ភ្នំពេញ ៖ មន្រ្តីប៉ូលីសចរាចរណ៍ម្នាក់ស្រវឹងស្រាជោគជាំបានបើករថយន្ត C R Vក្នុងល្បឿនលឿនមិនបានប្រុងប្រយ័ត្នជ្រុលទៅ បុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យបាក់អស់១កង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង៣០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ខាងកើតស្ពានអាកាស៧មករា ប្រមាណ១០០មែត្រ តាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្ត C R V ពណ៍ទឹកប៉ិច ពាក់ស្លាកលេខ ភ្នំពេញ 2F-1543 បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាជាមន្រ្តីប៉ូលីសចរាចរណ៍ ពាក់ស័ក្ត៤កន្លះ បើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុង ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ហើយដោយទំនងជាស្រវឹងស្រាជោគជាំផងនោះ ពេលមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យបាក់អស់១កង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបែកកង់មុខខាងឆ្វេងទៅមុខលែងរួច សំណាងល្អមិនបណ្តាលឱ្យនណារម្នាក់រងរបួសនោះទេ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានសហការជាមួយនិងនគបាលជំនាញ ធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ។ ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបាននាំគ្នារិះគន់ទៅលើសមត្ថកិច្ចចរាចរណ៍នេះយ៉ាងខ្លាំង ដោយខ្លាំងថា ជាអ្នកដឹងច្បាប់ហើយ តែបែរជាផឹកស៊ីុស្រវឹងបើករថយន្តបង្កឱ្យមាន គ្រោះថ្នាក់ចរាចរណ៍ដូច្នេះទៅវិញ ថាតើចាំមើលចំណាត់ការមន្រ្តីស័ក្ត4កន្លះនេះដោយរបៀបណាបើខ្លួនជាអ្នកអនុវត្តច្បាប់បែជាប្រព្រឹត្តខុសច្បាប់ដូចច្នេះថែមទៀត ៕ដោយៈ ព្រែកជ័យ