ភ្នំពេញ៖ លោក អ៉ិត ភីរុណ ជាប្រធានស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័នប្រចាំខេត្តមណ្ឌលគិរី សូមអំពាវនាវដល់សម្ដេចតេជោនិងសម្ដេចកិត្តិព្រិទ្ធបណ្ឌិត មេត្តាជួយផ្តល់យុត្តិធម៍ដល់គ្រួសារគាត់ ខណៈដីរបស់ម្តាយគាត់ មានទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវគេយកធ្វើជាផ្លូវ ចូលទៅក្នុងបុរីលឹមឈាងហាក់ ។ លោកលើកឡើងថា៖ ដីខាងលើនេះ ក្រុមគ្រួសាររបស់ខ្ញុំបាទ បានទិញស្របច្បាប់តាំងពីឆ្នាំ ១៩៩៩ មកម៉្លេះ តែបច្ចុប្បន្ននេះ បែរជាគេយកធ្វើជាផ្លូវចូលទៅក្នុងបុរីលឹមឈាងហាក់ទៅវិញ។
ខាងក្រោមនេះជា ពាក្យរ៉ាយរាប់នៅក្នុងលិខិតទាំងស្រុងរបស់លោក អ៉ិត ភីរុណ ជាប្រធានស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័នប្រចាំខេត្តមណ្ឌលគិរី ៖ ខ្ញុំបាទឈ្មោះ អ៉ិត ភីរុណ ជាប្រធានស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័នប្រចាំខេត្តមណ្ឌលគិរី សូមអំពាវនាវដល់សម្ដេចតេជោនិងសម្ដេចកិត្តិព្រិទ្ធបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត🙏🙏🙏
ខ្ញុំបាទរៀបរាប់នេះក្នុងនាមជាពលរដ្ឋម្នាក់រងគ្រោះមេត្តាជួយខ្ញុំបាទផង ព្រោះដីរបស់ម្តាយខ្ញុំបាទ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវគេយកធ្វើជាផ្លូវ ចូលទៅក្នុងបុរីលឹមឈាងហាក់។
ដូច្នេះ ខ្ញុំបាទសូមជម្រាបជូនសម្តេចតេជោ សម្តេចពុក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចម៉ែ ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់របស់ខ្ញុំបាទ មេត្តាជ្រាបថា ដីខាងលើនេះ ក្រុមគ្រួសាររបស់ខ្ញុំបាទ បានទិញស្របច្បាប់តាំងពីឆ្នាំ ១៩៩៩ មកម៉្លេះ តែបច្ចុប្បន្ននេះ បែរជាគេយកធ្វើជាផ្លូវចូលទៅក្នុងបុរីលឹមឈាងហាក់ទៅវិញ។ ហើយបញ្ហានេះ ខ្ញុំបាទ និងក្រុមគ្រួសារ បានដាក់ពាក្បណ្ដឹងទាមទារសំណងទៅគ្រប់កន្លែងអស់ហើយ តែគ្មានដំណោះស្រាយណាមួយទេ។
ក្នុងនោះ កាលពីឆ្នាំ២០១៧ ម្ដាយខ្ញុំបាទបានដាក់ពាក្យបណ្ដឹងទៅសាលាសង្កាត់ភ្នំពេញថ្មី ទៅសាលាខណ្ឌសែនសុខ និងដាក់ទៅសាលារាជធានីភ្នំពេញ ហើយក្នុងឆ្នាំ២០១៨ បានដាក់ពាក្យបណ្ដឹងម្ដងទៀត ទៅសាលាខណ្ឌសែនសុខ ខណៈលោក មូវ ម៉ានិត ឡើងកាន់តំណែងថ្មីៗ និងខណៈពេលដែលបុរីលឹមឈាងហាក់ បានចូលឈូសឆាយបើកផ្លូវមកលើដីរបស់ម្ដាយខ្ញុំ ប៉ុន្តែកាលនោះ ទូរទស្សន៍បាយ័នបានចុះផ្សាយពីភាពអយុត្តិធម៌នេះ ទើបបុរីលឹមឈាងហាក់បានបិទផ្លូវនោះវិញ ។ ហើយភ្លាមនោះក្រោយការចុះផ្សាយនៅថ្ងៃទី ២៩ សីហា ២០១៨ លោកអភិបាលខណ្ឌសែនសុខ មូវ ម៉ានិត បានចាត់មន្រ្តីសាលាខណ្ឌឲ្យចុះមកពិនិត្យករណីនេះ និងបានធ្វើកំណត់ហេតុអំពីផលប៉ះពាល់ និងការទាមទារសំណងរបស់គ្រួសារខ្ញុំ ក៏ប៉ុន្តែរហូតមកដល់ឆ្នាំ២០២០នេះ ដីរបស់ម្ដាយខ្ញុំបាទនេះ បានក្លាយជាផ្លូវបេតុងចូលទៅក្នុងបុរីលឹមឈាងហាក់បាត់ទៅហើយ ដោយគ្មានការអើពើរកដំណោះស្រាយ ជូនក្រុមគ្រួសាររបស់ខ្ញុំបាទទេ។
ខ្ញុំបាទសូមជម្រាបសម្តេចពុក សម្ដេចម៉ែទៀតថា ដីរបស់ម្ដាយខ្ញុំបាទនេះ មានទំហំទទឹង ២៧ម៉ែត្រ និងបណ្ដោយជាង៤០ម៉ែត្រ ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (កាលពីឆ្នាំ១៩៩៩ ជាខណ្ឌឬស្សីកែវ) ហើយត្រូវអាជ្ញាធរយកទៅធ្វើផ្លូវអស់ចំនួន២០ម៉ែត្រ កាត់តាមបណ្ដោយដី ចូលទៅក្នុងបុរីលឹមឈាងហាក់ ។
ដីនេះឪពុកម្ដាយខ្ញុំបាទ បានទិញស្របច្បាប់តាំងពីឆ្នាំ១៩៩៩ មានការចុះហត្ថលេខាទទួលស្គាល់ និងប្រថាប់ត្រាត្រឹមត្រូវ តាមរយៈលោកចៅសង្កាត់ និងលោកអភិបាលខណ្ឌក្នុងជំនាន់នោះ។ បញ្ហានេះ គ្រួសារខ្ញុំមិនជំទាស់ទេ ចំពោះការបើកផ្លូវបម្រើដល់ប្រយោជន៍សាធារណៈ គឺសុំត្រឹមសំណងប៉ុណ្ណោះ ។ ហើយផ្លូវមួយនេះគឺបើកបម្រើផលប្រយោជន៍ចំពោះតែបុរីលឹមឈាងហាក់មួយប៉ុណ្ណោះ ។
ដូច្នេះករណីនេះ ខ្ញុំបាទជឿជាក់ថា មានតែសម្ដេចពុកសម្ដេចម៉ែ របស់ជនរួមជាតិ របស់កូនទេ ដែលអាចជួយដល់ក្រុមគ្រួសារខ្ញុំបាទបាន ។
ពាក់ព័ន្ធនិងករណីលើកឡើងខាងលើនេះ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានប្រាប់អោយដឹងថា៖ បើមានការសំណូមពរបែប ខ្ញុំសូមធ្វើការបកស្រាយតែម្តងទៅ ។ លោកអភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា៖ សូមជម្រាបជូនលោក អុិត ភីរុណ
ចំពោះករណីដែលបានលេីកឡេីងនេះ ខ្ញុំសូមធ្វេីការបំភ្លឺជូនដូចតទៅ៖ ចំពោះបញ្ហាដីធ្លីដែលលោកបានលេីកឡេីងនោះ ជារបស់លោកស្រី មុត បុង ហៅ រួស មុំ (ម្តាយរបស់លោក) ជាដីដែលមានទំហំ (២៦.៥០ម - ២៧ម) x (៤២ម -៤៤ម) ស្ថិតក្នុងភូមិពោងពាយ (បច្ចុប្បន្នភូមិឧកញ៉ាវាំង) សង្កាត់ភ្នំពេញថ្មី មានលិខិតផ្ទេរសិទ្ធិលេខ ៦៤៦លប ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ១៩៩៩ របស់សាលាខណ្ឌឫស្សីកែវ។
ក្រោយមកក្រុមការងារចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធបានធ្វេីការចុះបញ្ជីដីនៅតំបន់នេះ និងកំណត់ជាផ្លូវសាធារណ:នានា។
ដីរបស់លោកស្រី មុត បុង គឺស្ថិតនៅចំតួផ្លូវលេខ ១៩៥២ ដែលមានទំហំ ២០ម ធ្វេីអោយដីរបស់លោកស្រី រួស មុំ បែកជាពីរ ០២ ក្បាលដី ដែលមានក្បាលលេខ ១២៨៦ និង ១៤២១ ហេីយលោកស្រី មុត បុង បានបេីកប័ណ្ណកម្មសិទ្ធរួចហេីយ។ បន្ទាប់ លោកស្រី រួស មុំ និងស្វាមី បានធ្វេីការលក់ផ្តាច់ដីទាំងពីរក្បាលដីនេះ(១២៨៦&១៤២១) ទៅលោក ហៀង ថៃ និងប្រពន្ធ ម៉ៅ ចរិយា ដោយបញ្ជាក់ថាដីទាំងពីរឡូតិ៍នេះជាប់នឹងផ្លូវ២០ម។ ជាមួយគ្នានេះ លោកស្រី មុត បុង និងបានធ្វេីលិខិតធានានអះអាងជាមួយជាមួយលោក ហៀង ថៃ និងភរិយា ដោយបានបញ្ជាក់ថាបេីថ្ងៃក្រោយលោក ហៀង ថៃ និងភរិយា ទទួលបានការដោះស្រាយគោលនយោបាយ គាត់នឹងប្រគល់ប្រាក់នោះជូនលោកស្រី មុត បុង ទាំងអស់។
ចំពោះការធ្វេីផ្លូវនេះ គឺមិនមានភាគីបុរី លឹមឈាងហាក់ ឬអ្នកណាផ្សេងមកធ្វេីនោះទេ គឺលោក ហៀង ថៃ ដែលបានទិញដីពីលោកស្រី មុត បុង ជាអ្នកធ្វេីដោយខ្លួនឯង ដេីម្បីចេញចូលដីរបស់ខ្លួនប៉ុណ្ណោះ។
សូមអរគុណ។
ដោយ៖ សុខ ខេមរា