ខេត្តព្រៃវែង៖ ជនសង្ស័យម្នាក់ ជាក្រុមបក្សពួកចោរប្លន់ ក្នុងចំណោមបក្សពួក៦នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿងពីបុរសម្នាក់ កំពុងដឹកប្រពន្ធតាមផ្លូវដែលមានរងរបួសបានសម្រេច ប៉ុន្តែរត់មិនរួច ព្រោះត្រូវជនរងគ្រោះស្គាល់មុខ ក៏ប្តឹងនគរបាលខេត្ត និងស្រុកស្ទាក់ចាប់បាន ។
ករណីប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ ខែធ្នូថ្មីៗនេះ នៅលើកំណាត់ផ្លូវជាតិលេខ៣១៧ ត្រង់ចំណុចភូមិស្ដៅ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ក្រុមចោរមានគ្នាចំនួន៦នាក់ ជិះម៉ូតូ៣គ្រឿង បានមកធ្វើសកម្មភាពប្លន់ម៉ូតូជនរងគ្រោះមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ពាក់ស្លាកលេខ កណ្តាល 1AB-3602 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ សួង រ៉េត ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិខ្វិត ឃុំធាយស្រុកបាភ្នំ ខេត្តព្រៃវែង។
បើតាមសម្តីបុរសរងគ្រោះឈ្មោះ សួង រ៉េត បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ រូបគាត់កំពុងតែជិះម៉ូតូឌុបប្រពន្ធឈ្មោះអ៊ុត យ៉ន អាយុ៥២ឆ្នាំ ដែលមានរបួសដៃឆ្វេងស្រាប់ ធ្វើដំណើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ៣គ្រឿង ក្នុងនោះមួយគ្រឿងម៉ាកហុងដា ស៊េរីឆ្នាំ2018 ពណ៌ខ្មៅ, មួយគ្រឿងម៉ាកគុបជ្រុង និងមួយគ្រឿងទៀតមិនស្គាល់ម៉ាកនោះទេ មានគ្នា៦នាក់ បានជិះមកអែបម៉ូតូគាត់ ហើយបានធាក់ម៉ូតូគាត់អោយដួល រួចក៏ប្លន់យកម៉ូតូគាត់ជិះរត់គេចខ្លួនទៅទិសខាងលិចអស់ទៅ ហើយនៅលើម៉ូតូនោះ ក៏ជាប់ដោយទាំងកាបូបស្ពាយមួយ ដែលមានប្រាក់ក្នុងនោះចំនួន៥០០ដុល្លារផងដែរ។
បុរសរងគ្រោះ បន្តថា បន្ទាប់ពីក្រុមចោរគេចខ្លួនទៅអស់ រូបគាត់និងប្រពន្ធ ក៏នាំគ្នារត់ទៅប្តឹងសមត្ថកិច្ចប៉ូស្តិ៍រដ្ឋបាលឃុំធាយ ឲ្យជួយអន្តរាគមន៍ភ្លាមៗ។ ព្រោះនៅក្នុងចំណោមក្រុមចោរប្លន់ទាំងនោះ ពួកគាត់បានស្គាល់ច្បាស់ម្នាក់គឺឈ្មោះ ជុំ ចន្នី ភេទប្រុស អាយុ២៨ឆ្នាំ ដែលជាអ្នកនៅក្នុងភូមិជាមួយគ្នា។
បើតាមសម្តីសមត្ថកិច្ចនគរបាលស្រុកបាភ្នំ ក៏បានបញ្ជាក់ដែរថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះខាងលើនេះ ភ្លាមៗ លោកអធិការស្រុកបាភ្នំ បានដឹកនាំកម្លាំងចុះស្ទាក់គ្រប់ច្រក និងតាមស្រាវជ្រាវរកមុខសញ្ញាក្រុមចោរ រហូតធ្វើការចាប់ឃាត់ខ្លួនក្រុមចោរបានម្នាក់ឈ្មោះ ជុំ ចន្នី នៅវេលាម៉ោង៧ព្រឹកនៅថ្ងៃទី២៧ ខែធ្នូ និងដកហូតបានវត្ថុតាងម៉ូតូគុបជ្រុងមួយគ្រឿង ដែលគេជិះធ្វើសកម្មភាពប្លន់ជនរងគ្រោះកាលពីយប់ ។
មន្រ្តីដដែលបន្តថា បច្ចុប្បន្នបក្ខពួកក្រុមចោរចំនួន៥នាក់ទៀត កម្លាំងសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណអស់ហើយ និងពេលនេះកំពុងស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ជុំ ចន្នី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ហើយនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖សហការី