នៅខែវិច្ឆិកា អាមេរិកនិងឥណ្ឌា​ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ

ចែករំលែក៖

សហរដ្ឋអាមេរិក-ឥណ្ឌា៖   ប្រធានាធិបតីអាមេរិក លោកប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាស នៅពេលដែល​នាយករដ្ឋមន្ត្រីឥណ្ឌា​លោក ណារ៉េនដ្រា មូឌី ( Narendra Modi) បំពេញទស្សនកិច្ចរយៈពេលវែង​មួយសប្តាហ៍​នៅលើទឹកដីអាមេរិក ថា​ កម្លាំងយោធាអាមេរិក ហើយនិងឥណ្ឌា នឹងរួមគ្នាធ្វើសមយុទ្ធ​ដែល​មានឈ្មោះថា Tiger Triumph (ខ្លាកំណាច) នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ។

លោក ត្រាំ បានថ្លែងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ថា សហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធ​កម្លាំងយោធា​រួមជាមួយឥណ្ឌា​ដែលមានឈ្មោះថា ខ្លាកំណាច (Tiger Triumph) នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ។ សមយុទ្ធនេះ ជាសមយុទ្ធលើកដំបូង​រវាងប្រទេសទាំងពីរ ដែលរួម​មានកម្លាំង​យោធា​​ទាំងបីប្រភេទ​ចូលរួម​សមយុទ្ធ ដ៏អស្ចារ្យ។

លោកដូណាល់ ត្រាំបានថ្លែងថា «នៅខែវិច្ឆិកា, ឥណ្ឌា និងអាមេរិក នឹង​ចូលរួម​ធ្វើសមយុទ្ធមិនធ្លាប់មានពីមុនមក ដោយកម្លាំង​ទាំងបីប្រភេទ​ចូលរួម ។ ឆាប់ៗនេះ កិច្ចព្រមព្រៀងស្តីអំពី​ការការពារជាតិ នឹងត្រូវចុះហត្ថលេខារវាងឥណ្ឌា និងអាមេរិក ដើម្បី​ពង្រឹងទំនាក់ទំនង​សន្តិសុខ​របស់ពួកយើង» ។

សូមបញ្ជាក់ថា​កាលពីដើមរៀងមក កងកម្លាំងឥណ្ឌា​ទាំងបីប្រភេទ​ធ្លាប់តែធ្វើសមយុទ្ធ​ទ្រង់ទ្រាយធំ​បែបនេះ​តែជាមួយ​ប្រទេសរុស្ស៊ីតែប៉ុណ្ណោះ ។ ឥឡូវនេះ កម្លាំង​ជើងទឹក ជើងអាកាស និងជើងគោកឥណ្ឌា​ចូលរួមសមយុទ្ធជាមួយ​អាមេរិក​វិញម្តង ។

ប្រមុខរដ្ឋាភិបាលឥណ្ឌា​​បានស្ពាយ​បញ្ហាជាច្រើន​ទៅពិភាក្សា​ជាមួយ​មន្ត្រីសហរដ្ឋអាមេរិក អំឡុងពេលដំណើរទស្សនកិច្ច​របស់គាត់ ។ បញ្ហាទាំងនោះ​មានទាំងបញ្ហាពាណិជ្ជកម្ម, ភាពតានតឹង​តំបន់កាស្មៀរ, ទំនាក់ទំនង​ជាមួយប៉ាគីស្ថាន និង​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ជាមួយទីក្រុងវ៉ាស៊ីនតោន ។

កាលពីពេលថ្មីៗកន្លងនេះ លោកដូណាល់ ត្រាំ ក៏បានជួបជាមួយ​នាយករដ្ឋមន្ត្រីប៉ាគីស្ថានផងដែរ ដោយពិភាក្សា​ស្ថានការណ៍​នៅតំបន់កាស្មៀរ ។ តំបន់កាស្មៀរនោះ ទីក្រុងញូវដេលី និងអិស្លាម៉ាបាដ​បានទាមទារ​ចំណែកគ្រប់គ្រងរៀងៗខ្លួន ។

មេដឹកនាំប៉ាគីស្ថាន កាលណោះ​បានអង្វរស្នើដល់ប្រធានាធិបតីដូណាល់ ត្រាំជួយសម្របសម្រួលដោះស្រាយជម្លោះដ៏ចម្រូងចម្រាសរវាងឥណ្ឌា និងប៉ាគីស្ថាននេះ ។ នៅមុនដំបូង លោកត្រាំ បានគាំទ្រ​គំនិតផ្តួចផ្តើមនេះ ប៉ុន្តែក្រោយមក លោកបានសម្រេចចិត្តថា ប្រទេសទាំងពីរអាចដោះស្រាយបញ្ហាដោយខ្លួនឯងបាន ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print