មិនថានៅផ្សារលក់ត្រី ឬនៅតាមរោងបុណ្យ រោងការនោះទេ ដែលគេនាំគ្នានិយាយពីរឿងគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលខ្លះបានលើកឡើងថា ច្បាប់ថ្មីនេះតឹងរ៉ឹងជាងច្បាប់ ចាស់ ច្បាប់នេះហាក់ជាន់ករាស្រ្តក្រីក្រ ឯខ្លះទៀតបានគាំទ្រព្រោះវាបានធ្វើឲ្យមនុស្សចេះ គោ រពច្បាប់ចរាចរណ៍ និងបានធ្វើឲ្យកាត់បន្ថយអ្នកស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
នៅក្រោមដើមក្រខុបមានមែកត្រឈឹងត្រឈៃមួយដើមដែលមានតូបលក់កាហ្វេនៅពីក្រោមឯណេះវិញ ក្រុមអ្នករត់ម៉ូតូឌុប រត់ម៉ូតូរ៉ឺម៉ក និងអ្នករត់តាក់ស៊ីុដែលនិយមផឹកកាហ្វេមួយកែវ អស់ទឹកតែមួយប៉ាន់ ក៏កំពុងជជែកគ្នាបែកពពុះមាត់អំពីចំណាត់ការអនុវត្តតាមអនុក្រិត្យក្នុងការគោរពច្បាប់ចរាចរណ៍ថ្មីមិនស្ទើរដែរ ។
ពូអ្នករត់តាក់ស៊ីុដែលកំពុងផឹកកាហ្វេទឹកកកនៅខាងឆ្វេងដៃនាយជាលខ្ញុំបានលើកឡើង ពីការកាត់ឈ្មោះឡានសាំយ៉ុង១២កៅអីដែលគាត់សន្សំលុយជាង៥ឆ្នាំទើបទិញរថយន្ត កញ្ចាស់មួយគ្រឿងយកមករត់តាក់ស៊ីុហើយអីឡូវនេះបើអនុវត្តតាមច្បាប់គឺគាត់ត្រូវកាត់ឈ្មោះ ពីម្ចាស់ដើមដែលទិញតគ្នាដល់ទៅ៤នាក់រួចមកហើយ តែមិនដឹងរកម្ចាស់ដើមមកកាត់ឈ្មោះនៅឯណាខ្លះទេ ព្រោះម្ចាស់ដើមទាំង៤នាក់នេះមានខ្លះស្លាប់បាត់ទៅហើយ តើទៅគាស់ផ្នូរយកគាត់មកផ្តឹតមេដៃឬយ៉ាងណា ?
លោកពូនិយាយទៀតថា អ្វីដែលគាត់បារម្ភទៀតនោះគឺច្បាប់បានតម្រូវឲ្យផ្ទុកអ្នកជិះតាមចំនួនកៅអី បើផ្ទុកលើសប៉ូលិសផាកពិន័យ បើធ្វើតាមនេះច្បាស់ជាគ្មានលុយឲ្យថ្លៃបេន ថ្លៃប៉ូលិសចរាចរទេ ដូច្នេះមានតែឡើងថ្លៃឈ្នួលអ្នកជិះទើបរួចខ្លួន ។
ចំណែកពូរត់ម៉ូតូឌុបម្នាក់បាននិយាយថា ក្រៅពីធ្វើបណ្ណបើកបរគាត់មានការចាប់អារម្មណ៍មួយដែលច្បាប់តម្រូវឲ្យអ្នកជិះម៉ូតូពីក្រោយពាក់មួកសុវត្ថិភាពដែរ ។ ត្រង់នេះគាត់បញ្ជាក់ថា កន្លងមកគាត់ធ្លាប់ដកពិសោធន៍ម្តងរួចហើយដោយសុំឲ្យម៉ូយស្រវឹងម្នាក់ពាក់មួកដូចគាត់ដែរ ប៉ុន្តែម៉ូយម្នាក់នេះមិនព្រមពាក់ទេសុខចិត្តកាន់ក្នុងដៃហើយពោលថា កុំចេះប្រដៅអញ! អញមិនដឹងងាប់ទេឬអី? មិនតែ ប៉ុណ្ណោះម៉ូយម្នាក់នេះពេលដល់គោលដៅថែមទាំងដើរឆ្កុយចូលបន្ទាយធ្វើប្រងើយអត់ឲ្យទាំងលុយ អត់ឲ្យទាំងមួកទៀត ។
និយាយស្ទើរចប់មិនទាន់អ្នករួមតុសើចស្ទើរឈ្លក់កាហ្វេ ធ្វើឲ្យលោកតាម្នាក់ពាក់វ៉ែនតាស ក្រោកក្រេះបោសគូទខោនិយាយកំបុតៗថា ពិបាកអីយ៉ាងនេះ បើធ្វើដូចខ្ញុំប្រហែលទាំងអស់គ្នាមិនពិបាកទេ គឺខ្ញុំធ្វើបណ្ណ បើកបរក៏មិនធ្វើ ពាក់មួកក៏មិនពាក់មួក កាត់ឈ្មោះក៏មិនកាត់ឈ្មោះ គ្រោះថ្នាក់ចរាចរណ៍ ក៏មិនគ្រោះ ថ្នាក់ចរាចរណ៍….
គ្រាន់តែឮលោកតានិយាយចប់ភ្លាម អ្នកផឹកកាហ្វេផ្ទុះសំណើចគឹលម្តងទៀត រួចនាំគ្នាសួរថា តើធ្វើម៉េចទៅតា? លោកតាឆ្លើយយ៉ាងខ្លីថា គឺខ្ញុំក្រគ្មានលុយទិញឡាន ទិញម៉ូតូជិះ និងមិនចេះជិះកង់ទៀត រឿងអីខ្ញុំខ្វល់នឹងច្បាប់ថ្នាក់ចរាចរណ៍ ?
នាយជាល