ខេត្តសៀមរាប៖ យីហោលក់ឱសថស្ថានសារាវន្ត លក់ថ្នាំពេទ្យហួសកាលបរិច្ឆេទ ត្រូវបាននគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប សហការជាមួយមន្ត្រីមន្ទីរ សុខាភិបាលខេត្តសៀមរាប ចុះរឹបអូសនៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដោយមានបញ្ចាពីលោកសត ណាឌីស្នងការនគរបាល ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរង ខេត្តសៀមរាបទទួលបន្ទុក ផែនកណ្ដាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា ការរឹបអូសឱសថហួសកាលបរិច្ឆេទ ព្រោះមានមន្ត្រីនគរបាល បានចូលទៅទិញថ្នាំពេទ្យ នៅឱសថស្ថានមួយកន្លែងយីហោ សារាវន្ត ដែលមានទីតាំង ខាងលើ ហើយអ្នកលក់ ថ្នាំបានយក ថ្នាំហួសឌឺលេ រយៈពេលជាងមួយ ឆ្នាំមកលក់ ឲ្យមន្ត្រីនគរបាល រូបនោះ។ ក្រោយពីដឹងថាមានឱសថស្ថាន នេះលក់ថ្នាំហួសឌឺលេ លោកបញ្ជាទៅប្រធាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប សហការជាមួយ មន្ត្រីមន្ទីសុខាភិបាលខេត្តចុះ ត្រួតពិនិត្យទីកន្លែង រកឃើញវត្ថុតាង ទើបឈានដល់ ការរឹបអូសតែម្ដងវត្ថុតាងត្រូវបានប្រគល់ឲ្យ មន្ទីរសុខាភិបាល ផាកពិន័យ និងអប់រំធ្វើកិច្ច សន្យាទៅតាមនិតិវិធីច្បាប់ដោយម្ចាស់ព្រមទទួលយកនូវការពិន័យ ចំណែកទីតាំង មិនមាន ការបិទអាជីវកម្មនោះទេ ៕
ដោយ៖ ប៊ុន រិទ្ធី










