អាមេរិក៖ តាមអ្នកសារព័ត៌មាន TTXVN ប្រចាំនៅអាមេរិក សមាជិកព្រឹទ្ធសភាអាមេរិកលោកRobert Menendez នៅថ្ងៃទី៧ខែកក្កដា បានប្រកាសថាសេតវិមាន បានចាប់ផ្តើមដំណើរការដកខ្លួនចេញពីអង្គការសុខភាពពិភពលោកWHO និងកាត់ផ្តាច់រាល់ទំនាក់ជាមួយអង្គការសុខភាពលំដាប់ទី១លើពិភពលោកនេះ ក្នុងពេលដែលកូវីដ១៩ កំពុងរាលដាលខ្លាំងនៅអាមេរិក។
នៅលើបណ្តាញសង្គមTwitter សមាជិកព្រឹទ្ធសភាអាមេរិក លោកMenendezបានបញ្ជាក់ថា ៖ការសម្រេចដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ចាប់ផ្តើមដំណើរការតាមនីតិវិធី ចាប់ពីថ្ងៃទី ៦ខែកក្កដា ហើយអាមេរិកបានផ្ញើលិខិតផ្តល់ព័ត៌មានដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ អ្នកនាំពាក្យ អគ្គលេខាធិការអង្គការសហប្រជាជាតិលោកStephane Dujarric ក៏បានបញ្ជាក់ពីលិខិតផ្ញើជូនពីអាមេរិក ក្នុងនោះបានលើកឡើងពីលក្ខខណ្ឌពេលអាមេរិកចូលជាសមាជិកWHOនៅឆ្នាំ១៩៤៨ ដោយអាមេរិកមានរយៈពេល១ឆ្នាំ ដើម្បីដកខ្លួនហើយក្នុងរយៈពេលនេះ គឺត្រូវតែបំពេញទៅតាមច្បាប់ អាមេរិកត្រូវតែបង់ប្រាក់ដែលនៅជំពាក់ឲ្យអស់។
កាលពីថ្ងៃទី២៩ ខែឧសភា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាស កាត់ផ្តាច់ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក ដោយចោទប្រកាន់អង្គការនេះលំអៀង ទៅខាងចិន។
គិតមកដល់វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី ៨ ខែកក្កដា អាមេរិក មានករណីឆ្លងកូវីដ១៩កើនឡើងដល់3,097,084នាក់ ស្លាប់133,972 នាក់និងជាសះស្បើយ1,354,863នាក់៕
ដោយ៖ ធី រីណា