iv>ខេត្តកំពង់ចាម៖ ចំថ្ងៃទិវា ៨មីនា សិទ្ធិនារី គឺនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានចុះទៅដល់ផ្ទះស្ត្រីរងគ្រោះម្នាក់ ដែលត្រូវបុរសអ្នកមានអំណាច និងមានប្រាក់ម្នាក់ឈ្មោះ ផុក ចំរើន វាយធ្វើបាបទាំងមានផ្ទៃពោះ និងបង្ខំរួមភេទ ថតវីដេអូទុកគំរាម និងឃុបឃិតជាមួយស្រីស្នេហ៍ម្នាក់ផ្សេងទៀត ប្រឌិតអង្គហេតុប្តឹង ស្ដ្រីរងគ្រោះ និងក្រុមគ្រួសារ ទៅសាលាដំបូងខេត្តកំពង់ចាមផង ទៅសាលាដំបូងភ្នំពេញផង ក្នុងបំណងយកស្ត្រីរងគ្រោះ និងបងថ្លៃដាក់គុកឲ្យទាល់តែបាន។
បុរសពោះម៉ាយម្នាក់នេះ បានក្លែងតួនាទីជាមេធាវីផង និងអះអាងថា ខ្លួនជិតក្លាយជាព្រះរាជអាជ្ញាក្នុងពេលឆាប់ៗនេះផង បានទៅស្តីដណ្តឹងស្ដ្រីរងគ្រោះនៅជនបទ និងរៀបការតាមប្រពៃណី ដោយមានការអនុញ្ញាតពីអាជ្ញាធរ ភូមិវ៉ារិន្ទទី២ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។
ក្រោយពីរៀបការរួច បុរសដែលជាជនត្រូវចោទបាននាំស្ដ្រីរងគ្រោះមករស់នៅក្នុងបន្ទប់ជួលមួយកន្លែង ក្នុងរាជធានីភ្នំពេញ។
អំឡុងពេលរស់នៅជាមួយគ្នា ជនត្រូវចោទតែងតែមានទំនាក់ទំនងជាមួយស្រីស្នេហ៍ម្នាក់ទៀត និងនិយាយទូរស័ព្ទឆ្លើយឆ្លងគ្នានៅចំពោះមុខស្ដ្រីរងគ្រោះពេលស្ដ្រីរងគ្រោះសួរនាំជនត្រូវចោទរូបនេះតែងតែវាយដំ និងគំរាមស្ដ្រីរងគ្រោះ តាំងពីស្ដ្រីរងគ្រោះមានផ្ទៃពោះបាន៣ខែ ដោយបង្ខំចាប់ស្ដ្រីរងគ្រោះរួមភេទ ហើយថតជាវីដេអូទុកគំរាម។
ពេលជនត្រូវចោទចេញទៅខាងក្រៅ គឺតែងតែចាក់សោរបន្ទប់ជួលមិនឱ្យស្ដ្រីរងគ្រោះចេញបានឡើយ និងថែមទាំងដកហូតទូរស័ព្ទពីស្ដ្រីរងគ្រោះមិនឱ្យមានទំនាក់ទំនងទៅក្រុមគ្រួសាររបស់នាងឡើយ ។ ជនត្រូវចោទ ធ្លាប់បានធ្វើបាបផ្លូវចិត្ត ដោយបង្ខំនាំស្ដ្រីរងគ្រោះទៅដេកផ្ទះស្រីស្នេហ៍របស់ខ្លួន ហើយបានធ្វើសកម្មភាពរួមភេទជាមួយស្រីស្នេហ៍ នៅចំពោះមុខស្ដ្រីរងគ្រោះដោយអមនុស្សធម៌។
ដោយទ្រាំនឹងអំពើល្មើសព្រៃផ្សៃរបស់ជនត្រូវចោទ លែងបានស្ដ្រីរងគ្រោះក៏បានគេចខ្លួន រត់ចេញត្រឡប់ទៅនៅស្រុកកំណើតជាមួយឪពុកម្តាយវិញ តែត្រូវបានជនត្រូវចោទតាមរករឿងជេរប្រមាថ សំឡុតគំរាមឥតឈប់ឈរ និងបានបង្ខំឲ្យត្រឡប់ទៅនៅជាមួយខ្លួនវិញ។
ដោយជនរងគ្រោះពុំព្រមទៅរួមរស់ជាមួយខ្លួនវិញ ជនត្រូវចោទក៏បានប្រឌិតអង្គហេតុ ចោទប្រកាន់ថា ស្ត្រីរងគ្រោះលួចលុយ ២ម៉ឺន និងគ្រឿងអលង្ការ រត់ទៅផ្ទះ ព្រមទាំងប្តឹងចោទថា ស្ត្រីរងគ្រោះ បានចាប់បង្ខាំងដោយខុសច្បាប់ កូនស្រីរបស់ខ្លួន (កូនស្រីប្រពន្ធមុន ដែលបានលែងលះគ្នារួច ហើយបានទុកឲ្យស្ត្រីរងគ្រោះ មើលថែរហូតមក) ដោយឃុបឃិតគ្នាជាមួយស្រីស្នេហ៍ ប្ដឹងស្ដ្រីរងគ្រោះ នៅសាលាដំបូងខេត្តកំពង់ចាមផង និងប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញផង។ ទង្វើឃោរឃៅគ្មានមនុស្សធម៌របស់ជនត្រូវចោទនេះ បានធ្វើឱ្យស្ដ្រីរងគ្រោះ និងក្រុមគ្រួសារស្ដ្រីរងគ្រោះ រួមទាំងប្រជាជនក្នុងភូមិមានការភ័យខ្លាចជាខ្លាំង។
ដោយក្រុមគ្រួសាររបស់ ស្ដ្រីរងគ្រោះមានជីវភាពខ្សត់ខ្សោយ ពុំមានលទ្ធភាពតតាំងក្ដី ជាមួយជនត្រូវចោទដែលជាអ្នកមានលុយ មានអំណាចអាងខ្នងអ្នកធំផងនោះ ត្រូវបានទទួលការពារដោយក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន។
ក្រោយពីបានជួបសម្ភាសន៍ជាមួយស្ដ្រីរងគ្រោះ បានដឹងអង្គហេតុពិត និងបានឃើញនូវអំពើឃោរឃៅព្រៃផ្សៃនេះ មេធាវីស្ម័គ្រចិត្តសម្តេចតេជោ ៣រូប ត្រូវបានចាត់ឲ្យចូលការពារស្ត្រីរងគ្រោះ ជាបន្ទាន់ ( មេធាវី០៣រូបរួមមាន លោកស្រីមាស ស៊ីថន , លោកស្រី មាស សោភា និងលោក លាន ភារម្យ)។
បន្ទាប់ពីក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានចូលការពារក្ដីជូនស្ដ្រីរងគ្រោះ និងបានបង្ហាញការពិត និងបង្ហាញនូវអំពើរល្មើសរបស់ជនត្រូវចោទតំណាងអយ្យការអមសាលាដំបូងខេត្ដកំពង់ចាម និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចលើកបណ្តឹងរបស់ជនត្រូវចោទចោល ដោយតម្កល់រឿងទុកឥតចាត់ការ ។ បន្ទាប់មកក្រុមមេធាវីការពារក៏បានរៀបចំពាក្យបណ្តឹងប្តឹងបកទៅជនល្មើសវិញពីបទហិង្សាដោយចេតនាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន , គំរាមកំហែងហែកកេរ្តិ៍ , ផ្ដល់លិខិតបញ្ជាក់មិនពិត និងផលិតរូបអាសអាភាស ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ដោយបានពិនិត្យភស្តុតាង និងបានឃើញថា ពិតជាមានអំពើរល្មើស ប្រព្រឹត្តដោយជនត្រូវចោទ ពិតប្រាកដមែន ឯកឧត្ដមព្រះរាជអាជ្ញា ក៏បានសម្រេចឃាត់ខ្លួន រួចបញ្ជូនជនត្រូវចោទទៅចៅក្រមស៊ើបសួរ ហើយក៏ត្រូវបានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ដោយចៅក្រមស៊ើបសួរ ។
ក្រោយជនល្មើសត្រូវបានឃុំខ្លួនគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋក្នុងភូមិឃុំ បានមកជួបជុំគ្នាកុះករអបអរគាំទ្រ និងអរគុណ លើរាល់ចំណាត់ការរបស់អយ្យការ-សាលាដំបូងខេត្តកំពង់ចាម និង ភ្នំពេញ។ ជាមួយគ្នានោះ ដែរឪពុក-ម្តាយជនរងគ្រោះ និងបងៗសុទ្ធតែស្រីៗ ចំនួន ០៥រូប បានបង្ហូរទឹកភ្នែករំភើបចិត្ត សំពះអរគុណសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចបានលះបង់ថវិកាផ្ទាល់ខ្លួន សម្រាប់បង្កើតឲ្យមានក្រុមមេធាវី ជួយការពារស្វែងរកយុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋដែលរងនូវអំពើជិះជាន់ព្រៃផ្សៃ ជាពិសេសចំពោះស្ត្រីទន់ខ្សោយ៕
ប្រភព: BTV