អន្តរជាតិ៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation បានចុះផ្សាយដកស្រង់ចេញពីរដ្ឋបាលទីក្រុងបាងកក (BMA) នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសថា នឹងបើកកន្លែងសង្គ្រោះបន្ទាន់ (ICU) នៅតាមទីវាលដំបូងបង្អស់ ដែលហៅថាមន្ទីរពេទ្យ Erawan 3។
ជាក់ស្ដែងលោក អេសវីន ក្វាន់មួង (Aswin Kwanmuang) អភិបាលទីក្រុងបាងកក បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុករបស់លោកថា៖ «ពហុកីឡដ្ឋាន Chaloem Phra Kiat ដែលស្ថិតនៅក្នុងស្រុក Thung Khru ត្រូវបានប្តូរទៅជាមន្ទីរពេទ្យនៅតាមទីវាល ហើយវានឹងអាចផ្ទុកអ្នកជំងឺបានរហូតដល់ ៤៣២នាក់។
គួរជម្រាបថា មន្ទីរពេទ្យ Charoenkrung Pracharak នឹងផ្តល់ជូននូវអ្នកជំនាញវេជ្ជសាស្ត្រ និងឧបករណ៍ដែលអាចមើលថែអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាធ្ងន់ធ្ងរ រួមទាំងមានម៉ាស៉ីន X-ray ថតសួត, ប្រដាប់វាស់កម្រិតអុកស៉ីសែនក្នុងឈាម និងបណ្តាញថែទាំសុខភាពពីចម្ងាយគ្រប់ជ្រុងជ្រោយផងដែរ ដើម្បីធានាថាអ្នកជំងឺ ត្រូវបានត្រួតពិនិត្យដោយវេជ្ជបណ្ឌិតគ្រប់ពេលវេលា។
អភិបាលទីក្រុងបាងកករូបនេះ បន្ថែមទៀតថា ចាប់តាំងពីរលកថ្មីនៃជំងឺ COVID-19 ត្រូវបានគេរាយការណ៍នៅចុងខែមីនាកន្លងទៅនេះ ទីក្រុងបាងកក បានឃើញថាមានការកើនឡើងយ៉ាងខ្លាំងនូវចំនួនអ្នកជំងឺដែលមានរោគសញ្ញាពីមធ្យមទៅធ្ងន់ធ្ងរប្រហែល ១៤ភាគរយនៃអ្នកជំងឺសរុបដែលត្រូវបានរាយការណ៍។
ដោយឡែកជាមួយគ្នានេះ នៅថ្ងៃអង្គារនេះដែរ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា រកឃើញអ្នកឆ្លងជំងឺ COVID-19ថ្មី លើមនុស្ស ១,៧៦៣នាក់បន្ថែមទៀត ខណៈអ្នកជំងឺ ២៧នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។ បច្ចុប្បន្នថៃ ចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសថៃ កើនឡើងដល់ ៧២,៧៨៨ករណី និងអ្នកស្លាប់សរុបកើនឡើងដល់ ៣០៣នាក់ គិតចាប់តាំងពីមានការផ្ទុះឡើង នូវការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីដើមឆ្នាំ២០២០។ ដោយឡែកអ្នកជំងឺជាង ៣០,០០០នាក់ទៀត កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ ខណៈអ្នកជាសះស្បើយសរុបកើនដល់ ៤២.៤៧៤នាក់៕ដោយ៖ស តារា