សៀវភៅដែលជាស្នាដៃសរសេររបស់ក្មួយស្រីបង្កើតរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដោយក្នុងនោះបានរៀបរាប់អំពីរឿងសម្ងាត់ជាច្រើនរបស់លោកត្រាំ និងសមាជិកក្នុងក្រុមគ្រួសារ។ គ្រាន់តែដាក់លក់ជាសាធារណៈភ្លាម មានសៀវភៅដល់ទៅជាង១លានក្បាលហើយបានលក់ដាច់នៅលើទីផ្សារ។
នាង Mary Trump ដែលជាអ្នកសរសេរសៀវភៅមានចំណងជើងថា « ជាច្រើននិងមិនដែលគ្រប់គ្រាន់៖ គ្រួសារខ្ញុំបានបង្កើតបុរសដែលមានភាពគ្រោះថ្នាក់បំផុតលើពិភពលោក»។ នាង Mary Trump ជាអ្នកឯកទេសស្តីពីចិត្តវិទ្យា។ ឳពុករបស់នាងគឺជាបងប្រុសច្បងគេបង្អស់របស់ប្រធានាធិបតីត្រាំ។
នៅក្នុងសៀវភៅនោះ នាង Mary Trump បានលើកឡើងពីលោកពូត្រាំរបស់នាងថា ខ្វះការយល់ដឹង មិនតែប៉ុណ្ណោះថែមទាំងបញ្ជាក់ថា លោកពូត្រាំធ្លាប់បន្លំក្នុងការប្រឡងដោយឲ្យអ្នកផ្សេងជួយប្រឡងជំនួស។
ប៉ុន្តែ អ្នកនាំពាក្យសេតវិមាន អាមេរិកបានបញ្ជាក់ថា សៀវភៅរបស់នាង Mary Trump គឺជារឿងមិនពិតនោះឡើយ។
ក្រុមហ៊ុនបោះពុម្ភសៀវភៅSimon & Schuster បានបញ្ជាក់ថា ក្នុងថ្ងៃដំបូងដែលសៀវភៅនេះដាក់លក់ នៅថ្ងៃទី១៤ ខែកក្កដា គឺបានលក់ដាច់ដល់ទៅ ៩៥០ពាន់ក្បាល ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុនបោះពុម្ភផ្សាយខាងលើ។
សៀវភៅរបស់នាង Mary Trump ជាផលិតផលទីពីរហើយបន្ទាប់ពី អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកJohn Bolton បានចេញសៀវភៅស្តីពីសេតវិមាន ដោយបានលាតត្រដាងរឿងរ៉ាវជាច្រើនរបស់លោកត្រាំ ពេលដឹកនាំអាមេរិក។ ប៉ុន្តែសៀវភៅរបស់លោកJohn Bolton លក់បានតែ ៧៨០ពាន់ក្បាលប៉ុណ្ណោះ គឺតិចជាងអ្នកស្រី Mary Trump ៕
ដោយ៖ ធី រីណា