ខេត្តកំពង់ចាម៖ បុរសវ័យជំទង់មួយរូបត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួចបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេល១០ថ្ងៃ ដោយសារតែបណ្តឹងពីថៅកែក្រុមហ៊ុន KBA គ្រាន់តែចោទប្រកាន់រឿងមិនមកបំពេញការងារ ហើយបានយកសម្ភាររបស់ក្រុមហ៊ុនដែលមានតម្លៃជិតស្មើ៨០ដុល្លារមិនបានប្រគល់ឲ្យក្រុមហ៊ុនវិញ ។
រឿងដ៏អយុត្តិធម៌ ហើយជានីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌គ្មានមូលដ្ឋាននិងជាពិរុទ្ធភាពដ៏តូចតាចធ្វើឲ្យមជ្ឈដ្ឋានទូទៅជាមួយនឹងក្រុមគ្រួសារ ភរិយា ជនត្រូវចោទ បានស្រែកទ្រហ៊ោយំ ព្រមទាំងបង្ហោះជាវីដេអូឃ្លីប ស្នើសុំការជួយអន្តរាគមន៍ពីស្ថាប័នច្បាប់ និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ឲ្យជួយអន្តរាគមន៍ ធ្វើការដោះលែង ប្តីរបស់ខ្លួនចេញពីពន្ធនាគារ ។
លោក លន់ លឹមថៃ បានឃើញចំពោះភាពសោកសង្រែង ភរិយាជនត្រូវចោទ ស្រែកទ្រហ៊ោយំ ក៏បានចេញមុខសំណងរដ្ឋប្បវេណីនូវទឹកប្រាក់ចំនួន៨០ដុល្លារឲ្យទៅក្រុមហ៊ុន KBA តាមការអាណិតអាសូរដ៏ពន់ពេក ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាឲ្យបុគ្គលិកក្រុមហ៊ុន KBA បានរួចផុតពីការចោទប្រកាន់ ។
អ្នកស្រី ឡន ចិន្តា ដែលត្រូវជាភរិយាជនត្រូវចោទគង់ ចំរើន មានការត្រេកអរ រួមជាមួយនឹងភាពក្តុកក្តួលបន្ទាប់ពីប្តីរបស់ខ្លួនត្រូវបានដោះលែងឲ្យមានសេរីភាព នាងនិយាយថ្លែងអំណរគុណជាមួយនឹងប្តីរបស់ខ្លួនដល់អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានជួយអន្តរាគមន៍ឲ្យប្តីរបស់ខ្លួនរួចផុតពីការឃុំខ្លួន ដោយចាត់ទុកថា អំពើដ៏ល្អនេះ នាងមិនអាចបំភ្លេចបាន ។
សមត្ថកិច្ចខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យតាមបណ្តឹងក្រុមហ៊ុន KBA ត្រឹមទឹកប្រាក់៨០ដុល្លារ ជាអំពើដ៏អយុត្តិធម៌មួយ ដែលមិនបានគិតអំពីគុណ និងទោស សម្រាប់ជនរងគ្រោះ ហើយត្រូវបានគេសង្ស័យថា អំពើដ៏អយុត្តិធម៌នេះ អាចនឹងធ្វើតាមទម្លាប់ ឬមានជំហរគាំទ្រសម្រាប់ខាងក្រុមហ៊ុនដើម្បីប្រយោជន៍ និងធ្វើឲ្យជនរងគ្រោះមិនអាចបំភ្លេចបាននូវភាពអយុតិ្តធម៌ដែលសមត្ថកិច្ចធ្វើការងារផ្គាប់ចិត្តក្រុមហ៊ុន ហើយហ៊ានសាងអំពើអាក្រក់ដល់អ្នកដទៃ ។ ជាពិសេសស្ថាប័នតុលាការ ទាំងតំណាងអយ្យការ ទាំងចៅក្រមស៊ើបសួរ ដែលមានឆន្ទានុសិទ្ធិ តើការចោទប្រកាន់ និងការសម្រេចឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្នដាក់ពន្ធនាគារត្រឹមតែទឹកប្រាក់ស្នើនឹង៨០ដុល្លារ អាចជាអំពើយុត្តិធម៌ ឬក៏ខ្លួនប្រើឆន្ទានុសិទ្ធិដើម្បីប្រយោជន៍ បំពេញតម្រូវការខាងក្រុមហ៊ុន ហើយពុំបានគិតអំពីទុក្ខសោកអ្នកដទៃ?
ករណីនេះ មិនមែនជារឿងធម្មតាខណៈសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែមានមនោសញ្ចេតនាស្រឡាញ់អាណិតប្រជាពលរដ្ឋរបស់លោក មិនឲ្យមានការរំលោភបំពានសិទ្ធិមនុស្ស ឬផ្លូវច្បាប់ដល់ប្រជាពលរដ្ឋគ្រប់រូបឡើយ ដូច្នេះអស់លោកសមត្ថកិច្ច និងតុលាការ ដែលបានធ្វើកិច្ចការនេះទាំងអំពើអយុត្តិធម៌ អាចនឹងប្រឈមចំពោះការស៊ើបអង្កេតឡើងវិញថា តើដំណើរការនីតិវិធីនីនេះកើតឡើងដោយអំពើពុករលួយ ឬដោយនីតិវិធីស្របច្បាប់ ៕ សុខ ខេមរ៉ា