កន្លងមកលោកត្រាំ តែងតែហៅវីរុសកូវីដ-១៩ ថាជាវីរុសចិន ដោយលោកចាត់ទុកថា វីរុសនេះកើតចេញពីមន្ទីរពិសោធន៍របស់ចិន។ ប៉ុន្តែនៅពេលនេះប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានហៅវីរុសកូវីដ-១៩ថាជា«វីរុសត្រាំ»។
សកម្មភាពខាងលើកើតឡើងក្នុងពេលដែលលោកត្រាំ ដំណើរការកិច្ចប្រជុំក្រុមទប់ស្កាត់កូវីដ-១៩មកពីបណ្តារដ្ឋនៅក្នុងសប្តាហ៍នេះ ។ ជាមួយគ្នានេះដែរ លោកត្រាំបានអំពាវនាវដល់ពលរដ្ឋឱ្យពាក់ម៉ាស់គ្រប់គ្នានៅទីសាធារណៈ។ មិនតែប៉ុណ្ណោះលោកត្រាំបានបញ្ជាក់ថា កូវីដ-១៩អាចនឹងអាក្រក់ជាងនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍CNN ប្រធានរដ្ឋសភាអាមេរិកលោកស្រីNancy Pelosi បានបញ្ជាក់ថា ការខិតខំរបស់លោកត្រាំក្នុងការទប់ស្កាត់កូវីដ-១៩ គឺមានតិចតួចតែប៉ុណ្ណោះ ហើយបានយឺតយ៉ាវខ្លាំងណាស់។
លោកស្រី Nancy Pelosi បានលើកឡើងថា «ខ្ញុំគិតថា អ្វីដែលលោកត្រាំនិយាយនៅពេលនេះ គឺជាការទទួលស្គល់កំហុសឆ្គងរបស់ខ្លួន តាមរយៈការអំពាវនាវឱ្យពលរដ្ឋពាក់ម៉ាស់ ហើយលោកត្រាំក៏បានយល់ពីកូវីដថាមិនមែនជារឿងលេងសើចឡើយ។ ការឆ្លងរាលដាលនៅអាមេរិក កើនឡើងខ្ពស់គឺដោយសារតែលោកត្រាំមិនមានសកម្មភាពទប់ស្កាត់។ លោកស្រី ក៏បានហៅវីរុសកូវីដ-១៩ថាជា វីរុសត្រាំ ។
អ្នកដឹកនាំកម្មវិធីរបស់CNN បានសួរថា ហេតុអ្វីបានជាលោកស្រីហៅថាវីរុសត្រាំ ? លោកស្រីNancy Pelosi បានបញ្ជាក់ថា «ប្រសិនបើប៉ុន្មានខែមុន លោកត្រាំ អំពាវនាវឲ្យពលរដ្ឋពាក់ម៉ាស់ អនុវត្តច្បាប់គម្លាតសង្គមគឺមិនមានអ្នកឆ្លងច្រើនបែបនេះឡើយ។ទាំងនោះហើយទើបខ្ញុំហៅថា«វីរុសត្រាំ»។ មកទល់ពេលនេះអាមេរិក មានករណីឆ្លងកូវីដ-១៩ ជាង៤លាននាក់ហើយ និងស្លាប់ជាង១៤៥ពាន់នាក់៕
ដោយ៖ ធី រីណា