ក្រុមហ៊ុនវ៉ាក់សាំង Pfizer៖​ កំពុងចាប់ផ្តើមសាកល្បងវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ របស់ខ្លួនលើកុមារអាយុក្រោម ១២ឆ្នាំ

ចែករំលែក៖

អន្តរជាតិ​៖​ ក្រុមហ៊ុនវ៉ាក់សាំង Pfizer និងក្រុមហ៊ុនដៃគូអាល្លឺម៉ង់ BioNTech​ បានបញ្ជាក់ថា​ បច្ចុប្បន្ន​ក្រុមហ៊ុនឱសថនេះកំពុងចាប់ផ្តើមសាកល្បងវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ទៅលើកុមារអាយុក្រោម ១២ឆ្នាំ​។ មិនតែប៉ុណ្ណោះ​ ខ្លួន​ក៏សង្ឃឹមថា នឹងអាចពង្រីកការចាក់វ៉ាក់សាំងដល់កុមារឱ្យបាននៅដើមឆ្នាំ២០២២ខាងមុខនេះ​។

សូមជម្រាបថា​ តាំងពីចុង ខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ​ វ៉ាក់សាំង Pfizer-BioNTech ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយនិយ័តករឱសថអាមេរិក។ ប៉ុន្តែកន្លងមក វ៉ាក់សាំងនេះគឺសម្រាប់តែចាក់លើមនុស្ស ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅតែប៉ុណ្ណោះ។ ខណៈដែលវ៉ាក់សាំង Moderna មួយទៀត ក៏ចាក់លើមនុស្សអាយុចាប់ពី១៨ឆ្នាំ ឡើងទៅផងដែរ។​ ដូច្នេះ​ហេីយ​ ក្រុមហ៊ុនវ៉ាក់សាំង Pfizer-BioNTech ក៏បានរៀបចំឱ្យមានវ៉ាក់សាំងសម្រាប់កុមារ ដើម្បីទប់ស្កាត់ការរីរករាកដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពលើមនុស្សគ្រប់វ័យតែម្ដង។

ដោយឡែក​បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយដែរថា​ ក្រុមហ៊ុនវ៉ាក់សាំង Pfizer គ្រោងនឹងធ្វើតេស្តជាបឋមលើសុវត្ថិភាពរបស់វ៉ាក់សាំង២ ដូសរបស់ខ្លួន ដោយប្រើប្រាស់កម្រិតវ៉ាក់សាំង៣ផ្សេងគ្នាគឺ ១០, ២០និង៣០មីក្រូក្រាមលើកុមារ ១៤៤នាក់ ក្នុងដំណាក់កាលសាកល្បងទីមួយ និងទីពីរ។

ចំណែក​នៅដំណាក់បន្ទាប់ ក្រុមហ៊ុនគ្រោងនឹងពង្រីកការសាកល្បងវ៉ាក់សាំងដំណាក់កាលបន្ទាប់ ដែល អាច មានអ្នកចូលរួមប្រមាណ ៤,៥០០នាក់។ ជាក់ស្ដែង​ក្នុងនោះ ពួកគេនឹងធ្វើតេស្តសុវត្ថិភាព ភាពធន់នឹងវ៉ាក់សាំង រួមទាំងការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំដែលបង្កើតដោយវ៉ាក់សាំង ដើម្បីវាស់កម្រិតអង់ទីករប្រឆាំង វីរុសសម្រាប់កុមារ។

ជាមួយគ្នានេះ​បើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការ​ ក៏បានបញ្ជាក់ដែរថា​ គិតត្រឹមថ្ងៃទី២៤ ខែមីនាថ្មីៗនេះ​ វ៉ាក់សាំងរបស់ Pfizer-BioNTech ជិត ៦៦លានដូស ត្រូវបានប្រើនៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា​ ក្រុមហ៊ុនឱសថទាំងពីរ Pfizer-BioNTech ក៏សង្ឃឹមថា ខ្លួននឹងទទួលបានទិន្នន័យពីការសាកល្បង វ៉ាក់សាំងនេះនៅឆមាសទី២ ឆ្នាំ២០២១ ។ បន្ថែមពីលើការសហការនេះ ក្រុមហ៊ុន Pfizer កំពុង សាកល្បងដោយខ្លួនឯងលើកុមារចាប់ពីអាយុ១២ឆ្នាំដល់១៥ឆ្នាំ ហើយរំពឹងថា នឹងមានទិន្នន័យពី ការសាកល្បងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕ដោយ​៖ស​ តារា​

វ៉ាក់សាំងក្រុម​ហ៊ុន​ ​Pfizer-BioNTech

រូបភាព​៖ឯកសារ​

...

រូបថត​៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print