ភ្នំពេញ, បើយោងតាមប្រភព ( ទំព័ររឿងបូរាណ)សរសេរអត្ថបទ៖ -សៀនហួរ បានរៀបរាប់បញ្ជាក់ឲ្យដឹងថា, ថ្ងៃនេះខ្ញុំសុំនាំអារម្មណ៍អ្នកទាំងអស់គ្នាមកស្វែងយល់ពីចំណេះដឹងថ្មីមួយទៀត អំពីប្រាសាទបូរាណខ្មែរហេតុអ្វីបានជាមានប្រហោងរាប់រយបែបនេះ? បើតាមខ្ញុំធ្លាប់ស្វែងយល់គឺប្រហោងមួយចំនួន កន្លែងគេចុះប្រហោងជ្រៅៗអាចគេប្រើដើម្បីសូកឈើប្រើសម្រាប់ជួយអួសថ្មពីទីតាំងមួយទៅទីតាំងមួយ ជួយក្នុងការឈួសថ្មឲ្យមានផ្ទៃស្មើរ ប្រើសម្រាប់លើកដាក់ថ្មបន្តប់លើគ្នា អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ប្រហោងថ្មដែលគេចុះប្រហោងរាក់ៗត្រូវបានប្រើសម្រាប់ដាក់គ្រាប់ត្បួងមានតម្លៃសម្រាប់ការលំអរឲ្យមានពន្លឺរស្មីក្នុងប្រាសាទ។ ដូចនៅអត្ថបទខាងក្រោមនេះគឺ និយាយអំពី ប្រាសាទព្រះខ័ន។
ត្បូងធម្មជាតិដ៏សែនមានតម្លៃរាប់ពាន់ រាប់ម៉ឺន ត្រូវដូនតាខ្មែរសម័យអង្គរយកមកលំអ និងបិតតាមជញ្ជាំងថ្មប្រាសាទ តាមព្រះរាជបញ្ជារបស់ព្រះបាទជ័យវរ្ម័នទី៧ ដើម្បីបង្ហាញពីព្រះទ័យទ្រង់ ចំពោះព្រះវររាជបិតា និងព្រះវររាជមាតា។
នៅពេលយើងធ្វើដំណើរទៅទស្សនាប្រាសាទព្រះខ័ន និងប្រាសាទតាព្រហ្ម គួរតម្រង់ទៅរកទីចំកណ្តាលនៃប្រាសាទ ដែលជាបេះដូង ដែលស្ថិតអ័ក្សនៃប្រាសាទទាំង២ នោះលោកអ្នកនឹងប្រទះឃើញ រន្ធលើថ្មតូចទំហំប៉ុន ពែងអាកោ ប៉ុនមេជើងចំនួនរាប់ម៉ឺនដែលបន្សល់ទុក។
បើតាមលោក រ៉េត សាមុត មគ្គុទ្ទេសក៍ ឲ្យដឹងថាអ្នកប្រវត្តិវិទូ និងអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រអះអាងថារន្ធទាំងនោះ ព្រះបាទជ័យវរ្ម័នទី៧ បញ្ជាឲ្យក្រុមជាងចោះដើម្បីទុកបំពាក់ត្បូងធម្មជាតិដ៏មានតម្លៃជាច្រើនប្រភេទ ដើម្បីបង្ហាញពីទឹកព្រះទ័យចំពោះព្រះអ្នកដ៏មានមហាឧបការគុណដ៏មិនមានអ្វីមកប្រៀបបាន គឺព្រះបាទធរណិន្ទវរ្ម័នទី២ជាព្រះបិតា និងព្រះវររាជមាតាទ្រង់ ព្រះនាមចូឌាមុន្នី។
គួរឲ្យសោកស្ដាយត្បូងពេជ្រវត្ថុមានតម្លៃទាំងអស់ត្រូវបានបាត់បង់ដោយសារសង្គ្រាមឈ្លានពាន ពីប្រទេសជិតខាង និងក្រុមចោរដែលលួចលក់បំផ្លាញដោយគ្មានស្ដាយស្រណោះ ធ្វើឲ្យកេរដំណែលដូនតាខ្មែរដ៏រុងរឿង ត្រូវវិនាសសូន្យសោះ។ ប្រាសាទព្រះខ័ន និងប្រាសាទតាព្រហ្ម ត្រូវបានសាងឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣៕
ដោយ, សិលា