អន្តរជាតិ៖ ក្រុមហ៊ុនវ៉ាក់សាំង Pfizer និងក្រុមហ៊ុនដៃគូអាល្លឺម៉ង់ BioNTech បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនឱសថនេះកំពុងចាប់ផ្តើមសាកល្បងវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ទៅលើកុមារអាយុក្រោម ១២ឆ្នាំ។ មិនតែប៉ុណ្ណោះ ខ្លួនក៏សង្ឃឹមថា នឹងអាចពង្រីកការចាក់វ៉ាក់សាំងដល់កុមារឱ្យបាននៅដើមឆ្នាំ២០២២ខាងមុខនេះ។
សូមជម្រាបថា តាំងពីចុង ខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ វ៉ាក់សាំង Pfizer-BioNTech ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយនិយ័តករឱសថអាមេរិក។ ប៉ុន្តែកន្លងមក វ៉ាក់សាំងនេះគឺសម្រាប់តែចាក់លើមនុស្ស ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅតែប៉ុណ្ណោះ។ ខណៈដែលវ៉ាក់សាំង Moderna មួយទៀត ក៏ចាក់លើមនុស្សអាយុចាប់ពី១៨ឆ្នាំ ឡើងទៅផងដែរ។ ដូច្នេះហេីយ ក្រុមហ៊ុនវ៉ាក់សាំង Pfizer-BioNTech ក៏បានរៀបចំឱ្យមានវ៉ាក់សាំងសម្រាប់កុមារ ដើម្បីទប់ស្កាត់ការរីរករាកដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពលើមនុស្សគ្រប់វ័យតែម្ដង។
ដោយឡែកបើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយដែរថា ក្រុមហ៊ុនវ៉ាក់សាំង Pfizer គ្រោងនឹងធ្វើតេស្តជាបឋមលើសុវត្ថិភាពរបស់វ៉ាក់សាំង២ ដូសរបស់ខ្លួន ដោយប្រើប្រាស់កម្រិតវ៉ាក់សាំង៣ផ្សេងគ្នាគឺ ១០, ២០និង៣០មីក្រូក្រាមលើកុមារ ១៤៤នាក់ ក្នុងដំណាក់កាលសាកល្បងទីមួយ និងទីពីរ។
ចំណែកនៅដំណាក់បន្ទាប់ ក្រុមហ៊ុនគ្រោងនឹងពង្រីកការសាកល្បងវ៉ាក់សាំងដំណាក់កាលបន្ទាប់ ដែល អាច មានអ្នកចូលរួមប្រមាណ ៤,៥០០នាក់។ ជាក់ស្ដែងក្នុងនោះ ពួកគេនឹងធ្វើតេស្តសុវត្ថិភាព ភាពធន់នឹងវ៉ាក់សាំង រួមទាំងការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំដែលបង្កើតដោយវ៉ាក់សាំង ដើម្បីវាស់កម្រិតអង់ទីករប្រឆាំង វីរុសសម្រាប់កុមារ។
ជាមួយគ្នានេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការ ក៏បានបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២៤ ខែមីនាថ្មីៗនេះ វ៉ាក់សាំងរបស់ Pfizer-BioNTech ជិត ៦៦លានដូស ត្រូវបានប្រើនៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ក្រុមហ៊ុនឱសថទាំងពីរ Pfizer-BioNTech ក៏សង្ឃឹមថា ខ្លួននឹងទទួលបានទិន្នន័យពីការសាកល្បង វ៉ាក់សាំងនេះនៅឆមាសទី២ ឆ្នាំ២០២១ ។ បន្ថែមពីលើការសហការនេះ ក្រុមហ៊ុន Pfizer កំពុង សាកល្បងដោយខ្លួនឯងលើកុមារចាប់ពីអាយុ១២ឆ្នាំដល់១៥ឆ្នាំ ហើយរំពឹងថា នឹងមានទិន្នន័យពី ការសាកល្បងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕ដោយ៖ស តារា
វ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech
រូបភាព៖ឯកសារ
រូបថត៖AFP