ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកេីឡេីង បន្ទាប់ពីនារីម្នាក់ បានយំស្រែកឲ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយធ្វេីអន្តរាគមន៍ ដោយនាងបានចោទប្រកាន់បុរសម្នាក់ ដែលគាត់ស្រឡាញ់គ្នាអស់រយៈពេល២ឆ្នាំមកហើយ។ ស្រាប់តែនាពេលថ្មីៗនេះ ទើបគាត់ដឹងថា បុរសរូបនោះមានទាំងប្រពន្ធនិងកូនរួចទៅហើយ មិនតែប៉ុណ្ណះបានបោកយកទាំងខ្លួនប្រាណ ហើយខ្ចីលុយមិនព្រមសងថែមទៀតផង។
ករណីខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៤០នាទីព្រឹកព្រលឹមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចច្រមុះស្ទឹងមានជ័យ តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីនារីខាងលេីនេះ បានបញ្ជាក់ថា គាត់មានឈ្មោះលៀង រ៉ានី អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ចំណែកភាគីខាងប្រុសឈ្មោះវឿន វី អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ មុខរបរជាអ្នករត់តាក់ស៊ីពីត្បូងឃ្មុំទៅភ្នំពេញ ពីភ្នំពេញទៅត្បូងឃ្មុំ។
នារីរូបនេះ បន្តថា ពួកគាត់បានស្រឡាញ់គ្នារយៈពេល២ឆ្នាំកន្លងមកហើយ ដោយស្គាល់គ្នាតាំងពីដំបូងឡើយគឺតាមរយៈការជិះតាក់ស៊ី ដែលកាលពី២ឆ្នាំមុនគាត់បានចប់អាណត្តិធ្វើការនៅប្រទេសកូរ៉េ ហើយក៏បានធ្វើដំណើរពីប្រទេសកូរ៉េត្រឡប់មកកម្ពុជាវិញ។ លុះមកដល់កម្ពុជាគាត់ក៏បានជិះរថយន្តតាក់ស៊ីរបស់បុរសខាងលើដើម្បីទៅស្រុកកំណើត ហើយការធ្វើដំណើរតាមផ្លូវនោះក៏មានការនិយាយសារសងគ្នា ពីរាជធានីភ្នំពេញរហូតដល់ស្រុកកំណើតឯខេត្តត្បូងឃ្មុំ បន្ទាប់មកគាត់ក៏បាក់ចិត្តលង់នឹងការនិយាយលួងលោមរបស់បុរសជាអ្នករត់តាក់ស៊ីខាងលើ ហើយក៏មានទំនាក់ទំនងស្នេហាជាមួយគ្នារហូតរយៈពេល២ឆ្នាំ ដោយមិនបានរៀបការជាមួយគ្នានោះទេ ។
ប្រភពដដែល បន្តទៀតថា ឈ្មោះវឿន វី បាននិយាយលួងលោម និងអូសទាញគាត់ថា «មិនបាច់ធ្វើការនៅកូរ៉េទេ ទៅធ្វើការនៅកូរ៉េនាំតែឆ្ងាយអី ធ្វើការនៅស្រុកខ្មែរទៅ បងជាអ្នករត់តាក់ស៊ីប៉ុណ្ណឹងដែរ រឿងអីចិញ្ចឹមអូនអែងមិនរស់»។ ដោយសារតែការនិយាយលួងលោមបែបនេះហើយ ទើបធ្វើឱ្យគាត់បាក់ទឹកចិត្តស្រឡាញ់ ក៏យល់ព្រម ដោយមិនបានបន្តអាណត្តិទៅធ្វើការនៅកូរ៉េទៀតទេ ក៏ធ្វើការនៅភ្នំពេញ នៅផ្ទះបងប្អូន ដោយជួលផ្ទះនៅម្តុំបុរីសូនីរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធ ។ រហូតមកដល់មួយរយៈចុងក្រោយនេះ គាត់ក៏មានផ្ទៃពោះ ជាហេតុធ្វើឱ្យឪពុកម្តាយនិងបងប្អូនរបស់គាត់មានការងឿងឆ្ងល់ថា មិនដែលឃើញបុរសខាងលើរត់តាក់ស៊ីពីភ្នំពេញទៅស្រុកហើយ បែរជាមិនដែលឃើញចូលស្រុកសោះ ហើយរថយន្តក៏មិនដែលចូលបេនទៀត ។ យូរៗក៏អើតមើលរូបគាត់នៅផ្ទះជួលម្តង ហើយបុរសរូបនោះក៏បានខ្ចីលុយចំនួន៥០០ដុល្លារពីគាត់ទៀត ដោយសារតែការជឿទុកចិត្ត គាត់ក៏ឲ្យលុយខ្ចីទៀត ។
នារីរូបនេះ បន្ថែមទៀតថា បន្ទាប់ពីមានការងឿងឆ្ងល់ ឪពុកម្តាយរបស់គាត់ក៏ចាប់ផ្តើមគិតថា មនុស្សប្រុសឯណាវ័យ៣៧ឆ្នាំទៅហើយ នៅមិនទាន់មានប្រពន្ធនោះ បើធ្លាប់មានក៏ប្រហែលជាពោះម៉ាយដែរ ។ ក្រោយមកឪពុកម្តាយ និងបងប្អូនរបស់គាត់ក៏នាំគ្នាស៊ើបប្រវត្តិភ្លាមៗរហូតដឹងថា បុរសរូបនេះមានប្រពន្ធនិងកូនរួចទៅហើយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល និងឈ្លោះទាស់ទែងគ្នា ព្រោះតែការបោកប្រាស់ទំនុកចិត្តអស់រយៈពេល២ឆ្នាំមកហើយ ដោយបុរសខាងលើបានលាក់បាំងថាអត់មានប្រពន្ធនិងកូនទេ។
ប្រភពដដែលបន្តថា បន្ទាប់ពីស៊ើបដឹងប្រវត្តិរបស់បុរសខាងលើរួច ហើយម្យ៉ាងទៀតអង្ករក្លាយទៅជាបាយទៅហើយនោះ រូបគាត់ក៏សម្រេចទៅជួបពេទ្យដើម្បីយកកូនចេញផងដែរ។ ក្រោយពីពួកគាត់បានឈ្លោះទាស់ទែងគ្នារួចមក ខាងប្រុសលែងនៅផ្ទះជួលម្តុំបុរីសូនីទៀតហើយនៅតែបន្តរត់តាក់ស៊ីរាល់ថ្ងៃ ប៉ុន្តែមិនដឹងគោលដៅនៅកន្លែងណា ទើបធ្វើឱ្យគាត់ខឹងសម្បារឿងបោកប្រាក់ទំនុកចិត្ត ហើយលុយក៏មិនព្រមសងទៀត គាត់ក៏ចាប់ផ្តើមតាមរកខាងប្រុស រហូតដល់វេលាព្រឹកថ្ងៃកើតហេតុ ក៏ប្រទះឃើញខាងប្រុសនៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យទើបយំស្រែកឆោឡោដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
បើតាមប្រពភព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយមានករណីឈ្លោះប្រកែកគ្នាផ្អើលប្រជាពលរដ្ឋ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុសួរនាំដឹងរឿងហេតុរួចហើយ និងដើម្បីចៀសវាងការផ្ទុះហិង្សា ក៏ណែនាំឱ្យពួកគាត់ទាំង២នាក់ធ្វើការដោះស្រាយសម្របសម្រួលគ្នា ដោយគាត់មិនចង់ប្តឹងប្តល់អ្វីវែងឆ្ងាយនោះទេ គឺគ្រាន់តែចង់ឱ្យខាងប្រុសសងលុយដែលបានខ្ចីចំនួន៥០០ដុល្លារនោះមកវិញ និងសងជំងឺចិត្តចំនួន៥០០ដុល្លារទៀតប៉ុណ្ណោះ សរុបគឺ១ពាន់ដុល្លារ។ ចំណែកខាងប្រុសក៏យល់ព្រមសងលុយសរុបចំនួន១ពាន់ដុល្លារនោះដែរ ប៉ុន្តែបច្ចុប្បន្នគ្មានលុយក្នុងខ្លួននោះទេ គឺមានតែទៅខ្ចីគេសិន ។
ក្នុងហេតុការណ៍នេះដែរ ភាគីខាងប្រុស ក៏បានសម្របសម្រួលជាមួយខាងស្រី ដោយបញ្ជាក់ថា បើគាត់រកលុយមិនបានទេ គាត់នឹងយករថយន្តរបស់គាត់ទៅលក់ ឬបញ្ចាំ ដើម្បីយកលុយ១ពាន់ដុល្លារទៅសងភាគីខាងស្រីដើម្បីបញ្ចប់រឿងកុំឱ្យមានរឿងវែងឆ្ងាយ។
គួរបញ្ជាក់ថា ក្រោយកើតហេតុភាគីទាំងប្រុសទាំងស្រី ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បាននាំពួកគាត់ទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដើម្បីដោះស្រាយតាមនីតិវិធី៕ដោយ៖សហការី