ប្រធានស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័នប្រចាំខេត្តមណ្ឌលគិរី អៈអាងថា ដីរបស់ម្តាយនៅខណ្ឌសែនសុខ ត្រូវគេយកធ្វើជាផ្លូវ​ ចូលទៅក្នុងបុរីលឹមឈាងហាក់

ចែករំលែក៖

ភ្នំពេញ៖ លោក អ៉ិត ភីរុណ ជាប្រធានស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័នប្រចាំខេត្តមណ្ឌលគិរី សូមអំពាវនាវដល់សម្ដេចតេជោនិងសម្ដេចកិត្តិព្រិទ្ធបណ្ឌិត មេត្តាជួយផ្តល់យុត្តិធម៍ដល់គ្រួសារគាត់ ខណៈដីរបស់ម្តាយគាត់ មានទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវគេយកធ្វើជាផ្លូវ​ ចូលទៅក្នុងបុរីលឹមឈាងហាក់ ។ លោកលើកឡើងថា៖ ដីខាងលើនេះ ក្រុមគ្រួសាររបស់ខ្ញុំបាទ បានទិញស្របច្បាប់តាំងពីឆ្នាំ​ ១៩៩៩​ មកម៉្លេះ​ តែបច្ចុប្បន្ន​នេះ បែរជាគេយកធ្វើជាផ្លូវ​ចូលទៅក្នុងបុរីលឹមឈាងហាក់ទៅវិញ។
ខាងក្រោមនេះជា ពាក្យរ៉ាយរាប់នៅក្នុងលិខិតទាំងស្រុងរបស់លោក អ៉ិត ភីរុណ ជាប្រធានស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័នប្រចាំខេត្តមណ្ឌលគិរី ៖ ខ្ញុំបាទឈ្មោះ អ៉ិត ភីរុណ ជាប្រធានស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័នប្រចាំខេត្តមណ្ឌលគិរី សូមអំពាវនាវដល់សម្ដេចតេជោនិងសម្ដេចកិត្តិព្រិទ្ធបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត🙏🙏🙏
ខ្ញុំបាទរៀបរាប់នេះក្នុងនាមជាពលរដ្ឋម្នាក់​រងគ្រោះមេត្តាជួយខ្ញុំបាទផង ព្រោះដីរបស់ម្តាយខ្ញុំបាទ​ នៅខណ្ឌសែនសុខ​ រាជធានីភ្នំពេញ ត្រូវគេយកធ្វើជាផ្លូវ​ ចូលទៅក្នុងបុរីលឹមឈាងហាក់។
ដូច្នេះ ខ្ញុំ​បាទ​សូមជម្រាបជូន​សម្តេច​តេជោ​ សម្តេច​ពុក​ ​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចម៉ែ ជាទីគោរព​ស្រលាញ់ដ៏ខ្ពង់ខ្ពស់របស់ខ្ញុំបាទ មេត្តាជ្រាបថា​​ ដីខាងលើនេះ ក្រុមគ្រួសាររបស់ខ្ញុំបាទ បានទិញស្របច្បាប់តាំងពីឆ្នាំ​ ១៩៩៩​ មកម៉្លេះ​ តែបច្ចុប្បន្ន​នេះ បែរជាគេយកធ្វើជាផ្លូវ​ចូលទៅក្នុងបុរីលឹមឈាងហាក់ទៅវិញ។ ហើយបញ្ហានេះ ខ្ញុំបាទ និងក្រុមគ្រួសារ បានដាក់ពាក្បណ្ដឹងទាមទារសំណងទៅគ្រប់កន្លែងអស់ហើយ តែគ្មានដំណោះស្រាយណាមួយទេ។

ក្នុងនោះ កាលពីឆ្នាំ២០១៧ ម្ដាយខ្ញុំបាទបានដាក់ពាក្យបណ្ដឹងទៅសាលាសង្កាត់ភ្នំពេញថ្មី ទៅសាលាខណ្ឌសែនសុខ និងដាក់ទៅសាលារាជធានីភ្នំពេញ ហើយក្នុងឆ្នាំ២០១៨ បានដាក់ពាក្យបណ្ដឹងម្ដងទៀត ទៅសាលាខណ្ឌសែនសុខ ខណៈលោក មូវ ម៉ានិត ឡើងកាន់តំណែងថ្មីៗ និងខណៈពេលដែលបុរីលឹមឈាងហាក់ បានចូលឈូសឆាយបើកផ្លូវមកលើដីរបស់ម្ដាយខ្ញុំ ប៉ុន្តែកាលនោះ ទូរទស្សន៍បាយ័នបានចុះផ្សាយពីភាពអយុត្តិធម៌នេះ ទើបបុរីលឹមឈាងហាក់បានបិទផ្លូវនោះវិញ ។ ហើយភ្លាមនោះក្រោយការចុះផ្សាយនៅថ្ងៃទី ២៩ សីហា ២០១៨ លោកអភិបាលខណ្ឌសែនសុខ មូវ ម៉ានិត បានចាត់មន្រ្តីសាលាខណ្ឌឲ្យចុះមកពិនិត្យករណីនេះ និងបានធ្វើកំណត់ហេតុអំពីផលប៉ះពាល់ និងការទាមទារសំណងរបស់គ្រួសារខ្ញុំ ក៏ប៉ុន្តែរហូតមកដល់ឆ្នាំ២០២០នេះ ដីរបស់ម្ដាយខ្ញុំបាទនេះ បានក្លាយជាផ្លូវបេតុងចូលទៅក្នុងបុរីលឹមឈាងហាក់បាត់ទៅហើយ ដោយគ្មានការអើពើរកដំណោះស្រាយ ជូនក្រុមគ្រួសាររបស់ខ្ញុំបាទទេ។

ខ្ញុំបាទសូមជម្រាបសម្តេចពុក សម្ដេចម៉ែទៀតថា ដីរបស់ម្ដាយខ្ញុំបាទនេះ មានទំហំទទឹង ២៧ម៉ែត្រ និងបណ្ដោយជាង៤០ម៉ែត្រ ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (កាលពីឆ្នាំ១៩៩៩ ជាខណ្ឌឬស្សីកែវ) ហើយត្រូវអាជ្ញាធរយកទៅធ្វើផ្លូវអស់ចំនួន២០ម៉ែត្រ កាត់តាមបណ្ដោយដី ចូលទៅក្នុងបុរីលឹមឈាងហាក់ ។

ដីនេះឪពុកម្ដាយខ្ញុំបាទ បានទិញស្របច្បាប់តាំងពីឆ្នាំ១៩៩៩ មានការចុះហត្ថលេខាទទួលស្គាល់ និងប្រថាប់ត្រាត្រឹមត្រូវ តាមរយៈលោកចៅសង្កាត់ និងលោកអភិបាលខណ្ឌក្នុងជំនាន់នោះ។ បញ្ហានេះ គ្រួសារខ្ញុំមិនជំទាស់ទេ ចំពោះការបើកផ្លូវបម្រើដល់ប្រយោជន៍សាធារណៈ គឺសុំត្រឹមសំណងប៉ុណ្ណោះ ។ ហើយផ្លូវមួយនេះគឺបើកបម្រើផលប្រយោជន៍ចំពោះតែបុរីលឹមឈាងហាក់មួយប៉ុណ្ណោះ ។

ដូច្នេះករណីនេះ ខ្ញុំ​បាទជឿជាក់ថា​ មានតែសម្ដេចពុកសម្ដេចម៉ែ របស់ជនរួមជាតិ របស់កូនទេ ដែលអាចជួយដល់ក្រុមគ្រួសារខ្ញុំបាទបាន ។
ពាក់ព័ន្ធនិងករណីលើកឡើងខាងលើនេះ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានប្រាប់អោយដឹងថា៖ បើមានការសំណូមពរបែប ខ្ញុំសូមធ្វើការបកស្រាយតែម្តងទៅ ។ លោកអភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា៖ សូមជម្រាបជូនលោក​ អុិត​ ភីរុណ
ចំពោះករណីដែលបានលេីកឡេីងនេះ​ ខ្ញុំសូមធ្វេីការបំភ្លឺជូនដូចតទៅ៖ ចំពោះបញ្ហាដីធ្លីដែលលោកបានលេីកឡេីងនោះ​ ជារបស់លោកស្រី​ មុត​ បុង​ ហៅ​ រួស​ មុំ​ (ម្តាយរបស់លោក)​ ជាដីដែលមានទំហំ​ (២៦.៥០ម​ -​ ២៧ម)​ x​ (៤២ម​ -៤៤ម)​ ស្ថិតក្នុងភូមិពោងពាយ​ (បច្ចុប្បន្នភូមិឧកញ៉ាវាំង) សង្កាត់ភ្នំពេញថ្មី​ មានលិខិតផ្ទេរសិទ្ធិលេខ​ ៦៤៦លប​ ចុះថ្ងៃទី​ ០៧​ ខែមិថុនា​ ឆ្នាំ១៩៩៩​ របស់សាលាខណ្ឌឫស្សីកែវ។
ក្រោយមកក្រុមការងារចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធបានធ្វេីការចុះបញ្ជីដីនៅតំបន់នេះ​ និងកំណត់ជាផ្លូវសាធារណ:នានា។
ដីរបស់លោកស្រី​ មុត​ បុង គឺស្ថិតនៅចំតួផ្លូវលេខ​ ១៩៥២​ ដែលមានទំហំ​ ២០ម​ ធ្វេីអោយដីរបស់លោកស្រី​ រួស​ មុំ​ បែកជាពីរ​ ០២​ ក្បាលដី​ ដែលមានក្បាលលេខ​ ១២៨៦ និង​ ១៤២១​ ហេីយលោកស្រី​ មុត​ បុង បានបេីកប័ណ្ណកម្មសិទ្ធរួចហេីយ។ បន្ទាប់​ លោកស្រី​ រួស​ មុំ​ និងស្វាមី​ បានធ្វេីការលក់ផ្តាច់ដីទាំងពីរក្បាលដីនេះ​(១២៨៦&១៤២១)​ ទៅលោក​ ហៀង​ ថៃ​ និងប្រពន្ធ​ ម៉ៅ​ ចរិយា ដោយបញ្ជាក់ថាដីទាំងពីរឡូតិ៍នេះជាប់នឹងផ្លូវ២០ម​។ ជាមួយគ្នានេះ​ លោកស្រី​ មុត​ បុង និងបានធ្វេីលិខិតធានានអះអាងជាមួយជាមួយ​លោក​ ហៀង​ ថៃ​ និងភរិយា​ ដោយបានបញ្ជាក់ថា​បេីថ្ងៃក្រោយលោក​ ហៀង​ ថៃ​ និងភរិយា​ ទទួលបានការដោះស្រាយគោលនយោបាយ​ គាត់នឹងប្រគល់ប្រាក់នោះជូនលោកស្រី​ មុត​ បុង ទាំងអស់។
ចំពោះការធ្វេីផ្លូវនេះ​ គឺមិនមានភាគីបុរី​ លឹមឈាងហាក់​ ឬអ្នកណាផ្សេងមកធ្វេីនោះទេ​ គឺលោក​ ហៀង​ ថៃ​ ដែលបានទិញដីពីលោកស្រី​ មុត​ បុង ជាអ្នកធ្វេីដោយខ្លួនឯង​ ដេីម្បីចេញចូលដីរបស់ខ្លួនប៉ុណ្ណោះ។
សូមអរគុណ។

ដោយ៖ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print