ជាងមួយថ្ងៃក្រោយកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីចូលជាធរមាន ស្ថានភាពនៅក្នុងប្រទេសស៊ីរីស្ងប់ស្ងាត់ជាបណ្តោះអាសន្ន។នៅពេលនេះការខិតខំទំនាក់ទំនងត្រូវបង្កើនឡើងរវាងក្រុមប្រឆាំងរដ្ឋាភិបាលនិងទាហានរដ្ឋាភិបាលដើម្បី អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ប្រកបដោយប្រសិទ្ធិភាព។
ពលរដ្ឋស៊ីរីនៅរដ្ឋធានីដាម៉ាកាស បានឲ្យដឹងថា ស្ថានភាពនៅពេលនេះពិតជាស្ងប់ស្ងាត់ ហើយពួកគាត់មានការពេញចិត្តយ៉ាងខ្លាំងនៅកិច្ចព្រមព្រៀងឈប់បាញ់ខាងលើ។ ពលរដ្ឋស៊ីរីបានដេកលក់ពេញមួយយប់យ៉ាងសុខសាន្តដោយមិនបានឮស៊ូស្នូកាំភ្លើងទៀតនោះឡើយ។ ពលរដ្ឋស៊ីរីបានធ្វើដំណើរដោយសេរីទៅមកនៅក្នុងក្រុងដោយមិនមានក្តីកង្វល់។
ពលរដ្ឋដែលរស់នៅក្នុងតំបន់សមរភូមិក្តៅបំផុតក៏ទទួលបានបរិយាកាសស្ងប់ស្ងាត់ជាលើកដំបូង ក្នុងរយៈពេលជាង៥ឆ្នាំកន្លងមកនៅស៊ីរី។ ពលរដ្ឋរស់នៅក្នុងតំបន់ Jaramana ជាកន្លែង មានការបាញ់ប្រហារគ្នាខ្លាំងបំផុតក៏មានភាពសប្បាយរីករាយ មានការស្ងប់ស្ងាត់ ។ពលរដ្ឋស៊ីរីសង្ឃឹមថា កិច្ចព្រមព្រៀងឈប់បាញ់និងអូសបន្លាយរយៈពេលយូរ។
ប៉ុន្តែមិនមែននៅគ្រប់ទីកន្លែងក្នុងប្រទេស៊ីរី សុទ្ធតែទទួលបានប្រយោជន៍ពីកិច្ចព្រមព្រៀងឈប់បាញ់ តំបន់មួយចំនួនរងការវាយប្រហារពីក្រុមភេរវកម្មIS អាលកៃដា ដែលជា ក្រុម មិនមាននៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់។ ប្រព័ន្ធផ្សព្វផ្សាយស៊ីរីបានផ្សាយថា មានករណី វាយប្រហារគ្រាប់បែកបង្កៃក្នុងរថយន្ត នៅខេត្ត ហាម៉ាសម្លាប់មនុស្ស២នាក់ ហើយក្រុមIS បានចេញមុខទទួលស្គាល់ការវាយប្រហារខាងលើ។
នៅពេលនេះការខិតខំតាមរយៈកិច្ចការបរទេសកំពុងត្រូវបានធ្វើឡើងយ៉ាងសកម្ម ។ រដ្ឋមន្ត្រីការ បរទេសអាមេរិកលោកចនឃឺរីនិងសមាសភាគីរុស្ស៊ីសឺហ្គេយឡារ៉ូ បង្ហាញការសាទរដល់ កិច្ចព្រមព្រៀងនៅស៊ីរីដែលកំពុងតែមានប្រសិទ្ធិភាព។ ភាគីទាំងពីរបានពិភាក្សាពីការផ្តល់ជំនួយដល់ពលរដ្ឋស៊ីរី ក៏ដូចជាការអនុវត្តឲ្យបានខ្ជាប់ខ្ជួនរយៈពេលយូរ។
តាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ការវាយប្រហាររវាងកម្លាំងទាហានរដ្ឋាភិបាលស៊ីរីនិងក្រុមប្រឆាំងបានបញ្ចប់នៅក្នុងស្រុក ចំនួន៣៤ ទូទាំងប្រទេស ហើយអាមេរិកនិងរុស្ស៊ីបានបង្កើតទីតាំងនៅតាមដំបន់ដើម្បីពិភាក្សារវាងក្រុមទាំងពីរ៕
ប្រែសម្រួល៖ ម៉ែវ សាធី