ទីបំផុត​! ក្រុម​ចោរ​ប្លន់​វ័យក្មេង​ ៤នាក់​ ត្រូវ​តុលាការ​ឃុំខ្លួន ពីបទ «លួចមានស្ថានទោស»

ចែករំលែក៖

ភ្នំពេញ​៖ ទីបំផុត​! ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ទិត្យសុធី បូរ៉ាឆាត នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនជាប់ចោទចំនួន៤នាក់ ពាក់ព័ន្ធករណីប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា​ ជនត្រូវចោទទាំង៤នាក់នេះ​ បន្ទាប់ពីលោកព្រះរាជអាជ្ញារង វង្ស សាវ៉ាត បានចោទប្រកាន់ជនសង្ស័យទាំង៤នាក់ ពីបទ «លួចមានស្ថានទោស»​ រួច​ត្រូវ​បាន​លោក ទិត្យសុធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​ ចេញ​ដីកាបង្គាប់ឱ្យឃុំខ្លួនតែម្តង។

ជនជាប់ចោទចំនួន៤នាក់ រួមមាន៖​ ទី១៖ ឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា ភេទស្រី អាយុ២៣ឆ្នាំ​,​ ទី២៖ ឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ​ ;​ ទី៣៖ ឈ្មោះ ដោក ចំរ៉ុង ហៅ រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ។ ចំណែកម្នាក់ទៀតកំពុងដេកពេទ្យដោយសារមានរបួសពេលត្រូវចាប់ខ្លួន ឱ្យយកទៅដាក់ពន្ធនាគារព្រៃសរ ដើម្បីរង់ចាំជំនុំជម្រះទោសនៅពេលក្រោយ។

គួររម្លឹកថា​ ករណី​ប្លន់​ខាងលេីនេះ​ បានកើតឡើង​កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៥​ និង៣០នាទី កម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ជាបន្តបន្ទាប់ពីបទលួចមានស្ថានទម្ងន់ទោស (ប្រើដែកគន្លាស់ និងកូនកាំបិតចុងស្រួចភ្ជង់ក របស់ជនរងគ្រោះរួចប្លន់យកលុយនិងទូរស័ព្ទដៃ ១គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៤ ផ្លូវលេខ២០២ ក្រុមទី៥ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០២៖៥០នាទីរំលងអាធ្រាត្រ។

ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យខាងលើចំនួន ០៤ទីតាំងផ្សេងគ្នា ដោយស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់។​

ជាក់ស្ដែង​ទី១៖ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា ភេទស្រី អាយុ២៣ឆ្នាំ បានឃាត់នៅចំណុចមុខសាលាបឋមសិក្សាបឹងសាឡាង ផ្លូវលេខ២៥៥ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១១៖០០នាទី។

-ទី២៖ ឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅចំណុចលើដងផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១២៖០០នាទី។

-ទី៣៖ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ដោក ចំរ៉ុង ហៅ រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅចំណុចលើដងផ្លូវលេខ១៦០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៤៖០០នាទី ។

លុះមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២១:២០នាទី សមត្ថកិច្ចបានស្រាវឃាត់ខ្លួនជនសង្ស័យទី៤៖ ឈ្មោះ ដា វុទ្ធី ហៅ ទួក ភេទប្រុស អាយុ២១ឆ្នាំ ឃាត់នៅចំណុចផ្លូវបេតុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ចំណែក​ជនរងគ្រោះមានឈ្មោះ ជឿន ស្រីពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២១៤ ផ្លូវលេខ២ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ

ក្រោយ​ឃាត់ខ្លួនវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1IN-5793 ដែលមានលេខតួ និងលេខម៉ាស៊ីន: 82049165 ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពនៅថ្ងៃកើតហេតុ (ចាប់យកពីឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា)។

ដោយឡែក​សម្ភារបាត់បង់រួមមាន៖ កាបូបស្ពាយមួយក្នុងកាបូបមានប្រាក់ដុល្លារចំនួន២០០ដុល្លារ និងទូរស័ព្ទដៃ០១គ្រឿងម៉ាក I phoneX ពណ៌ខ្មៅ០១គ្រឿង (ជាសម្ភាររបស់ជនរងគ្រោះដែលក្រុមជនសង្ស័យប្រើដែកគន្លាស់ និងកូនកាំបិតភ្ជង់ប្លន់យកទៅបាត់)។

គួរបញ្ជាក់ថា​ បច្ចុប្បន្ន​ជនសង្ស័យឈ្មោះ ដាវុទ្ធី ហៅ ទួក រងរបួសបាក់ភ្លៅឆ្វេង​ ដោយសារលោតពីលើផ្ទះគេចខ្លួនពេលសមត្ថកិច្ចឡោមព័ទ្ធចាប់ កំពុងព្យាបាលរបួសនៅមន្ទីរលោកសង្ឃ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print