អាមេរិក៖ ស្ថានភាពឆ្លងរាលដាលកូវីដ-១៩ នៅអាមេរិកកាន់តែតានតឹង ក្រោយពេលកម្លាំងទាហានឆ្លងកូវីដ-១៩នៅពេលនេះ ក៏មានប៉ូលិសជាច្រើនបានឆ្លងកូវីដ-១៩ផងដែរ។ការឆ្លងដល់កម្លាំងប៉ូលិសដោយសារតែខ្វះសម្ភារៈ ការពារ ហើយបានជួបជាមួយមនុស្សជាច្រើនក្នុងមួយថ្ងៃៗ ។ គិតដល់ថ្ងៃទី៣១ខែមីនានេះ មានប៉ូលិស អាមេរិក ដល់ទៅ១០១២ នាក់ ឆ្លងកូវីដ-១៩ ក្នុងនោះមាន ប៉ូលិស៧៣០នាក់ និង បុគ្គលិកស៊ីវិលនៅទីស្នាក់ការ៨៨នាក់។
បច្ចុប្បន្ន មានកម្លាំងប៉ូលិសដល់ទៅ ៥ពាន់នាក់ ក្នុងចំណោម៥៥ពាន់នាក់ សុំច្បាប់សម្រាក ដោយមានបញ្ហាសុខភាព ។ មកទល់ពេលនេះមិនទាន់ដឹងថា ប៉ូលិសទាំង៥ពាន់នាក់ ឈឺនោះបានឆ្លងកូវីដ-១៩ ដែរឬទេ។
ការរាលដាលដល់កម្លាំងប៉ូលិស បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីកង្វះកម្លាំងប៉ូលិសដើម្បីរៀបចំសន្តិសុខ ជាតិ ។ មូលហេតុជាចំបងធ្វើឲ្យកម្លាំង ប៉ូលិសឆ្លងកូវីដ-១៩ គឺដោយសារតែខ្វះឧបករណ៍ការពារ ។កម្លាំងប៉ូលិសបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយខ្លាចឆ្លងទៅដល់គ្រួសាររបស់ខ្លួន។
ចំណែកនៅក្នុងកម្លាំងទាហានអាមេរិក វិញក៏មានអ្នកឆ្លងជាង ១ពាន់នាក់ផងដែរ ក្នុងនោះមានម្នាក់ស្លាប់ ។ រដ្ឋាភិបាលអាមេរិកបានចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល កូវីដ-១៩ ។ អាមេរិកក៏បានអនុញ្ញាតឲ្យមន្ទីរពេទ្យប្រើប្រាស់ថ្នាំក្លរ៉ូគីន ព្យាបាលអ្នកជំងឺ កូវីដ-១៩៕
ដោយ៖ ធីរីណា