បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់ ​​ក្រោយ​ឃុំខ្លួន​នៅប្រទេស​ចិន​ ពីបទបង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិចិន បានចេញមុខសុំទោសលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ចិន

ចែករំលែក៖

អន្តរជាតិ៖ បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់ ​បាន​លេចមុខ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ចិន​នៅ​ថ្ងៃទី​១១ ខែតុលា​ ឆ្នាំ២០២០ ដែល​ត្រូវបាន​ឃុំខ្លួន​នៅប្រទេស​ចិន​ ដោយអាជ្ញាធរ​ចោទប្រកាន់ថា បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិចិន ។ បន្ទាប់ពីរូបគេ​បាន​សារភាពថា បាន​ថត​វីដេអូ​សមយុទ្ធ​យោធា​ ដោយ​គ្មាន​ការអនុញ្ញាត​ក្នុង​ទីក្រុង​មួយ​ជាប់​ព្រំដែន​ទីក្រុង​ហុងកុង អំឡុង​បាតុកម្ម​នៅ​ទីនោះ​កាលពី​ឆ្នាំមុន​។

​បើតាមការអះអាងពីសាច់ញាតិ​បុរស​តៃវ៉ាន់​ខាងលើឈ្មោះលី ម៉េងជូ (Lee Meng-chu) បាននិយាយថា រូបលោក​បាន​បាត់​ខ្លួន​ក្រោយ​ឆ្លងកាត់​ពី​ទីក្រុង​ហុងកុង​ទៅកាន់​ទីក្រុង Shenzhen កាលពី​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០១៩​។ ព្រោះកាលនោះ ទីក្រុង​ហុងកុង បាន​ស្ថិតក្នុង​ភាពវឹកវរ​ដោយសារ​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​រាប់​ខែ​ប្រឆាំងនឹង​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស​ចិន ប្រឆាំង​រដ្ឋាភិបាល​ហុង​កុង និង​រដ្ឋាភិបាល​ចិន​។

​ជាក់ស្តែងនៅពេល​នោះដែរ កងទ័ព​ចិន​រាប់ពាន់នាក់ បាន​ប្រមូលផ្ដុំ​ក្នុង​កីឡដ្ឋាន​មួយកន្លែង​ក្នុង​ទីក្រុង Shenzhen សម្រាប់​កម្ដៅ​សាច់ដុំ អម​ជាមួយនឹង​រថយន្តយោធា​ជាច្រើន​។ ទង្វើ​នេះ បាន​នាំ​ឲ្យ​មាន​សង្ស័យថា រដ្ឋាភិបាល​ចិន​នឹងដាក់​ពង្រាយ​កងទ័ព​ធ្វើ​អ​ន្តា​គម​ន៍​ដើម្បី​បង្ក្រាប​បាតុកម្ម​ក្នុង​ទីក្រុង​ហុងកុង ។​

លោក Lee បាននិយាយ​ក្នុង​ទូរទស្សន៍​រដ្ឋ CCTV ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី ១១ ខែតុលាថ្មីៗនេះថា «​ខ្ញុំ​ទាញ​ទូរ​សព្ទ​ខ្ញុំ​យកទៅ​ថត​វីដេអូ​មួយចំនួន​»​ ហើយ​លោក​សុំទោស​ចំពោះ​ទង្វើ​ខុសឆ្គង​នេះ​។

បើយោងតាម​ទូរទស្សន៍​រដ្ឋ CCTV បានបញ្ជាក់ថា បុរស​តៃវ៉ាន់​រូបនេះ បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Shenzhen សម្រាប់​គោលបំណង​សំខាន់​តែមួយគត់ គឺ​ឃ្លាំមើល​ការ​ចល័ត​កងទ័ព​ចិន​។ លោក​ត្រូវបាន​រាយការណ៍​ថា ថត​វីដេអូ​សរុប​១៦​វីដេអូ និង​ថតរូប​ភាព​៤៨​សន្លឹក នៅ​ជុំវិញ​កីឡដ្ឋាន​នោះ​។ ក្រោយ​បាន​ចែករំលែក​លើ​អ៊ីនធឺណិត​រួច លោក​ត្រូវបាន​រាយការណ៍​ថា ត្រូវ​ចាប់​ឃាត់ខ្លួន​ពី​សំណាក់​សមត្ថកិច្ច​។

​ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​មួយចំនួន បាន​ចោទប្រកាន់​ក្រុង​ប៉េកាំង​ថា ជារឿយៗ​ចាប់បង្ខំ​ឲ្យ​ជន​ដែល​ខ្លួន​ចាប់​ឃុំឃាំង​ឲ្យ​ចេញមុខ​សារភាព​ទោសកំហុស​ជា​សាធារណៈ​លើ​ទូរទស្សន៍​រដ្ឋ​ខ្លួន​។ ក្នុងប្រទេស​ចិន ប្រព័ន្ធតុលាការ ត្រូវបាន​មើលឃើញថា ស្ថិតក្រោម​ឥទ្ធិពល​របស់​បក្ស​កុម្មុយនីស្ត​ចិន​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print