង់សម្តីប៉ូលិស​ចុះផ្សាយថា ជនបាញ់ប្រហារ​បានផ្សាយបន្តផ្ទាល់​នៅលើបណ្តាញហ្វេសប៊ុក​ផងដែរ ។

ប្រភពបានបញ្ជាក់ថា មន្ត្រីប៉ូលិស​ម្នាក់​រងការបាញ់ប្រហារ​នៅត្រង់ក្បាល រងរបួសធ្ងន់ធ្ងរ, ម្នាក់ទៀតរងរបួស​នៅត្រង់ដៃ, អ្នកទីបីរងរបួស​នៅដៃទាំងពីរ ។ ប្រភពបន្តថា ប៉ូលិសទីបួន​រងគ្រាប់នៅត្រង់ក្បាល បៀមគ្រាប់ ចំណែកប៉ូលិសទី៥ រងរបួស​ត្រូវគ្រាប់កាំភ្លើងដែរ ប៉ុន្តែមិនត្រូវបានបញ្ជាក់ពីស្ថានភាព​របួស ហើយម្នាក់ទៀត ក៏មិនដឹងពីស្ថានភាពរបួសផងដែរ ។

Fox 29 បានបន្តថា ប៉ូលិសម្នាក់រងរបួស​ដោយសារគ្រោះថ្នាក់​ប៉ះជាមួយរថយន្ត រួមជាមួយអ្នកដំណើរម្នាក់ទៀត ។

ទូរទស្សន៍ NBC10 បានផ្សាយថា ជនសង្ស័យម្នាក់​ត្រូវបានប៉ូលិសចាប់ខ្លួន ហើយប៉ូលិស​បន្តស្រាវជ្រាវ​រកខ្មាន់កាំភ្លើងទី២ ។ ប្រភព Fox 29 ផ្សាយថា ការបាញ់ប្រហារ​នៅតែបន្តកើតមាននៅកន្លែងកើតហេតុ និងថា មន្ត្រីប្រឆាំងគ្រឿងញៀន២នាក់ កំពុងស្ថិតនៅក្នុងផ្ទះ​​ជាមួយជនបាញ់ប្រហារ ។

ស្នងការប៉ូលិស Sekou Kinebrew បានថ្លែងប្រាប់ប្រភពព័ត៌មានថា ការបាញ់ប្រហារបានកើតឡើង​នៅពេលដែល​កងកម្លាំង​ប៉ូលិស​ចុះអនុវត្តដីកាចាប់ខ្លួន ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print