ក្រុងបាងកក៖​ សម្រេចបើកបន្ទប់សង្រ្គោះបន្ទាន់(ICU) ជាលើកដំបូងនៅក្រៅមន្ទីរពេទ្យ​ សម្រាប់​ដាក់​អ្នក​ជំងឺ​កូ​វីដ-១៩ កម្រិតធ្ងន់

ចែករំលែក៖

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation បានចុះផ្សាយដកស្រង់ចេញពីរដ្ឋបាលទីក្រុងបាងកក (BMA) នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសថា​ នឹងបើកកន្លែងសង្គ្រោះបន្ទាន់ (ICU) នៅតាមទីវាលដំបូងបង្អស់ ដែលហៅថាមន្ទីរពេទ្យ Erawan 3។

ជាក់ស្ដែង​លោក អេសវីន ក្វាន់មួង (Aswin Kwanmuang) អភិបាលទីក្រុងបាងកក បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុករបស់លោកថា៖ «ពហុកីឡដ្ឋាន Chaloem Phra Kiat ដែលស្ថិតនៅក្នុងស្រុក Thung Khru ត្រូវបានប្តូរទៅជាមន្ទីរពេទ្យនៅតាមទីវាល ហើយវានឹងអាចផ្ទុកអ្នកជំងឺបានរហូតដល់ ៤៣២នាក់។

គួរជម្រាបថា​ មន្ទីរពេទ្យ Charoenkrung Pracharak នឹងផ្តល់ជូននូវអ្នកជំនាញវេជ្ជសាស្ត្រ និងឧបករណ៍ដែលអាចមើលថែអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាធ្ងន់ធ្ងរ រួមទាំងមានម៉ាស៉ីន X-ray ថតសួត, ប្រដាប់វាស់កម្រិតអុកស៉ីសែនក្នុងឈាម និងបណ្តាញថែទាំសុខភាពពីចម្ងាយគ្រប់ជ្រុងជ្រោយផងដែរ ដើម្បីធានាថាអ្នកជំងឺ ត្រូវបានត្រួតពិនិត្យដោយវេជ្ជបណ្ឌិតគ្រប់ពេលវេលា។

អភិបាលទីក្រុងបាងកករូបនេះ​ បន្ថែមទៀតថា ចាប់តាំងពីរលកថ្មីនៃជំងឺ COVID-19 ត្រូវបានគេរាយការណ៍នៅចុងខែមីនាកន្លងទៅនេះ ទីក្រុងបាងកក បានឃើញថាមានការកើនឡើងយ៉ាងខ្លាំងនូវចំនួនអ្នកជំងឺដែលមានរោគសញ្ញាពីមធ្យមទៅធ្ងន់ធ្ងរប្រហែល ១៤ភាគរយនៃអ្នកជំងឺសរុបដែលត្រូវបានរាយការណ៍។

ដោយ​ឡែក​ជាមួយគ្នានេះ​ នៅថ្ងៃអង្គារនេះដែរ ក្រសួងសុខាភិបាលថៃ​ បានរាយការណ៍ថា រកឃើញ​អ្នកឆ្លងជំងឺ COVID-19ថ្មី​ លើ​មនុស្ស ១,៧៦៣នាក់បន្ថែមទៀត​ ខណៈ​អ្នក​ជំងឺ​ ២៧នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។​ បច្ចុប្បន្ន​ថៃ​ ចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសថៃ កើនឡើងដល់ ៧២,៧៨៨ករណី និងអ្នកស្លាប់សរុបកើនឡើងដល់ ៣០៣នាក់ គិតចាប់តាំងពីមានការផ្ទុះឡើង នូវការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីដើមឆ្នាំ២០២០។ ដោយឡែកអ្នកជំងឺជាង ៣០,០០០នាក់ទៀត កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ ខណៈអ្នកជាសះស្បើយសរុបកើនដល់ ៤២.៤៧៤នាក់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print