រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមទីតាំង ៩០០កន្លែង ដើម្បីរៀបចំពិធីទទួលទានអំបុកខ្មែរ នៅថ្ងៃទី០៩ ខែវិច្ឆិកា ពេលខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់រៀបចំពិធីទទួលទានអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលចំនឹងថ្ងៃបុណ្យខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាផងដែរ ។
ដើម្បីឲ្យដំណើរការនៃការរៀបចំពិធីនេះបានប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី ភ្នំពេញ ដោយមានគោលការណ៍ និងការ ណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នេះ លោកបាន ដឹកនាំកិច្ចប្រជុំមួយ ជាមួយក្រុមការងារថ្នាក់ខណ្ឌ និងមន្ត្រីជំនាញ ដើម្បីរៀបចំពិធីបុណ្យជាតិនេះប្រព្រឹត្តទៅឲ្យបានរលូន។
លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា ការបើកឲ្យមានកិច្ចប្រជុំនេះឡើង ដើម្បីឲ្យក្រុមការងារខណ្ឌទាំងអស់ និងមន្ត្រីជំនាញរៀបចំពិធីនេះឲ្យបានរលូន ទៅតាមគម្រោងដែលរដ្ឋបាលរាជធានីភ្នំពេញ បានគ្រោងទុក។
លោកបានបញ្ជាក់ថា ៖ នៅទូទាំងរាជធានីភ្នំពេញ នឹងរៀបចំពិធីទទួលទានអំបុក ប្រមាណជាង៩០០ទីតាំង ដូច្នេះទេលោកសូមឲ្យប្រជាពលរដ្ឋចូលរួមទទួលទានអំបុក ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ទាំងអស់គ្នា។
លោក មាន ចាន់យ៉ាដា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសប្បាយរីករាយ និងអបអរ សាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ រួមជាមួយនឹងមោទនភាព ចំពោះសមិទ្ធផលនានារបស់រាជធានីភ្នំពេញ ដែលបាននិងកំពុងរីកចម្រើនយ៉ាងខ្លាំងក្លានាប៉ុន្មានឆ្នាំចុងក្រោយនេះ។
សូមបញ្ជាក់ថា សម្រាប់ពិធីទទួលទានអំបុក ដែលធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើនៅរមណីយដ្ឋានវត្តភ្នំ។ ដោយឡែកសម្រាប់ខណ្ឌ និងមន្ទីរផ្សេងៗទៀត ក៏នឹងត្រូវប្រារព្ធពិធីនេះឡើងផងដែរ ដោយមានការចូលរួមពីប្រជាពលរដ្ឋ មិនតិចជាង១០ម៉ឺននាក់នោះទេ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print