អន្តរជាតិ៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយដោយដកស្រង់ពីអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque បានប្រកាសនៅថ្ងៃអង្គារទី២៧ ខែមេសា ម្សិលមិញនេះថា ប្រទេសហ្វីលីពីន នឹងហាមឃាត់ការធ្វើដំណើរទាំងអស់មកពីប្រទេសឥណ្ឌា ដើម្បីការពារការឆ្លងរីករាលដាល នៃវីរុសបំប្លែងខ្លួនថ្មីកូវីដ-១៩ ដែលត្រូវបាននិងកំពុងញាំញីប្រទេសអាស៊ីខាងត្បូងមួយនេះយ៉ាងខ្លាំង។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ចំពោះអ្នកដំណើរមកពីប្រទេសឥណ្ឌា ឬអ្នកដែលមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសនោះក្នុងរយៈពេល១៤ ថ្ងៃមុនពេលការមកដល់ នឹងត្រូវហាមឃាត់មិនឱ្យចូលប្រទេសហ្វីលីពីនឡើយ ដោយអនុវត្តចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី១៤ ខែឧសភា។
គួរបញ្ជាក់ដែរថា មានប្រទេសជាច្រើនទាំងក្នុង និងក្រៅកំពុងចាប់ផ្តើមវិធានការហាមឃាត់ការធ្វើដំណើរមកពីប្រទេសឥណ្ឌា។ ខណៈដែលប្រទេសឥណ្ឌាមួយនេះ ដែលមានប្រជាជនច្រើនជាងគេទី២ លើពិភពលោក កំពុងញាំញីយ៉ាងខ្លាំងដោយសារវីរុសបំប្លែងខ្លួនថ្មី ដោយក្នុងមួយថ្ងៃៗ រកឃើញអ្នកឆ្លងថ្មីរាប់សែនករណី និងបានស្លាប់មនុស្សរាប់ពាន់នាក់ផងដែរ៕ដោយ៖ស តារា
រូបភាព៖ អាកាសយានដ្ឋានអន្តរជាតិប្រទេសហ្វីលីពីន អំឡុងកូវីដ១៩ នាពេលកន្លងទៅ