ចាប់ចោរ២នាក់លួចឈើធ្នង់៨ដុំ និងអ្នកទទួលផលចោរកម្មម្នាក់យកទៅចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ ​៖ ជនរងគ្រោះ​ឈ្មោះ រី ប៊ូ​និ​ត ហៅ កាប ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង​ថា​ បានដាក់​ពាក្យបណ្ដឹងឲ្យនគរបាលមូលដ្ឋានជួយស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យបងផ្តន្ទាទោសតាមច្បាប់ក្នុងករណីចោរ​ចូលលួច ឈើ​ធ្នង់ ចំនួន​ ៨​ដុំ នៅផ្ទះ​របស់ខ្លួន។

ក្រោយ​បានទទួល​បណ្តឹងពីជនរងគ្រោះភ្លាម កម្លាំង​ជំនាញ ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់​ពី លោក​ឧត្ដមសេនីយ៍​ត្រី ឡឹ​ក សុខា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រើប្រាស់​វិធានការ​ជំនាញ​ចុះ​ស្រាវជ្រាវ​កំណត់​បាន​មុខសញ្ញា និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ កាលពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​៥និង​២០​នាទី មានឈ្មោះ​ដូចខាងក្រោម ៖
១.​ឈ្មោះ ម៉ឹក វណ្ណៈ ភេទ​ប្រុស អាយុ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មុខរបរ​មិន​ពិតប្រាកដ ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ផ្ទះ​របស់ខ្លួន។​
២.​ឈ្មោះ ឈ្នៀង សុគា ភេទ​ប្រុស អាយុ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គៀប ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អ​ពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ មុខរបរ​មិន​ពិតប្រាកដ ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ផ្ទះ​របស់​ឈ្មោះ ធា​។​

លោក​ ឡឹ​ក សុខា ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បានឲ្យ​ដឹងថា​ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ​បាន​នាំយក​មកកាន់​អធិការដ្ឋាន ដើម្បី​សួរនាំ ក្រោយ​សាកសួរ​រួច ជនសង្ស័យ​ទាំងពីរ ក៏បាន​សារភាពថា​ ខ្លួន​ពិតជា​បាន​លួច​ឈើ​របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន ហើយ​បាន​យកទៅលក់​ឲ្យ ឈ្មោះ ឆែម សា​រួម​ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង រំលង​អធ្រាត្រ ភ្លាមៗ​នោះ​ កម្លាំង​ក៏បាន​បន្ត​ទៅ​ឃាត់ខ្លួន ឈ្មោះ ឆែម សា​រួម នៅ​នឹង​ផ្ទះ ដែល​មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​សំរោង និង​ដកហូត​ឈើ​ធ្នង់​បាន​ចំនួន​៧​ដុំ។

បច្ចុប្បន្ន​ ជន​សង្ស័យ​ទាំង​៣​នាក់ ​កំពុង​ត្រូវបានសមត្ថកិច្ចកសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print