ប្រទេសចិន៖ គិតមកដល់ព្រឹកថ្ងៃទី៦ ខែកុម្ភៈ មានអ្នកស្លាប់ដោយវីរុសកូរ៉ូណា កើនឡើង ដល់ទៅ៥៦៥នាក់ និងឆ្លងរាលដាល់ដល់ពលរដ្ឋ សរុប២៨៦៤៨នាក់។ ជាមួយគ្នានោះ ក៏មានមនុស្សជាង១ពាន់នាក់បានជាសះស្បើយទាំងស្រុង បានវិលត្រឡប់ទៅផ្ទះ វិញហើយ គឺជាសញ្ញាវិជ្ជមានមួយ។
តាមតួលេខរបស់ គណៈកម្មការសុខាភិបាល ខេត្ត ហ៊ូប៉ី បានប្រកាសថា៖ ក្នុងថ្ងៃទី៥ខែកុម្ភៈ មានអ្នកជំងឺស្លាប់ដល់ទៅ៧០នាក់ និង ឆ្លងរាលដាល២៩៨៧នាក់ ក្នុងរយៈពេលតែមួយថ្ងៃ។ សរុបអ្នក ស្លាប់នៅក្នុងខេត្តនេះមាន៥៤៩ និងឆ្លង១៩៦៦៥។
តាមតួលេខរបស់មន្ទីរសុខាភិបាលខេត្តហ៊ូប៉ី បានបញ្ជាក់ថា៖ ទោះបីមានអ្នកស្លាប់ កើនឡើងគិតមួយថ្ងៃៗ ពី៦៥នាក់នៅថ្ងៃទី៤ ខែកុម្ភៈ ឡើងដល់៧០នាក់ ថ្ងៃទី៥ខែកុម្ភៈ ។ ចំណែកអ្នកឆ្លងវិញបានថយចុះ ដោយមានអ្នកឆ្លង៣១៦៥នាក់នៅថ្ងៃទី៤ខែកុម្ភៈ ចំណែកថ្ងៃទី៥ មានអ្នកឆ្លងតែ២៩៨៧នាក់ប៉ុណ្ណោះ ។
ជំងឺកូរ៉ូណាផ្ទុះឡើងដំបូងគេនៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន ។ ជំងឺនេះបានឆ្លងរាលដាលពាស់ពេញក្នុងតំបន់ និងជុំវិញពិភពលោកសរុប២៨ប្រទេសមកទល់នឹងពេលបច្ចុប្បន្ននេះ ក្នុងនោះប្រទេសចិនបានផ្ទុះករណីឆ្លង និងស្លាប់ច្រើនជាងគេបំផុត ។
គេហទំព័រ wikipedia បានផ្សាយថា ប្រទេសចិនមានអ្នកឆ្លងជំងឺនេះសរុប ២៨ ០១៨នាក់ និងស្លាប់កើនឡើង ៥៦៣នាក់ ហើយអ្នកជំងឺបានជាសះស្បើយវិញចំនួន១០០៥នាក់ ។
ប្រទេសជប៉ុនមានអ្នកឆ្លងជំងឺនេះកើនឡើង៣៥ករណី, សិង្ហបុរីឆ្លងជំងឺនេះ២៨ករណី ក្នុងនោះ ជាសះស្បើយ១ករណី, ប្រទេសថៃ ឆ្លងជំងឺនេះ ២៥ករណី ជាសះស្បើយ៩នាក់, ហុងកុងឆ្លង២១ករណី ក្នុងនោះស្លាប់ម្នាក់, កូរ៉េខាងត្បូងឆ្លង២៣ករណី ជាសះស្បើយ១ករណី, អូស្ត្រាលី១៤ករណី ជាសះស្បើយ២ករណី, អាល្លឺម៉ង់១២ករណី, ម៉ាឡេស៊ី១២ករណី ក្នុងនោះ ជាសះស្បើយ១ករណី, សហរដ្ឋអាមេរិក១២ករណី ជាសះស្បើយ១ករណី, តៃវ៉ាន់ ឆ្លង១១ករណី, ម៉ាកាវ ១០ករណី, វៀតណាម១០ករណី ក្នុងនោះ ជាសះស្បើយ៣ករណី, បារាំងមាន៦ករណី, អារ៉ាប៊ីសាអ៊ូឌីតឆ្លង៥ករណី, កាណាដា៤ករណី, ឥណ្ឌា៣ករណី, ហ្វីលីពីន ៣ករណី ក្នុងនោះ ស្លាប់១ករណី និងជាសះស្បើយ១ករណី, អ៊ីតាលី២ករណី, រុស្ស៊ី២ករណី, អង់គ្លេស២ករណី, ប៊ែលហ្ស៊ិក១ ករណី, កម្ពុជា១ករណី, ហ្វាំងឡង់១ករណី ជាសះស្បើយ១ករណី, នេប៉ាល់១ករណី, អេស្ប៉ាញ១ករណី, ស្រីលង្កា១ករណី ជាសះស្បើយ១ករណី, និងស៊ុយអែត១ករណី ។
សរុបអ្នកជំងឺឆ្លងទាំងអស់២៨ ២៦៦នាក់, បាត់បង់ជីវិត៥៦៥នាក់ និងជាសះស្បើយ១០២៥នាក់វិញផងដែរ ៕
ដោយ៖ មែវ សាធី