សុីរី៖ ភេរវករដែលអាមេរិកចាប់ឃុំខ្លួនក្នុងប្រទេស មិនមែនជាមនុស្សអាក្រក់ទាំងអស់នោះឡើយ ដោយខ្លះត្រូវក្រុមភេរវកម្មចាប់បង្ខំឲ្យចូលបម្រើការក្នុងជួរកងទ័ពបង្កើត រដ្ឋអ៊ីស្លាម IS ។ ទាំងនោះហើយបានជាក្រុមភេរវកម្មដែលជាប់ឃុំនៅក្នុងគុកតូចចង្អៀតទាមទារកាត់ទោសទៅតាមផ្លូវច្បាប់។
ខ្មាន់កាំភ្លើងក្រុមភេរវកម្ម រដ្ឋអ៊ីស្លាម IS ប្រមាណ១២ពាន់នាក់ ត្រូវបានអាមេរិកឃុំខ្លួន នៅក្នុងគុក ៧កន្លែងផ្សេងគ្នា នៅលើទឹកដីស៊ីរី ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយ ក្រុមជនជាតិឃឺដ ។ ការចាប់ឃុំខ្លួននោះតាំងពីពេល ក្រុម IS ដួលរលំនៅក្នុងប្រទេសស៊ីរី។ នៅក្នុងគុកនោះមិនខុសអ្វី ពីនរកលោកកិយនោះឡើយ។
អ្នកទោស រដ្ឋ អ៊ីស្លាម ១ភាគ៣ ដែលបានឃុំខ្លួនគឺជាមកពីបរទេស ក្នុងនោះមានរាប់រយ នាក់មកពីអង់គ្លេស។ ពេលថ្មីៗនេះ សារព័ត៌មាន The Sun បានផ្សព្វផ្សាយរូបភាព ដែលថត នៅក្នុងគុកឃុំក្រុមភេរវកម្ម បង្ហាញឲ្យឃើញថា អ្នកទោស ត្រូវ ដែក អង្គុយ ប្រជ្រៀតគ្នាក្នុង បន្ទប់តូចចង្អៀតឃុំអ្នកទោសជាង ៥ពាន់នាក់ ស្ថិតនៅក្នុងគុក មួយកន្លែងក្នុងចំណោម៧កន្លែង នៅទឹកដីស៊ីរី។
អ្នកទោសទាំងអស់នោះត្រូវស្លៀកពាក់អាវ ខោ ពណ៌ទឹកក្រូច ដូចទៅនឹងអ្នកទោស ដែលត្រូវ ប្រហារជីវិត។ នៅក្នុងឃ្លីបវីដេអូ ដែលបានបង្ហាញឲ្យឃើញថា អ្នកទោសត្រូវបានបង្ខំឲ្យ កោរសក់ និងពុកមាត់ ពុកចង្កា ទាំងអស់។ នៅពេលដេក អ្នកទោស រដ្ឋអ៊ីស្លាម ដេកបាន តែមួយចំហៀងខ្លួនតែប៉ុណ្ណោះ ដោយកន្លែងចង្អៀត។
សារព័ត៌មាន The Times បានផ្សាយថា អ្នកទោស ភាគច្រើននៅក្នុងគុកខាងលើបានអំពាវនាវ ឲ្យ មានការកាត់ទោសទៅតាមផ្លូវច្បាប់។ អ្នកទោសម្នាក់ មកពីប្រទេសគេនយ៉ា បានស្រែកថា«យើងចង់ទទួលបានការកាត់ទោស យ៉ាងហោចណាស់បានម្តង»។ចំណែកអ្នកទោស ជនជាតិ កាណាដា បានស្រែកត្រហូយយំថា«យើងមិនទទួលបានសិទ្ធិអ្វីទាំងអស់ ទាំងសិទ្ធិទទួលបានការកាត់ក្តីត្រឹមត្រូវ»។
មិនត្រឹមតែក្រុមភេរវកម្ម IS ដែលបានឃុំខ្លួននៅក្នុងគុកតូចចង្អៀតនោះឡើយ សូម្បីតែប្រពន្ធកូនរបស់ពួកគេ ក៏ត្រូវរស់នៅក្នុងជំរុំជនភៀសខ្លួនតូចចង្អៀត កង្វះស្បៀងអាហារ ផងដែរ។ កន្លងមក អាមេរិក បានស្នើដល់ប្រទេសដែលមានពលរដ្ឋរបស់ខ្លួន ជាអ្នកទោស ឲ្យទទួលយកទៅដាក់គុកនៅក្នុងប្រទេសរបស់ខ្លួនវិញ ប៉ុន្តែមិនមានប្រទេសណាមួយព្រមទទួលនោះឡើយ។ ពេលខ្លះអាមេរិកក៏បានព្រមានថានឹងដោះលែងអ្នកទោសភេរវកម្មទាំងនោះឲ្យចូលទៅតំបន់អឺរ៉ុវិញ ពេលអឺរ៉ុបមិនស្តាប់តាមអាមេរិកនោះ៕
មែវ សាធី