អន្តរជាតិ៖ តុលាការប្រទេសម៉ាឡេស៉ី នឹងត្រូវប្រកាសសាលក្រមក្នុងសវនាការទីមួយរបស់លោក ណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប់ពាក់ព័ន្ធរឿងអាស្រូវមូលនិធិរដ្ឋ 1MDB (លួចលុយជាតិ) នាចុងខែកក្កដាខាងមុខ ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ចៅក្រមម៉ាឡេស៊ី បានបញ្ជាក់នៅថ្ងៃទី៥ ខែមិថុនាថា តុលាការនឹងប្រកាសសាលក្រមទៅកាន់លោក ណាជីប នាថ្ងៃទី២៨ ខែកក្កដា។ លោក ណាជីប នឹងប្រឈមមុខជាប់ពន្ធនាគាររយៈពេលវែង ហើយទំនងនឹងត្រូវផ្តន្ទាទោសនៅថ្ងៃដដែលប្រសិនបើរកឃើញថាមានពិរុទ្ធភាពមែននោះ។
មេធាវីការពារក្តីឲ្យលោក ណាជីប បានអះអាងថា កូនក្តីវ័យ៦៦ឆ្នាំរូបនេះ ពុំដឹងឮពីរឿងផ្ទេរលុយចូលគណនីធនាគារលោកពីក្រុមហ៊ុន SRC International ដែលជាអតីតស្ថាប័នមួយរបស់មូលនិធិរដ្ឋ 1MDB ។ បើតាម AFP ពួកគេបានទម្លាក់កំហុសលើលោក Low Taek Jho អ្នកជំនួញផ្នែកហិរញ្ញវត្ថុ ថា ជាមេគំនិតពិតប្រាកដក្រោយរឿងបោកប្រាស់លុយជាតិរាប់លានដុល្លារនេះ ដោយអះអាងថា លោក Low បានប្រើល្បាច់បោកបញ្ឆោតលោក ណាជីប ។
មេធាវីការពារក្តីម្នាក់ ឈ្មោះថា Muhammad Shafee Adbullah បានទទូចឲ្យចៅក្រមទម្លាក់ការចោទប្រកាន់៧ករណីក្នុងសំណុំរឿងលាងលុយកខ្វក់និងពុករលួយដែលលោកកំពុងរងចោទប្រកាន់ ដោយសង្កត់ធ្ងន់ថា ការផ្ទេរលុយធនាគារនោះគឺជារឿងខុសច្បាប់។ លោកបន្តទៀតថា ការផ្ទេរលុយពុំធ្លាប់ត្រូវបានអនុញ្ញាតពីសំណាក់លោក ណាជីប នោះឡើយ ហើយម្ចាស់ធនាគារទាំងនោះ ក៏បានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងបោកប្រាស់លុយជាតិនេះផងដែរ។
ដោយឡែកតុលាការជាន់ខ្ពស់ររបស់គូឡាឡាំពួ ក្នុងសប្តាហ៍នេះ បានសម្រេចបិទបញ្ចប់ការសវនាការទីមួយរបស់ខ្លួនក្នុងសំណុំរឿងពុករលួយរបស់លោកអតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់។ សវនាការដំបូងនេះបានចាប់ផ្ដើមកាលពី១៤ខែមុន ហើយផ្ដោតសំខាន់លើការផ្ទេរលុយ៩,៨លានដុល្លារចូលគណនីធនាគារលោកណាជីប។
រឿងក្តីនេះគឺជាសវនាការមួយក្នុងចំណោមសវនាការពាក់ព័ន្ធរឿងក្តី 1MDB សរុបចំនួន៣ ដែលកំពុងដំណើរការពាក់ព័ន្ធលើអតីតនាយករដ្ឋមន្ត្រីណាជីប។ យ៉ាងណាមិញ លោកច្រានចោលទោសកំហុសទាំងនេះ។
លោក Low ដែលគ្មានតំណែងផ្លូវការអ្វីសោះក្នុងមូលនិធិរដ្ឋ 1MDB តែត្រូវជឿថាទទួលលាភសក្ការៈច្រើនពីវា ត្រូវបានជាប់ចោទក្នុងប្រទេសម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកជុំវិញរឿងអាស្រូវនេះ។ អ្នកជំនួញផ្នែកហិរញ្ញវត្ថុដែលទីតាំងស្នាក់នៅបច្ចុប្បន្នស្ថិតជាអាថ៌កំបាំងប្រកាសរក្សាភាពស្អិតស្អំលោកដដែល។
យ៉ាងណាមិញ ព្រះរាជអាជ្ញាម៉ាឡេស៊ី អះអាងថា លោក ណាជីប កាលធ្វើជានាយករដ្ឋមន្ត្រី មានសិទ្ធិគ្រប់គ្រងទាំងស្រុងលើក្រុមហ៊ុន SRC International និងជាអ្នកបង្កើតការសម្រេចចិត្តរឿងសំខាន់ៗក្នុងរឿងនេះ។
សូមបញ្ជាក់ថា លុយយ៉ាងច្រើនសម្បើម ត្រូវបានលួចចេញពីមូលនិធិរដ្ឋរបស់ប្រទេសម៉ាឡេស៊ី។ អតីតនាយករដ្ឋមន្ត្រីបានអស់អំណាចក្នុងការបោះឆ្នោតឆ្នាំ២០១៨ ដែលមួយផ្នែកធំពាក់ព័ន្ធរឿងអាស្រូវនេះ៕ដោយ៖ស តារា