ប្រទេសប៉ារ៉ាហ្គាយ៖ ប៉ារ៉ាហ្គាយជាប្រទេសដែលមានក្រុមអ្នកទោសច្រើន ក្នុងតំបន់ ហើយភាគច្រើនអ្នកទោសពាក់ព័ន្ធក្រុមជួញដូរគ្រឿងញៀន។ នៅពេលនេះ អ្នកទោស នៅក្នុងគុកតំបន់ព្រំដែន បាន ជីករូងក្រោមដីរត់ចេញសោយសុវត្ថិភាព។
រដ្ឋាភិបាលប្រទេសប៉ារ៉ាហ្គាយបានប្រកាសថា ៖ យ៉ាងតិចអ្នកទោស៧៥នាក់បានរត់រួចខ្លួន ក្នុងនោះមានទាំងមេខ្លោងជើងកាងដ៏មានឥទ្ធិពលបំផុតនៅប្រេស៊ីលផងដែរ ។ ពួកគេបានរត់រួចពីគុកមួយរបស់ប្រទេសប៉ារ៉ាហ្គាយ ដែលនៅជិតព្រំដែនប្រេស៊ីល កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ក្រោយពីក្រុមនេះនាំគ្នាជីកបានរូងក្រោមដីមួយរត់ចេញពីគុក ហើយដែលមន្ត្រីពន្ធនាគារ ត្រូវគេជឿជាក់ថាបានដឹងអំពីសកម្មភាពនេះច្បាស់ជាងគេ ។
ប្រធានគុកនៅទីក្រុង Pedro Juan Caballero ជិតព្រំដែនជាមួយប្រទេសប្រេស៊ីលត្រូវបានដកហូតតួនាទី រួមជាមួយមន្ត្រីពន្ធនាគារ៦នាក់ផ្សេងទៀតផងដែរ ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប៉ារ៉ាហ្គាយ លោក Celilia Perez ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ។
រដ្ឋាភិបាលប៉ារ៉ាហ្គាយនៅបានថ្លែងទៀតថា អ្នកទោសដែលរត់រួចខ្លួននៅពេលនេះ មានសមាជិកក្រុមអន្ធពាល(PCC)ដ៏មានឥទ្ធិពលនៅក្នុងប្រទេសប្រេស៊ីលផងដែរ ។ ក្រុមនេះមានភាពប៉ិនប្រសប់ស្ទាត់ជំនាញនៅក្នុងវិធីសាស្ត្រប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មផ្សេងៗ។
តាមលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Perez បញ្ជាក់ប្រាប់បណ្តាញព័ត៌មានវិទ្យុ Monumental ផ្សាយតាមរលកធាតុអាកាសថា «វាជាប្រតិបត្តិការមួយដែលចំណាយពេលច្រើនថ្ងៃ ហើយគេមិនជឿថា មន្ត្រីពន្ធនាគារនោះមិនដឹងថា ពួកអ្នកទោសទាំងនោះធ្វើសកម្មភាពជីករូង រត់គេចខ្លួននោះទេ…កាលពីមុននេះ ក៏មានករណីបែបនេះផងដែរ ដោយការបង់ប្រាក់»។
គួរបញ្ជាក់ថា តំបន់ព្រំដែនរបស់ប៉ារ៉ាហ្គាយជាប់ជាមួយប្រទេសប្រេស៊ីលនេះ ត្រូវបានចាត់ទុកថាជាចំណុចចរាចរណ៍ឆ្លងកាត់ថ្នាំញៀនដ៏សំខាន់របស់ក្រុមជួញដូរគ្រឿងញៀន និងក្រុមប្រព្រឹត្តបទឧក្រិដ្ឋដទៃផ្សេងៗទៀតជាច្រើនក្រុម ដូចជាក្រុមជនអន្ធពាលប្រេស៊ីល PCC ក្រុម Comando Vermelho ឬក្រុម Red Command ជាដើម ។
នៅពេលនេះ រដ្ឋាភិបាលប៉រ៉ាហ្គាយបានផ្តល់ដំណឹងដល់ប៉ូលិសប្រេស៊ីលហើយដែរ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមអ្នកទោសទាំងនោះនៅមិនទាន់ឆ្លងផុតពីទឹកដីប៉ារ៉ាហ្គាយនៅឡើយទេ ។
អគ្គគណៈមេធាវីប៉ារ៉ាហ្គាយលោក Sandra Quinonez ថ្លែងប្រាប់ប្រភពព័ត៌មានថា «ទីតាំងនោះមានដើមឈើជាច្រើន ហើយពួកគេបានស្គាល់អំពីភូមិសាស្ត្រ…អ្នកទោសទាំងនេះដែលរត់រួចជាគ្រោះថ្នាក់បំផុតសម្រាប់មនុស្សម្នាទាំងឡាយ» ៕
ដោយ៖ មែវ សាធី