ទស្សនល្ងីល្ងើៈ ខ្ញុំក្រមិនចេះជិះកង់រឿងអីខ្វល់នឹងច្បាប់ចរាចរណ៍ ?

ចែករំលែក៖

​មិនថានៅផ្សារលក់ត្រី​ ឬនៅតាមរោងបុណ្យ រោងការនោះទេ ដែលគេនាំគ្នានិយាយពី​រឿង​គោ​រពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលខ្លះបានលើកឡើងថា ច្បាប់ថ្មីនេះតឹងរ៉ឹងជាងច្បាប់ ចាស់ ច្បាប់នេះ​ហាក់ជាន់ករាស្រ្តក្រីក្រ ឯខ្លះទៀតបានគាំទ្រព្រោះវាបានធ្វើឲ្យមនុស្សចេះ គោ រពច្បាប់ចរាចរណ៍ និង​បានធ្វើឲ្យកាត់បន្ថយអ្នកស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិដោយ​សារគ្រោះថ្នាក់ចរាចរណ៍ ។
​នៅក្រោមដើមក្រខុបមានមែកត្រឈឹងត្រឈៃមួយដើមដែលមានតូបលក់កាហ្វេនៅពីក្រោមឯណេះវិញ ក្រុមអ្នករត់ម៉ូតូឌុប រត់ម៉ូតូរ៉ឺម៉ក និង​អ្នករត់តាក់ស៊ីុដែលនិយមផឹកកាហ្វេមួយកែវ អស់ទឹក​តែមួយប៉ាន់ ក៏កំពុង​ជជែកគ្នាបែកព​ពុះ​មាត់អំពីចំណាត់ការអនុវត្តតាមអនុក្រិត្យក្នុងការគោរពច្បាប់​ចរាចរណ៍​​ថ្មីមិនស្ទើរដែរ ។

​ពូអ្នករត់តាក់ស៊ីុដែលកំពុងផឹកកាហ្វេទឹកកកនៅខាងឆ្វេងដៃនាយជាលខ្ញុំបានលើកឡើង ពីការ​កាត់ឈ្មោះឡានសាំយ៉ុង១២កៅអីដែលគាត់សន្សំលុយជាង៥ឆ្នាំទើបទិញរថយន្ត កញ្ចាស់​មួយគ្រឿង​យកមករត់តាក់ស៊ីុហើយអីឡូវនេះបើអនុវត្តតាមច្បាប់គឺគាត់ត្រូវកាត់ឈ្មោះ ពីម្ចាស់ដើមដែលទិញតគ្នា​ដល់ទៅ៤នាក់រួចមកហើយ តែមិនដឹងរកម្ចាស់ដើមមកកាត់ឈ្មោះនៅឯណាខ្លះទេ ព្រោះម្ចាស់ដើម​ទាំង៤នាក់នេះមាន​ខ្លះស្លាប់បាត់ទៅហើយ តើទៅគាស់ផ្នូរយកគាត់មកផ្តឹត​មេដៃឬយ៉ាងណា ?

​លោកពូនិយាយទៀតថា អ្វីដែលគាត់បារម្ភទៀតនោះគឺច្បាប់បានតម្រូវឲ្យផ្ទុកអ្នកជិះតាមចំនួន​កៅអី បើផ្ទុកលើសប៉ូលិសផាកពិន័យ បើធ្វើតាមនេះច្បាស់ជាគ្មានលុយឲ្យថ្លៃបេន ថ្លៃប៉ូលិសចរាចរទេ ដូច្នេះមានតែឡើងថ្លៃឈ្នួលអ្នកជិះទើបរួចខ្លួន ។

​ចំណែកពូរត់ម៉ូតូឌុបម្នាក់បាននិយាយថា ក្រៅពីធ្វើបណ្ណបើកបរគាត់មានការចាប់អារម្មណ៍មួយ​ដែលច្បាប់តម្រូវឲ្យអ្នកជិះម៉ូតូពីក្រោយពាក់មួកសុវត្ថិភាពដែរ ។ ត្រង់នេះគាត់បញ្ជាក់ថា កន្លងមកគាត់​ធ្លាប់​ដក​ពិសោធន៍ម្តងរួចហើយដោយសុំឲ្យម៉ូយស្រវឹងម្នាក់ពាក់មួកដូចគាត់ដែរ ប៉ុន្តែម៉ូយម្នាក់នេះ​មិនព្រម​ពាក់​ទេសុខចិត្តកាន់ក្នុងដៃហើយពោលថា កុំចេះប្រដៅអញ! អញមិនដឹងងាប់ទេឬអី? មិនតែ ប៉ុណ្ណោះម៉ូយម្នាក់នេះពេលដល់គោល​ដៅថែមទាំង​ដើរឆ្កុយចូលបន្ទាយធ្វើប្រងើយអត់ឲ្យទាំងលុយ អត់ឲ្យទាំង​មួកទៀត ។

​និយាយស្ទើរចប់មិនទាន់អ្នករួមតុសើចស្ទើរឈ្លក់កាហ្វេ ធ្វើឲ្យលោកតាម្នាក់ពាក់វ៉ែនតាស ក្រោកក្រេះបោសគូទខោនិយាយកំបុតៗថា ពិបាកអីយ៉ាងនេះ បើធ្វើដូចខ្ញុំប្រហែលទាំងអស់គ្នា​មិនពិបាកទេ គឺខ្ញុំធ្វើបណ្ណ បើកបរក៏មិនធ្វើ ពាក់មួកក៏មិនពាក់មួក កាត់ឈ្មោះក៏មិនកាត់ឈ្មោះ គ្រោះថ្នាក់ចរាចរណ៍ ក៏មិនគ្រោះ ថ្នាក់ចរាចរណ៍….

​គ្រាន់តែឮលោកតានិយាយចប់ភ្លាម អ្នកផឹកកាហ្វេផ្ទុះសំណើចគឹលម្តងទៀត រួចនាំគ្នាសួរថា តើធ្វើ​ម៉េចទៅតា? លោកតាឆ្លើយយ៉ាងខ្លីថា គឺខ្ញុំក្រគ្មានលុយទិញឡាន ទិញម៉ូតូជិះ និងមិនចេះជិះកង់​ទៀត រឿងអីខ្ញុំខ្វល់​នឹងច្បាប់ថ្នាក់ចរាចរណ៍ ?

នាយជាល

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print