ប្រទេសចិន៖ ចិត្តសណ្តោស លើកទឹកចិត្ត លួងលោម ផ្តល់កម្លាំងចិត្ត …គឺជាកត្តាសំខាន់បំផុតដែលគ្រូពេទ្យម្នាក់ៗត្រូវតែមាន។ ប៉ុន្តែនៅក្នុងសង្គមពិតប្រាកដបែជាផ្ទុយទៅវិញ ខណៈកម្រមានគ្រូពេទ្យចិត្តធ្ងន់។ រយៈពេលកន្លងមក គិលានុបដ្ឋាយិកា មួយរូបបានធ្វើឱ្យមនុស្សគ្រប់គ្នាកោតសរសើរ គោរពស្រឡាញ់យ៉ាងខ្លាំង ដោយសារតែភាពអត់ធ្មត់ បំពេញតួនាទីជាគ្រូពេទ្យបានយ៉ាងល្អបំផុត មិនធ្លាប់មាន បើទោះបីត្រូវអ្នកជំងឺ ទាត់ផង ធាក់ផងនោះ។
ក្រោយពេលឃ្លីបវីដេអូស្តីពីសកម្មភាពបង្ហោះលើបណ្តាញសង្គម ទទួលបានការចាប់អារម្មណ៍ លើកទឹកចិត្ត កោតសរសើរ យ៉ាងខ្លាំង។ វីដេអូនោះ ទទួលបានការចែករំលែក ជាច្រើនលើបណ្តាញសង្គម។ ហេតុការខាងលើកើតឡើងនៅក្នុងមន្ទីរពេទ្យ ខេត្ត ហៃណាមប្រទេសចិន នៅពេលដែល កិលានុបដ្ឋាយិកា កំពុងបញ្ជូនអ្នកជំងឺ ចូលក្នុងបន្ទប់។ អ្នកជំងឺឈឺចាប់ខ្លាំងពេកក៏បានទាត់ធាក់ ទៅលើ កិលានុបដ្ឋាយិកា ជាច្រើនជើង តែនាងមិនខឹងឡើយថែមទាំង លួងលោមអ្នកជំងឺ លើកទឹកចិត្ត បញ្ចុះបញ្ជូលឲ្យចិត្តស្ងប់ទៀតផង។
ក្រោយសកម្មភាពដ៏ល្អខាងលើបានចែកចាយពេញបណ្តាញសង្គម ក្រុមអ្នកសារព័ត៌មានក៏បានស្វែងរកសម្ភាសន៍នាង។ កិលានុបដ្ឋាយិកា ចិត្តស្ងប់មិនចេះខឹងខាងលើ បានឲ្យដឹងថា នាងបានចូលធ្វើការនៅក្នុងមន្ទីរពេទ្យនេះជាងកន្លះឆ្នាំតែប៉ុណ្ណោះ ហើយនេះជាលើកទីមួយ ដែលនាងជួបករណីនេះ។
នាងបានលើកឡើងថា ដោយសារតែអ្នកជំងឺឈឺចាប់ខ្លាំងពេកមិនអាចទប់អារម្មណ៍របស់ខ្លួនបានទើបមានសកម្មភាព បែបនេះ។ នាងមិនដែលខឹងនិងទង្វើបែបនេះរបស់អ្នកជំងឺឡើយ។ អ្នកឈឺតែងតែមានស្មារតីមិនល្អ ក្នុងនាមជាគ្រូពេទ្យ ត្រូវតែលើកទឹកចិត្ត និងលួងលោម មិនអាចតបតវិញដោយចិត្តក្តៅឡើយ។មនុស្សជាច្រើនបាន បង្ហាញក្តីសង្ឃឹមថា នឹងមានគ្រូពេទ្យ កិលានុបដ្ឋាយិកា ល្អបែបនេះកាន់តែច្រើននៅក្នុងសង្គម៕
ដោយ៖ មែវ សាធ