ទីក្រុង Philadelphia ៖ ការបាញ់ប្រហារគឺជាក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋអាមេរិក ដោយបន្តកើតឡើងជាញឺកញាប់ ។ នៅពេលនេះការបាញ់ប្រហារមិនសំដៅទៅលើពលរដ្ឋនោះឡើយ គឺទៅលើកម្លាំងសន្តិសុខតែម្តង បណ្តាលឲ្យប៉ូលិស ៦នាក់រងរបួស។
កងកម្លាំងប៉ូលិសក្នុងទីក្រុង Philadelphia សហរដ្ឋអាមេរិកចុះអនុវត្តសាលដីកាតុលាការ ស្រាប់តែផ្ទុះអាវុធកើតឡើង បណ្តាលឲ្យប៉ូលិសរងរបួសយ៉ាងតិច៦នាក់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ (ពេលវេលានៅកម្ពុជា) ។ នេះជាការបាញ់ប្រហារថ្មីចុងក្រោយបំផុតនៅក្នុងទឹកដីអាមេរិក ដែលកំពុងមានចម្រូងចម្រាស់ក្នុងបញ្ហាច្បាប់គ្រប់គ្រងអាវុធ ។
សារព័ត៌មាន sputniknews បានផ្សាយថា ៖ ការបាញ់ប្រហារបានកើតឡើងទៀតហើយនៅក្នុងទឹកដីអាមេរិក ដែលមួយដងនេះ គឺបាញ់ប្រហារទៅលើកងកម្លាំងប៉ូលិសរបួសយ៉ាងតិច៦នាក់ ស្ថិតនៅទីក្រុង Philadelphia កាលពីរសៀលថ្ងៃពុធ ។ ប៉ូលិសទ្រង់ទ្រាយធំបានចេញប្រតិបត្តិការឆ្លើយតបចំពោះការបាញ់ប្រហារលើកនេះ ។
អ្នកនាំពាក្យប៉ូលិសមួយរូបបានថ្លែងថា៖ បន្ទាប់ពីបាញ់ប្រហារបណ្តាលឲ្យប៉ូលិស៦នាក់រងរបួសនៅកន្លែងកើតហេតុ, ប៉ូលិសបានព្យាយាមបញ្ចុះបញ្ចូលជនបាញ់ប្រហារ ឲ្យចុះចាញ់ និងសារភាព ដើម្បីគេចវេសពីការរងរបួសមនុស្សកាន់តែច្រើនឡើងបន្ថែមទៀត ។
សារព័ត៌មាន Fox 29 ដកស្រង់សម្តីប៉ូលិសចុះផ្សាយថា ជនបាញ់ប្រហារបានផ្សាយបន្តផ្ទាល់នៅលើបណ្តាញហ្វេសប៊ុកផងដែរ ។
ប្រភពបានបញ្ជាក់ថា មន្ត្រីប៉ូលិសម្នាក់រងការបាញ់ប្រហារនៅត្រង់ក្បាល រងរបួសធ្ងន់ធ្ងរ, ម្នាក់ទៀតរងរបួសនៅត្រង់ដៃ, អ្នកទីបីរងរបួសនៅដៃទាំងពីរ ។ ប្រភពបន្តថា ប៉ូលិសទីបួនរងគ្រាប់នៅត្រង់ក្បាល បៀមគ្រាប់ ចំណែកប៉ូលិសទី៥ រងរបួសត្រូវគ្រាប់កាំភ្លើងដែរ ប៉ុន្តែមិនត្រូវបានបញ្ជាក់ពីស្ថានភាពរបួស ហើយម្នាក់ទៀត ក៏មិនដឹងពីស្ថានភាពរបួសផងដែរ ។
Fox 29 បានបន្តថា ប៉ូលិសម្នាក់រងរបួសដោយសារគ្រោះថ្នាក់ប៉ះជាមួយរថយន្ត រួមជាមួយអ្នកដំណើរម្នាក់ទៀត ។
ទូរទស្សន៍ NBC10 បានផ្សាយថា ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ហើយប៉ូលិសបន្តស្រាវជ្រាវរកខ្មាន់កាំភ្លើងទី២ ។ ប្រភព Fox 29 ផ្សាយថា ការបាញ់ប្រហារនៅតែបន្តកើតមាននៅកន្លែងកើតហេតុ និងថា មន្ត្រីប្រឆាំងគ្រឿងញៀន២នាក់ កំពុងស្ថិតនៅក្នុងផ្ទះជាមួយជនបាញ់ប្រហារ ។
ស្នងការប៉ូលិស Sekou Kinebrew បានថ្លែងប្រាប់ប្រភពព័ត៌មានថា ការបាញ់ប្រហារបានកើតឡើងនៅពេលដែលកងកម្លាំងប៉ូលិសចុះអនុវត្តដីកាចាប់ខ្លួន ៕
ដោយ៖ មែវ សាធី